ក្រសួងការងារ អនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាករយៈពេល ៣ថ្ងៃ ក្នុងព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ
រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ដីពីថ្ងៃឈប់ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខាងមុខនេះ ក្នុងរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយត្រូវអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួនឈប់សម្រាកដោយមានប្រាក់ឈ្នួល។

ទន្ទឹមនឹងនេះ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស អាចពិភាក្សាជាមួយតំណាងកម្មករនិយោជិត ក្នុងការរៀបចំ ឬផ្លាស់ប្តូរការឈប់សម្រាកនេះ នៅពេលណាមួយផ្សេងទៀត ក្នុងករណីមានការព្រមព្រៀងពីកម្មករនិយោជិត។
ចំពោះរោងចក្រ សហគ្រាស ទាំងឡាយណា ដែលកម្មវត្ថុអាជីវកម្មមានចរិតលក្ខណៈសកលត្រូវប្រព្រឹត្តទៅជាប្រចាំ និងមិនអាចបញ្ឈប់សកម្មភាពបាន ហើយការឈប់សម្រាកបុណ្យ នៃកម្មករនិយោជិតទាំងអស់ព្រមគ្នា ក្នុងពេលតែមួយនាំឱ្យខូចប្រយោជន៍ដល់សាធារណជន ឬក៏ធ្វើឱ្យខូចដំណើរការរបស់រោងចក្រ សហគ្រាសនោះម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវរៀបចំបែងចែកឱ្យកម្មករនិយោជិត បានឈប់សម្រាកទៅតាមថ្ងៃបុណ្យនីមួយៗ ដោយផ្លាស់ប្តូរគ្នា ហើយរក្សាទុកបញ្ជីបែងចែកនោះជាប្រចាំ សម្រាប់ការត្រួតពិនិត្យរបស់អធិការការងារ។ កម្មករនិយោជិត ដែលធ្វើការថ្ងៃឈប់បុណ្យនេះ មានសិទ្ធទទួលនូវប្រាក់បំណាច់បន្ថែមដែលមានចំនួនស្មើនឹងប្រាក់ឈ្មួលថ្ងៃធ្វើការធម្មតា ៕
