ចំនួនអ្នកស្លាប់ ដោយសាររលកយក្សស៊ូណាមិនៅឥណ្ឌូនេស៊ីកើនដល់ជាង ១២០០ នាក់ហើយ ខណៈប៉ូលិសកំពុងសម្របសម្រួលកុំឲ្យមានបញ្ហាឆក់ប្លន់ក្នុងស្ថានភាពវឹកវរនេះ (មានវីដេអូ)
ឥណ្ឌូនេស៊ី គិតមកទល់នឹងពេលនេះចំនួនជនរងគ្រោះ ដែលបានស្លាប់នៅក្នុងការវាយប្រហារដោយរលកយក្សស៊ូណាមិនៅលើកោះ Sulawesi នៃប្រទេសឥណ្ឌូនេស៊ីបានកើតឡើងដល់ជាង ១,២០០ នាក់ហើយ ខណៈដែលពេលនេះក្រុមប៉ូលិស និងក្រុមអ្នកជួយសង្គ្រោះ កំពុងមានការងារសំខាន់ៗជាច្រើននៅចំពោះមុខ។ ការងារមួយដែលក្រុមប៉ូលិសឥណ្ឌូនេស៊ីត្រូវតែធ្វើជាចាំបាច់នៅពេលនេះគឺ សម្របសម្រួលស្ថានភាពសង្គមកុំឲ្យកើតមានលួច ឆក់ ប្លន់ផ្សេងៗ ក្នុងពេលមានភាពវឹកវរនេះ។
សូមបញ្ជាក់ថា ក្រោយការវាយប្រហារដោយរលកយក្សស៊ូណាមិ ប្រជាពលរដ្ឋត្រូវបាត់បង់ផ្ទះសម្បែង ចំណីអាហារ ហាងទំនិញត្រូវបានទាំងអស់ត្រូវបានបិទទ្វារ ហើយសូម្បីតែទឹកស្អាតសម្រាប់ញ៉ាំក៏គ្មានគ្រប់គ្រាន់ដែរ។ ក្នុងស្ថានភាពបែបនេះហើយទើបគេបារម្ភថា ការលួច ឆក់ ប្លន់ ពីសំណាក់ជនរងគ្រោះដែលស្រែកឃ្លានអាហារបំផុតអាចកើតមានឡើង។ បើតាមសារព័ត៌មាន CHANNELNEWSASIA បានឲ្យដឹងថា មានជនរងគ្រោះប្រមាណជា ២០០ ០០០ កំពុងតែត្រូវការទឹកស្អាតសម្រាប់ញ៉ាំ អាហារ និងថ្នាំពេទ្យសម្រាប់ព្យាបាលរបួសជាចាំបាច់ ខណៈដែលជំនួយផ្សេងៗហាក់មិនទាន់គ្រប់គ្រាន់ និងទាន់ពេលវេលានោះទេ៕
អត្ថបទ៖ ភក្តី
ប្រភព៖ channelnewsasia