សពរណូករណែលពេញផ្លូវ! ចំនួនអ្នកស្លាប់ដោយរលកយក្សស៊ូណាមិនៅឥណ្ឌូនេស៊ីកើនដល់ជាង៨០០នាក់ហើយ
ឥណ្ឌូនេស៊ី៖ គិតមកទល់នឹងពេលនេះចំនូួនអ្នកស្លាប់ដោយការវាយប្រហារពីរលកយក្សស៊ូណាមិនៅលើកោះ Sulawesi ប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់ចំនួន ៨៣២ នាក់ហើយ ខណៈដែលគេរំពឹងថា ចំនួនអ្នកស្លាប់នេះនឹងបន្តកើនឡើងទៀត ព្រោះចំនួនអ្នកបាត់ខ្លួននៅមានច្រើននៅឡើយ ហើយក្រុមការងារជួយសង្គ្រោះកំពុងតែដុតដៃដុតជើងស្វែងរកអ្នកបាត់ខ្លួនទាំងនោះ។
សូមរម្លឹកឡើងវិញថា កាលពី២ថ្ងៃមុន កោះ Sulawesi របស់ម៉ាឡេស៊ី បានរងនូវការវាយប្រហារពីរលកយក្សស៊ូណាមិដ៏សាហាវ ហើយរលកយក្សមួយនេះបានកើតឡើងក្រោយមានគ្រោះរញ្ជួយដីកម្រិត ៧,៥ រ៊ិចទ័រ។ មួយរយៈចុងក្រោយនេះឥណ្ឌូនេស៊ីហាក់រងនូវគ្រោះធម្មជាតិច្រើនឥតឈប់ឈរ និងបង្កឲ្យការខូចខាតជាច្រើនផងដែរ។ បើតាមរបាយការណ៍របស់ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូនេស៊ីបានបង្ហាញថា មានប្រជាជនឥណ្ឌូនេស៊ីប្រមាណជា ២,៤ លាននាក់បានរងនូវការប៉ះពាល់ដោយគ្រោះធម្មជាតិ ក្នុងនោះក៏មានភ្ញៀវទេសចរណ៍បរទេសចំនួន ៧១ នាក់ផងដែរ ដែលបានរងនូវការប៉ះពាល់ដូចគ្នានេះ។ ពេលនេះរដ្ឋាភិបាលឥណ្ឌូនេស៊ីកំពុងត្រូវការជំនួយយ៉ាងធំមួយដើម្បីជួយជនរងគ្រោះ ខណៈមានប្រជាជនប្រមាណជា ១៧ ០០០ នាក់កំពុងគ្មានកន្លែងស្នាក់នៅ និងជាច្រើនរយនាក់ទៀតកំពុងរងរបួសធ្ងន់៕


អត្ថបទ៖ ភក្តី
ប្រភព៖ CNN





