កម្ពុជាចាក់វ៉ាក់សាំងការពារកូវីដ-១៩ បាន១០លាន៨៨នាក់ហើយ ដែលស្មើនឹងជាង១០០% នៃប្រជាពលរដ្ឋ១០លាននាក់ដែលត្រូវចាក់វ៉ាក់សាំង
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយពីគណនីហ្វេស ប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា នៅថ្ងៃនេះកម្ពុជាយើងបានចាក់វ៉ាក់សាំងការពារកូវីដ-១៩បាន ១០លាន ៨៨នាក់រួចហើយ គឺស្មើនឹងជាង១០០% នៃប្រជាពលរដ្ឋ ១០លាននាក់ ដែលត្រូវចាក់វ៉ាក់សាំង។ នេះជាជោគជ័យធំធេងណាស់នៅក្នុងក្របខ័ណ្ឌនៃខឿនការពារសុខភាពរបស់ប្រជាជនយើង។ ទោះបីយើងចាក់វ៉ាក់សាំងបានជាង ១០លាននាក់ស្មើនឹងជាង១០០% នៃចំនួនគ្រោងដំបូងក៏ដោយក៏យើងនៅមានប្រជាជនរាប់ម៉ឺននាក់ទៀត ដែលមិនទាន់បានចាក់វ៉ាក់សាំងដែលយើងត្រូវបន្តចាក់វ៉ាក់សាំងជូនឱ្យបានគ្រប់ៗគ្នា។

ក្រៅពីប្រជាជនដែលមានអាយុ១៨ឡើងចំនួនជាង ១០លាននាក់បានចាក់វ៉ាក់សាំងយើងក៏បានចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យអាយុ១២ទៅ១៨ឆ្នាំបានចំនួន ១.៧៨៨.៨០២នាក់ ដែលស្មើនឹង៩៧.៨៩% និងកុមារអាយុពី ៦ដល់១២បានចំនួន១.៩២០.៥៩៩នាក់ស្មើនឹង១០១.២២%។ គិតសរុបយើងបានចាក់វ៉ាក់សាំងជូនជនរួមជាតិយើងចំនួន១៣.៧០៩.៤៨៧នាក់ស្មើនឹង៨៥.៦៨% នៃប្រជាជនសរុប១៦លាននាក់។ កិច្ចការបន្តរបស់យើងគឺត្រូវបញ្ចប់ការចាក់ដូសទី២ សម្រាប់អ្នកដែលបានចាក់ដូសទី១និងបន្តចាក់ជូនប្រជាជនដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី១។ វាកាន់តែសំខាន់ជាងនេះទៀតគឺយើងត្រូវតែបន្តការខិតខំចាក់វ៉ាក់សាំងដូសទី៣ ជូនប្រជាជនយើងឱ្យខាងតែបានដែលមកដល់ពេលនេះយើងមានវ៉ាក់សាំងក្នុងដៃប្រមាណជិត ១០លានដូស និងមានមនុស្សបានចាក់វ៉ាក់សាំងដូសទី៣ ប្រមាណជិត ២លាននាក់រួចមកហើយ។ វ៉ាក់សាំងនឹងមកដល់ជាបន្តបន្ទាប់ទៀត។
ថ្ងៃស្អែក០១ ខែវិច្ឆិកា ឆ្នាំ២០២១ យើងនឹងចាប់ផ្តើមចាក់ជូនកុមារអាយុ៥ឆ្នាំ ដែលមានជាង៣០មុឺននាក់បន្តទៀត។ ជាមួយនិងការកោតសសើរនិងថ្លែងអំណរគុណចំពោះគ្រប់តួអង្គពាក់ព័ន្ធដែលបានចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ខ្ញុំសូមអំពាវនាវបងប្អូនជនរួមជាតិបន្តអនុវត្តវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាលពិសេសវិធានការ ៣ការពារ និង៣កុំព្រោះថាវ៉ាក់សាំងតែមួយមុខបើទោះបីចាក់បានប៉ុន្មានដូសរហូតមុជវ៉ាក់សាំងក៏មិនអាចការពារបានដែរ ប្រសិនជាបងប្អូនធ្វេសប្រហែសបោះបង់ចោលវិធីការពារខ្លួនតាមរយៈវិធានការ៣ការពារនិង៣កុំ។
លេខរៀងទី១០លានគឺបានទៅលើអ៊ំស្រីឈ្មោះសុខ ផាត់អាយុ៨៩ឆ្នាំរស់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដែលខ្ញុំសូមអបអរសាទរ។ លោកជំទាវ ឱ វណ្ណឌីន នឹងនាំយកជំនួយថវិកា១០លានរៀលព្រមទាំងសម្ភារផ្សេងៗទៀតទៅប្រគល់ជូនដោយផ្ទាល់។ ខ្ញុំសូមជូនពរជូនបងប្អូនជនរួមជាតិសូមជួបតែសេចក្តីសុខសេចក្តីចម្រើននិងចៀសផុតពីជំងឺកូវីដ-១៩៕




