សម្តេចតេជោ ហ៊ុន សែន ប្រកាសបើកប្រទេសឡើងវិញគ្រប់វិស័យ ចាប់ពីថ្ងៃនេះទៅតែម្តង
នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបើកដំណើរការប្រទេសពេញលេញឡើងវិញ លើគ្រប់វិស័យ និងការរស់នៅជាមួយកូវីដ១៩ តាមបែបគន្លងថ្មី ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅដោយការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់ក្មេងអាយុ៥ឆ្នាំ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នាវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “ចាប់ពីពេលនេះ ការបើកដំណើរការប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយកូវីដ១៩ តាមគន្លងថ្មី គឺចាប់ពីថ្ងៃនេះតែម្តង។ អីចឹងយើងនឹងសាកល្បងមើល ប៉ុន្តែការសាកល្បងយើងបានសាកល្បងហើយ បើមនុស្សចូលហាងពេញអស់ហើយ ស្ទះផ្លូវឡើងវិញអស់ហើយ”។ គួរបញ្ជាក់ផងដែរថា គិតមកត្រឹមពេលនេះកម្ពុជាយើងបានចាក់វ៉ាក់សាំងការពារកូវីដ-១៩បាន ១០លាន ៨៨នាក់រួចហើយ គឺស្មើនឹងជាង១០០% នៃប្រជាពលរដ្ឋ ១០លាននាក់ ដែលត្រូវចាក់វ៉ាក់សាំង៕
