កូវីដ-១៩

អ្នកធ្វើដំណើរ ២នាក់ ម​កពីអាហ្វ្រិកខាងត្បូង បានតេស្ដវិជ្ជមានជាមួយវ៉ារ្យ៉ង់​ Omicron នៅពេលទៅដល់ទីក្រុងស៊ីដនី

BY
autoadmin
November 30, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន​ Channel News Asia បានរាយការណ៍ថា អ្នកធ្វើដំណើរ ២នាក់ ម​កពីអាហ្វ្រិកខាងត្បូង ដែលបានឆ្លងកាត់ប្រទេសសិង្ហបុរីបានធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺ COVID-19 វ៉ារ្យ៉ង់ Omicron នៅទីក្រុងស៊ីដនី។ អ្នកដំណើរបានមកដល់ទីក្រុងស៊ីដនី តាមជើងហោះហើរ Singapore Airlines SQ211 ដែលបានចាកចេញពីសិង្ហបុរីនៅម៉ោង ១០ ​និង ៣០ នាទីព្រឹកថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ហើយបានចុះចតនៅទីក្រុងស៊ីដនី នៅម៉ោង​ ៩ និង ២០ នាទី យប់ថ្ងៃដដែល។

នៅក្នុងការអាប់ដេតប្រចាំថ្ងៃទាក់ទងនឹងជំងឺ COVID-19 ក្រសួងសុខាភិបាលសិង្ហបុរី (MOH) បាននិយាយកាលពីយប់ថ្ងៃច័ន្ទថា អ្នកដំណើរបានចាកចេញពីទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង​ នៅថ្ងៃទី២៧ ខែវិច្ឆិកា តាមរយៈជើងហោះហើរ SQ481 ហើយបានមកដល់អាកាសយានដ្ឋាន Changi នៅថ្ងៃតែមួយ សម្រាប់ជើងហោះហើរឆ្លងកាត់របស់ពួកគេ។

វិធានការកំណត់ថ្មីរបស់សិង្ហបុរីគឺថា​ ចាប់ពីម៉ោង ១១ និង ៥៩ ទាទីយប់ថ្ងៃទី២៧ ខែវិច្ឆិកា អ្នកកាន់លិខិតឆ្លងដែនរយៈពេលវែង និងអ្នកទស្សនារយៈពេលខ្លីទាំងអស់​ដែលមានប្រវត្តិធ្វើដំណើរក្នុងរយៈពេល ១៤ ថ្ងៃចុងក្រោយ​ ទៅកាន់ប្រទេស បូតស្វាណា, អេសវ៉ាទីនី, ឡេសូតូ, ម៉ូសំប៊ិក, ណាមីប៊ី, អាហ្វ្រិកខាងត្បូង​ និង ហ្ស៊ីមបាវ៉េ​ មិនត្រូវបានអនុញ្ញាតឱ្យចូល ឬឆ្លងកាត់នៅក្នុងសិង្ហបុរីឡើយ៕

អត្ថបទ៖​​ លីដា
ប្រភព៖​ Channel News Asia

Share This Post: