កូវីដ-១៩

ប្រទេសវៀតណាមរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៣,៦១៧ ករណី និងមរណភាពចំនួន ១១៥ នាក់បន្ថែមទៀត

BY
autoadmin
October 12, 2021

ប្រទេសវៀតណាមបានបញ្ជាក់ពីករណីថ្មីនៃជំងឺ COVID-19 ក្នុងសហគមន៍ចំនួន ៣,៦១៧ ករណី កាលពីយប់ថ្ងៃច័ន្ទ ទី១១ ខែតុលា ឆ្នាំ២០២១ ដែលជំរុញឱ្យចំនួនឆ្លងសរុបនៅក្នុងរលកឆ្លងចុងក្រោយនេះកើនដល់ ៨៣៨,៦៥៤ ករណី។ តំបន់ទាំង ៣ ដែលមានករណីថ្មីច្រើនជាងគេគឺ ទីក្រុងហូជីមិញ ១,៥២៧ ករណី, ខេត្តដុងណៃ ៤៩៩ ករណី និងខេត្តប៊ិញឌួង ៤៤៦ ករណី។ ក្នុងចំណោមករណីថ្មីទាំងអស់ មានករណីចំនួន ១,៧២៦ ករណី ត្រូវបានរកឃើញនៅក្នុងសហគមន៍ ខណៈផ្សេងទៀតគឺមកពីកន្លងចត្តាឡីស័ក និងតំបន់បិទខ្ទប់។

ក្រសួងសុខាភិបាលក៏បានបញ្ជាក់ពីការជាសះស្បើយចំនួន ២,៥៤៩ នាក់ នៅក្នុងថ្ងៃតែមួយនោះដែរ ដែលធ្វើឱ្យករណីជាសះស្បើយសរុបមានចំនួន ៧៨៤,៧៤៨ ករណី។ ចំនួនអ្នកស្លាប់ដោយសារ COVID-19 បានកើនដល់ ២០,៦៧៩ នាក់ បន្ទាប់ពីមានមនុស្សចំនួន ១១៥ នាក់ បានស្លាប់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ ក្នុងរយៈពេល ៧ថ្ងៃ ចុងក្រោយនេះ ប្រទេសវៀតណាមមានអ្នកជំងឺក្នុងមួយថ្ងៃ ចំនួន ៤,១៨៣ ជាមធ្យម ខណៈដែលអត្រាមរណមាន ១១៧ នាក់ ក្នុងមួយថ្ងៃ៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress

Share This Post: