ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្ដមរដ្ឋមន្ត្រីទេសចរណ៍សាទរចំពោះកំណើនភ្ញៀវចុងសប្តាហ៍ទី២ ខែធ្នូ ដោយភ្ញៀវទេសចរដើរលេងកំសាន្តទូទាំងប្រទេសសរុបជាង២២ម៉ឺននាក់

    BY Khmernote Media December 13, 2021
    ឯកឧត្ដមរដ្ឋមន្ត្រីទេសចរណ៍សាទរចំពោះកំណើនភ្ញៀវចុងសប្តាហ៍ទី២ ខែធ្នូ ដោយភ្ញៀវទេសចរដើរលេងកំសាន្តទូទាំងប្រទេសសរុបជាង២២ម៉ឺននាក់

    រាជធានីភ្នំពេញ៖ នៅចុងសប្ដាហ៍ទី២នៃខែធ្នូ ឆ្នាំ២០២១នេះ កំណើនភ្ញៀវទេសចរផ្ទៃក្នុងគឺមានកើនឡើងលើសសប្ដាហ៍មុនៗទៀត ដោយភ្ញៀវទេសចរសរុបមានចំនួន ២២២,៥២៧ នាក់ ក្នុងនោះភ្ញៀវជាតិ ២១៦,៧០៩ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៥,៨១៨ នាក់។
    គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

    * ខេត្តព្រះសីហនុ ៣៧,៤៦៧ នាក់
    * រាជធានីភ្នំពេញ ២៨,៨៤៤ នាក់
    * ខេត្តកំពត ២៧,០៤១ នាក់
    * ខេត្តកំពង់ស្ពឺ ២៦,៥២៥ នាក់
    * ខេត្តពោធិ៍សាត់ ២០,៨២៦ នាក់
    * ខេត្តសៀមរាប ១៩,១៦៣ នាក់
    * ខេត្តបាត់ដំបង ១៣,៨៥០ នាក់
    * ខេត្តកែប ៧,២៣៦ នាក់
    * ខេត្តមណ្ឌលគិរី ៦,៩១៤ នាក់។

    ជាការកត់សម្គាល់របស់ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន តួលេខខាងលើមានការកើនឡើងប្រមាណ ២២.៩៣% ធៀបនឹងចុងសប្តាហ៍កន្លងមក។ ខេត្តព្រះសីហនុបានក្លាយជាគោលដៅទេសចរណ៍លំដាប់កំពូល ដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេប្រចាំសប្តាហ៍ក្នុងរយៈពេល៣សប្តាហ៍ចុងក្រោយនេះ។

    មន្ទីរទេសចរណ៍ និងរដ្ឋបាលរាជធានី-ខេត្តបាននិងកំពុងខិតខំជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និង SOP ឲ្យបានគ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ ស្របពេលដែលក្រសួងទេសចរណ៍ក៏បានកំពុងតាមដានការគ្រប់គ្រងគោលដៅទេសចរណ៍ធំៗទាំងបី គឺខេត្តព្រះសីហនុ ខេត្តសៀមរាប និងរាជធានីភ្នំពេញ។

    ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានជំរុញដល់វិស័យឯកជន និងប្រតិបត្តិករទេសចរណ៍ត្រូវបន្តរៀបចំអាជីវកម្មខ្លួនឱ្យមានគុណភាពល្អ សម្រាប់ទទួលភ្ញៀវទេសចរនាឱកាសថ្ងៃឈប់សម្រាកឆ្លងឆ្នាំ២០២១ ឆ្លងចូល២០២២ខាងមុខនេះ៕

    ប្រភព៖ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia

    Share This Post: