កូវីដ-១៩

ក្រុមហ៊ុនស្រាបៀរកម្ពុជា ខេមប្រ៊ូវ ឧបត្ថម្ភភេសជ្ជៈចំនួន ២ ម៉ឺនកេស ដើម្បីចូលរួមយុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩

BY
Liny Chan
October 8, 2021

ក្រុងព្រះសីហនុ៖ នាពេលថ្មីៗនេះ កុ្រមហ៊ុនស្រាបៀរកម្ពុជា ខេមប្រ៊ូវ បានប្រកាសឧបត្ដម្ថភេសជ្ជៈរបស់ខ្លួនចំនួន ២០ ០០០ កេស បន្ថែមទៀត រួមមាន ទឹកពិសាអង្គរពូរ៉ូចំនួន ១០ ០០០ កេស និងភេសជ្ជៈចំនួន ១០ ០០០ កេស ជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីចូលរួមក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩ នៅខេត្ដព្រះសីហនុ។

លោក Bruce Kidner អគ្គនាយកគ្រប់គ្រងស្ដីទីរបស់ ខេមប្រ៊ូវ បានមានប្រសាសន៍ថា «ក្នុងគ្រាដ៏លំបាកនេះ ទាមទារឲ្យមានការចូលរួមទទួលខុសត្រូវពីប្រជាជនគ្រប់រូប និងដើរតួនាទីក្នុងការទប់ស្កាត់វីរុសនេះ។ ខេមប៊្រូវ បន្តប្តេជ្ញាចូលរួមជាមួយសហគមន៍តាមដែលអាចធ្វើទៅបាន។ អាទិភាពដ៏ចម្បងរបស់យើងក្នុងកាលៈទេសៈមិនពិតប្រាកដនេះ គឺសុខសុវត្ថិភាព សុខុមាលភាពរបស់បុគ្គលិក និងសហគមន៍ដែលយើងមានប្រតិបត្តិការ។ យើងសង្ឃឹមថា ការចូលរួមរបស់ខេមប្រ៊ូវនឹងជួយគាំទ្រដល់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរពាក់ពន្ធ័ទាំងអស់ ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ជាពិសេសសឆ្លើយតបនឹងតម្រូវការចាំបាច់នៅមណ្ឌលព្យាបាលកូវីដ-១៩ កងកម្លាំង ក្រុមគ្រូពេទ្យ និងក្រុមការងារដែលកំពុងបំពេញបេសកកម្មនៅតាមគោលដៅ និងមណ្ឌលចត្តាឡីស័កនៅខេត្តព្រះសីហនុ»។

លោកក៏ឆ្លៀតឱកាសនេះ ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល អភិបាលខេត្ត គណៈអភិបាលខេត្ដព្រះសីហនុ រួមទាំងបុគ្គលិកសុខាភិបាលគ្រប់ជាន់ថ្នាក់ ក្រុមការងារជួរមុខ និងអាជ្ញាធរពាក់ព័ន្ធ ចំពោះការខិតខំប្រឹងប្រែង យ៉ាងយកចិត្ដទុកដាក់ ក្នុងការបង្ការ និងការពារឲ្យកម្ពុជាមានសុវត្ថិភាព។

គិតត្រឹមថ្ងៃនេះ ក្រុមហ៊ុន ខេមប្រ៊ូវ បានឧបត្ថម្ភភេសជ្ជៈរបស់ខ្លួនប្រមាណជិត ៤ ម៉ឺន កេស ចាប់តាំងពីកម្ពុជាបានប្រឈមនឹងការរាតត្បាតដោយកូវីដ-១៩ ក៏ដូចជាដំណើរការនៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នៅប្រទេសកម្ពុជា។

សូមជម្រាបថា ខេមប្រ៊ូវក៏បានថ្លែងពីការប្តេជ្ញារបស់ខ្លួនថា ស្របតាមចក្ខុវិស័យរបស់ក្រុមហ៊ុន «ខេមប្រ៊ូវអភិវឌ្ឍឲ្យកាន់តែប្រសើរទាំងថ្ងៃនេះ &ថ្ងៃស្អែក» ខេមប្រ៊ូវនឹងនៅតែបន្ដចូលរួមជាមួយរដ្ឋាភិបាល ជាមួយសហគមន៍ និង ជាមួយប្រជាជនកម្ពុជា ពីវិស័យឯកជន នៅគ្រប់កាលៈទេសៈទាំងអស់ ជាពិសេសនៅក្នុងគ្រាដ៏លំបាក និងស្ថានភាពមិនប្រាកដប្រជានេះ ។

Share This Post: