រូងភ្នំ Tham Luang ដែលក្មេងៗ និងគ្រូបង្វឹកជាប់ខ្លួនអស់ជាច្រើនថ្ងៃ នឹងបើកឲ្យភ្ញៀវទេសចរណ៍ចូលកំសាន្តនៅចុងឆ្នាំនេះ
ថៃ៖ រូងភ្នំ Tham Luang ដែលជាទីកន្លែងក្មេងៗថៃទាំង ១២ នាក់ និងគ្រូបង្វឹកបាល់ទាត់ម្នាក់បានជាប់នៅក្នុងនោះ នឹងត្រូវបានអជ្ញាធរថៃបើកជាសាធារណៈនៅថ្ងៃទី០១ ខែឆ្នូ ខាងមុខនេះហើយ។ យ៉ាងណាក្តី បើយោងតាមលោក Chongklai Worapongsathorn ដែលជានាយករងនៃនាយកដ្ឋានឧទ្យានជាតិ អភិរក្សសត្វព្រៃ និងរុក្ខជាតិ របស់ថៃបានឲ្យដឹងថា គេនឹងបើកឲ្យភ្ញៀវទេសចរណ៍អាចចូលទស្សនាត្រឹមតែតំបន់ជុំវិញរូងភ្នំប៉ុណ្ណោះ ដែលក្នុងនោះមានស្រះទឹកផងដែរ។ ចំពោះតំបន់ខាងក្នុងរូបភ្នំវិញ នៅមិនទាន់មានការអនុញ្ញាតឲ្យចូលមើលជាសារធារណៈនៅឡើយទេ ព្រោះអំឡុងពេលនេះក្នុងរូងភ្នំនៅមានទឹកលិចនៅឡើយ ដែលវាមិនទាន់ផ្តល់សុវត្ថិភាព ១០០ % ដល់អ្នកទស្សនានោះទេ។
ក្នុងករណី ដែលគេអាចធានាបានសុវត្ថិភាពគ្រប់គ្រាន់នោះផ្នែកខាងក្នុងនៃរូងភ្នំនឹងត្រូវបានគេបើកឲ្យភ្ញៀវទេសចរណ៍ចូលមើលជាធម្មតាផងដែរ។ សូមបញ្ជាក់ថា គិតត្រឹមពេលនេះតំបន់ឧទ្យានជាតិ Tham Luang របស់ថៃមានភ្ញៀវទេសចរណ៍ជាតិ និងអន្តជាតិមកកំសាន្តចន្លោះពី ៥០០ ទៅ ១០០០ នាក់ ក្នុងថ្ងៃធម្មតា និង ប្រមាណជា ៣០០០ នាក់ក្នុងថ្ងៃចុងសប្តាហ៍ ហើយគេសង្ឃឹមថាចំនួនភ្ញៀវទេចរណ៍នឹងកើតឡើងទ្វេដងក្រោយរូងភ្នំ Tham Luang ត្រូវបានបើកជាផ្លូវការ៕

អត្ថបទ៖ ភក្តី
ប្រភព៖ thaipbsworld