រដ្ឋបាលខណ្ឌទួលគោក ទុករយៈពេល៧ថ្ងៃដល់ម្ចាស់អាជីវកម្មគ្រប់ប្រភេទ បញ្ឈប់ការលក់ដូរទំនិញលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈ នៅលើកំណាត់ផ្លូវលេខ២៤៥
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌទួលគោក នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញសេចក្តីណែនាំដល់ម្ចាស់អាជីវកម្មគ្រប់ប្រភេទដែលបាននិងកំពុងលក់ដូរទំនិញនៅលើកំណាត់ផ្លូវលេខ២៤៥ (ចាប់ពីផ្លូវលេខ២៣០ ដល់ផ្លូវលេខ៣៣៦) ស្ថិតក្នុងសង្កាត់ផ្សារដើមគរ និង សង្កាត់បឹងសាឡាង ដើម្បីចូលរួមរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ទប់ស្កាត់ការរំលោភយកចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈសម្រាប់អាជីវកម្មរបស់ខ្លួន និងបង្កអោយមានការកកស្ទះចរាចរណ៍នៅលើដងផ្លូវ ប៉ះពាល់ដល់ផលប្រយោជន៍និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។

រដ្ឋបាលខណ្ឌទណ្ឌទួលគោក សង្កេតឃើញថាមានបងប្អូនម្ចាស់អាជីវកម្មលក់ដូរគ្រប់ប្រភេទបានធ្វើឲ្យមានការកកស្ទះចរាចរណ៍ និងការចោលសំរាមគ្មានសណ្ដាប់ធ្នាប់បណ្ដាលឲ្យមានការកកស្ទះប្រព័ន្ធលូនៅពេលមានមេឃភ្លៀងធ្លាក់ម្ដងៗ និងធ្វើឲ្យបាត់បង់សោភ័ណភាព របៀបរៀបរយ និងសណ្ដាប់ធ្នាប់សាធារណៈ ។
ក្នុងន័យនេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការរៀបចំផ្លូវខាងលើអោយបានល្អប្រសើរ រដ្ឋបាលខណ្ឌទួលគោក សូមដាក់ចេញនូវវិធានការដូចខាងក្រោម៖
១.បញ្ឈប់ការប្រកបអាជីវកម្មលក់ដូរទំនិញគ្រប់ប្រភេទលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈជាដាច់ខាត។
២.មិនអនុញ្ញាតឱ្យមានការចត ឫឈប់យានយន្ដដឹកជញ្ជូនទំនិញ ដើម្បីផ្ទេរទំនិញគ្រប់ប្រភេទ តាមគ្រប់មធ្យោបាយនៅលើចិញ្ចើម និងទ្រូងផ្លូវសាធារណៈ នៅលើកំណាត់ផ្លូវលេខ២៤៥ (ចាប់ពីផ្លូវលេខ១៨២ ដល់ផ្លូវលេខ៣៣៦)។
៣.ចំពោះបងប្អូនដែលប្រកបអាជីវកម្មគ្រប់ប្រភេទនៅក្នុងដីកម្មសិទ្ធិផ្ទាល់ខ្លួន ដែលមិនទាន់មានលិខិតអនុញ្ញាតបើកអាជីវកម្ម សូមបងប្អូនស្នើសុំលិខិតអនុញ្ញាតប្រកបអាជីវកម្មនៅការិយាល័យច្រកចេញ-ចូលតែមួយខណ្ឌទួលគោក។
រដ្ឋបាលខណ្ឌទួលគោក ទុករយៈពេល០៧ថ្ងៃ ចាប់ពីថ្ងៃជូនសេចក្ដីណែនាំនេះតទៅ ក្នុងករណីមិនអនុវត្តតាមការណែនាំ រដ្ឋបាលខណ្ឌទួលគោក នឹងចាត់វិធានការរដ្ឋបាល វិធានការច្បាប់ និងមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់ទ្រព្យសម្បត្តិណាមួយឡើយ រដ្ឋបាលខណ្ឌ ក៏សង្ឃឹមជឿងជាក់យ៉ាងម៉ុតមាំថា បងប្អូនម្ចាស់លំនៅដ្ឋាន និងម្ចាស់អាជីវកម្មទាំងអស់នឹងចូលរួមអនុវត្តតាមសេចក្ដីជូនដំណឹងខាងលើនេះ ឲ្យមានប្រសិទ្ធភាពប្រកបដោយការទទួលខុសត្រូវខ្ពស់ចាប់ពីពេលនេះតទៅ ៕






ប្រភព៖ ជា ពិសី – Chea Pisey