ល្អមែនទែន! អភិបាលខេត្តកំពត ណែនាំដល់អ្នកគ្រប់គ្រងផ្សារ និងអាជ្ញាធរស្រុក មិនឱ្យយកថ្លៃភាស៊ី លើពលរដ្ឋលក់តាមកញ្ច្រែង ល្អី តូចៗនោះទេ
យោងតាមការចុះផ្សាយរបស់ផេក បេះដូងកំពត បានឱ្យដឹងថា នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញធ្វើដំណើរចុះសំណេះសំណាល និងសាកសួរសុខទុក្ខ បងប្អូនកូនក្មួយ ដែលបានមកពិនិត្យផ្ទៃពោះ និងបានសម្រាលកូន នៅមណ្ឌលសុខភាព ត្រពាំងរាំង និងបានបន្តជួបសំណេះសំណាល ជាមួយអាជីវករក្នុងផ្សារជុំគីរី ស្ថិតក្នុងភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់អ្នកគ្រប់គ្រងផ្សារ និងអាជ្ញាធរស្រុក មិនត្រូវយកថ្លៃភាស៊ី តម្លៃលើសយប់ទៅបន្ទុកឬ ចំពោះប្រជាពលរដ្ឋដែលមានវ័យចំណាស់ និងបងប្អូនប្រជាពលរដ្ឋដែលដាក់លក់តាមកញ្ច្រែង ល្អី តូចៗនោះទេ ហើយត្រូវធ្វើយ៉ាងណាសម្រួលទីតាំងឱ្យពួកគាត់លក់ដូរបានល្អប្រសើរផងដែរ។
ម្យ៉ាងវិញទៀត អ្នកគ្រប់គ្រងផ្សារ និងអាជ្ញាធរ ត្រូវធ្វើយ៉ាងណារក្សាការពារសន្តិសុខសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករលក់ដូរឱ្យបានល្អ ដើម្បីជៀសវាងការបាត់បង់នូវទ្រព្យសម្បត្តិ ឬធ្វើឱ្យមានគ្រោះថ្នាក់ផ្សេងៗ បង្ករឱ្យមានភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ និងអាជីវករ។ ពិសេសត្រូវរៀបចំប្រព័ន្ធខ្សែភ្លើងដែលមានភាពរញ៉េរញ៉ៃកាត់ពីខាងលើដំបូលផ្សារឱ្យមានសណ្តាប់ធ្នាប់ និងសុវត្ថិភាពឱ្យបានល្អឆាប់បំផុត ជៀសវាងនាំឲ្យកើតឡើងនូវអគីភ័យសេងៗនៅក្នុងផ្សារ។ ហើយឯកឧត្ដម ក៏បានផ្ដល់ថវិកាខ្លះ ជូនលោកយាយ លោកតា និងអាជីវករក្នុងផ្សារជុំគីរីនោះផងដែរ៕




