ប្រទេសថៃរកឃើញករណីសង្ស័យទី០៤ ដែលទាក់ទងនឹងមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី «អូមីក្រុង»
- BY
- autoadmin
- December 13, 2021
ក្រសួងសុខាភិបាលថៃបានប្រកាសកាលពីថ្ងៃអាទិត្យថា បុរសជនជាតិថៃម្នាក់ ដែលទើបត្រឡប់មកពីប្រទេសកុងហ្គោ ត្រូវបានគេដាក់ការសង្ស័យថា គឺជាករណីទី០៤ នៃមេរោគ COVID-19 បំប្លែងថ្មីអូមីក្រុង ដែលត្រូវបានរកឃើញនៅក្នុងប្រទេសថៃ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand ។ ជម្រាបផងដែរថា ចាប់តាំងពីមានការផ្ទុះឡើងនៃករណីរបស់ អូមីក្រុង ប្រទេសថៃបានរកឃើញករណីចំនួន ៣ រួចមកហើយ ចេញពីអ្នកដំណើរមកពីបរទេស ដោយមាន ១ ករណី គឺជាជនជាតិអាមេរិក ទើបត្រឡប់មកពីប្រទេសអេស្ប៉ាញ និង ២ នាក់ទៀត គឺជាស្ត្រីជនជាតិថៃ ដែលទើបតែត្រឡប់មកពីប្រទេសនីហ្សេរីយ៉ា។

ជាក់ស្ដែងសម្រាប់ករណីដែលគេកំពុងសង្ស័យនេះ គឺជាបុរសជនជាតិថៃដែលត្រឡប់មកពីកុងហ្គោ ដែលបានធ្វើតេស្តវិជ្ជមានជំងឺ COVID-19 ហើយសំណាករបស់គាត់កំពុងត្រូវបានធ្វើតេស្ត ដើម្បីមើលថាជា អូមីក្រុង ដែរ ឬទេ។ ក្រសួងសុខាភិបាលសាធារណៈថៃបាននិយាយថា គិតត្រឹមថ្ងៃសុក្រ មានអ្នកជំងឺ COVID-19 បំប្លែងខ្លួនថ្មី អូមីក្រុង ប្រមាណជា ៣,០០០ នាក់ ហើយប្រទេសដែលមានចំនួនករណី អូមីក្រុង ច្រើនជាងគេ គឺអាហ្វ្រិកខាងត្បូង ចក្រភពអង់គ្លេស អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក។ ក្រសួងបានណែនាំប្រជាជនកុំឱ្យមានការភ័យស្លន់ស្លោចំពោះវ៉ារ្យ៉ង់ថ្មីនេះ ព្រោះគ្មាននរណាម្នាក់ដែលបានទាក់ទងជាមួយអ្នកជំងឺ COVID-19 ប្រភេទ អូមីក្រុង បានឆ្លងពីអ្នកជំងឺនៅឡើយទេ៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand
- Share This Post:






