PR

ប្រទេសវៀតណាម បានបង្កើតយុន្ធនាការដំបូងគេបង្អស់ ដើម្បីលុបបំបាត់ការ ទិញ-លក់ និងបរិភោគសាច់សត្វសុនខនិងសត្វឆ្មា

BY
Liny Chan
December 13, 2021

វៀតណាម៖ ជាប្រវត្តិសាស្ត្រក្នុងកិច្ចព្រមព្រៀងរបស់គណៈកម្មាធិការប្រជាជននៃទីក្រុង Hoi An នៃប្រទេសវៀតណាមបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីកាត់ផ្តាច់និងលុបបំបាត់ការបរិភោគសាច់សត្វឆ្កែ និងសាច់សត្វឆ្មាចេញពីទីក្រុង។ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ពួកគេបានធ្វើការរួមគ្នាជាមួយអង្គការ FOUR PAWS ដែលជាអង្គការសុខុមាលភាពសត្វពិភពលោកលើកិច្ចព្រមព្រៀងមួយនេះ។

នេះជាលើកទីមួយក្នុងប្រទេសវៀតណាមដែលទីក្រុងមួយនេះបានចាត់វិធានការយ៉ាងម៉ឹងម៉ាត់បែបនេះដើម្បីបញ្ចប់នូវការជួញដូរសាច់សត្វឆ្កែ និងសាច់សត្វឆ្មា។ កិច្ចព្រមព្រៀងនេះមានរយៈពេលពីរឆ្នាំហើយនឹងត្រូវបានចាប់ផ្តើមនៅចុងឆ្នាំ 2021នេះហើយ។

វិធានការយ៉ាងម៉ឹងម៉ាត់បែបនេះនឹងធ្វើអោយប្រសើរឡើងនូវសុខុមាលភាពសត្វតាមរយៈកម្មវិធីចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួត ការក្រៀវ និងជួយក្នុងការទប់ស្កាត់ជំងឺរាតត្បាតផ្សេងៗទៀត។

ទីក្រុង Hoi An គឺជាទីក្រុងមួយនៅចំកណ្តាលប្រទេសវៀតណាមដែលត្រូវបានភ្ញៀវទេសចរណ៍ស្គាល់យ៉ាងច្បាស់ដោយសារទីក្រុងនេះជាទីក្រុងបុរាណនៃប្រទេសវៀតណាមក៏ដូចជាតំបន់ដែលត្រូវបានគេចាត់ទុកជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូផងដែរ។

ឥឡូវនេះប្រទេសមួយនេះក៏នឹងអាចទទួលស្គាល់ដោយពិភពលោកដែលជាប្រទេស “ដែលត្រូវបានលុបបំបាត់ចេញនូវការជួញដូរសាច់សត្វឆ្កែ និងឆ្មា ហើយក៏ជាទីក្រុងសម្រាប់ភ្ញៀវទេសចរណ៍ជាច្រើនផងដែរ” តាមរយៈសកម្មភាពលុបបំបាត់ជំងឺឆ្កែឆ្កួត តាមរយៈការចាក់វ៉ាក់សាំង ការផ្តល់សេវាក្រៀវ សម្រាប់សត្វនៅក្នុងសហគមន៍របស់ពួកគេក៏ដូចជាការពង្រឹងច្បាប់ និងបទប្បញ្ញត្តិផ្សេងៗដើម្បីជួយបញ្ឈប់នៃការជួញដូរសាច់សត្វឆ្កែ និងឆ្មា និងសកម្មភាពពាក់ព័ន្ធផ្សេងៗទៀត។

ដូចដែលយើងដឹងហើយថាការជួញដូរសាច់សត្វឆ្កែ និងឆ្មា បានធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ ហើយបច្ចុប្បន្ននេះ ប្រទេសដែលពាក់ព័ន្ធនៅក្នុងតំបន់អាស៊ីទាំងមូលក៏កំពុងតែប្រកាន់ជំហរប្រឆាំងជាមួយនឹងការជួញដូរសាច់សត្វឆ្កែ និងឆ្មានេះផងដែរ ដើម្បីធានាថាសកម្មភាពបែបនេះជាជំហាននិងទិសដៅដ៏ត្រឹមត្រូវ និងមានប្រសិទ្ធភាព ដើម្បីលុបបំបាត់រូបភាព និងអំពើជួញដូរបែបនេះចេញពីពិភពលោក។

ទោះបីជាមានការជួញដូរសាច់សត្វឆ្កែ និងឆ្មាក្នុងប្រទេសវៀតណាមកើនឡើងក៏ដោយ ប៉ុន្តែបើតាមការស្រាវជ្រាវដែលធ្វើឡើងដោយ FOUR PAWS បានបង្ហាញថាមានត្រឹមតែ 6.3% នៃប្រជាជនវៀតណាមប៉ុណ្ណោះដែលទទួលទានសាច់សត្វឆ្កែ ឬឆ្មា ហើយ 88% នៃប្រជាជនវៀតណាមបានគាំទ្រការទៅលើការហាមឃាត់ការលក់ទាំងសាច់សត្វឆ្កែ និង សាច់ឆ្មាដោយរាជរដ្ឋាភិបាល។

ដូចដែលយើងបានឃើញទាក់ទងនឹងសុខុមាលភាពសត្វនិងជំងឺរាតត្បាតគឺចាំបាច់ត្រូវតែដោះស្រាយភ្លាមៗ។

ប្រហែល 75% នៃជំងឺថ្មីនេះជាប្រភេទជំងឺ Zoonotic ដែលអាចឆ្លងពីសត្វមកមនុស្សផងដែរ។ FOUR PAWS បានធ្វើការយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងាររបស់រដ្ឋាភិបាលនៅទូទាំងតំបន់ ដើម្បីស្រង់មតិយោបល់សម្រាប់ការហាមប្រាមនូវការបរិភោគសាច់សត្វឆ្កែ និងឆ្មា ដោយសារតែសកម្មភាពសាហាវឃោរឃៅចំពោះសត្វក៏ដូចជាពាក់ព័ន្ធនិងហានិភ័យសុខភាពសាធារណៈផងដែរ ដែលភាគច្រើនបណ្តាលមកពីជំងឺឆ្កែឆ្កួត និងការរីករាលដាលនៃជំងឺ Zoonotic។ ការវិវឌ្ឍន៍ថ្មីៗនេះត្រូវបានគេមើលឃើញថាជាចំណុចដ៏សំខាន់មួយសម្រាប់សុខុមាលភាពសត្វនៅក្នុងតំបន់នេះ។

គណៈកម្មាធិការប្រជាជនទីក្រុង Hoi An បានទទួលស្គាល់ថា ការលុបបំបាត់ជំងឺឆ្កែឆ្កួតនឹងមិនអាចទៅរួចទេបើគ្មានការហាមឃាត់ទៅលើការជួញដូរសាច់ឆ្កែ និងឆ្មាចេញឲ្យអស់។ សកម្មភាពផ្សេងទៀតដែលរួមបញ្ចូលនៅក្នុងអនុស្សរណៈយោគយល់គ្នាមួយនេះរួមមានយុទ្ធនាការផ្សព្វផ្សាយការយល់ដឹងជាសាធារណៈក្នុងតំបន់ និងសកម្មភាពលប់បំបាត់ការជួញដូរសាច់សត្វឆ្កែ និងឆ្មា។

FOUR PAWS មានសេចក្តីសោមនស្សរីករាយដែលទីបំផុតអនុស្សរណៈនៃការយោគយល់គ្នា (MoU) ត្រូវបានចុះហត្ថលេខានិងត្រូវបានចាប់ផ្តើមនាពេលឆាប់ៗខាងមុខនេះ។

FOUR PAWS បានចូលរួមជាមួយគណៈកម្មាធិការប្រជាជននៃទីក្រុង Hoi An អស់រយៈពេលជាងមួយឆ្នាំ បន្ទាប់ពីការបង្ហាញចំណាប់អារម្មណ៍ទៅលើការលុបបំបាត់ជំងឺឆ្កែឆ្កួត ការពង្រឹងលើសុខុមាលភាពសត្វ និងការលើកកម្ពស់មុខមាត់តំបន់របស់ខ្លួនឲ្យក្លាយជាគោលដៅទេសចរណ៍លំដាប់ពិភពលោក។

Julie Sanders ដែលជានាយកផ្នែកនិងជាដៃគូសហការរបស់ FOUR PAWS បានពន្យល់ថា “នេះគឺជាពេលវេលាដ៏សំខាន់ក្រៃលែងនៅក្នុងប្រទេសវៀតណាម និងដូចជាប្រទេសនៅក្នុងតំបន់។ ជារៀងរាល់ឆ្នាំនៅប្រទេសវៀតណាម សត្វសាច់ឆ្កែជាងប្រាំលានក្បាល និងឆ្មាមួយលានក្បាល ត្រូវបានជួញដូរ និងសម្លាប់យកសាច់របស់វា ដែលបង្កគ្រោះថ្នាក់ដល់សុខុមាលភាពសត្វ និងសុខភាពសាធារណៈជនផងដែរ។ ឥឡូវនេះទីក្រុង Hoi An គឺជាគំរូដ៏ប្រសើរមួយសម្រាប់ទីក្រុងផ្សេងៗទៀតនៅទូទាំងប្រទេសវៀតណាម។

លោក Nguyen The Hung ជាអនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Hoi An បានមានប្រសាសន៍ថា “សុខុមាលភាពសត្វមានសារៈសំខាន់ចំពោះភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ ជាពិសេសនោះគឺយើងមើលឃើញថា សត្វចិញ្ចឹម កំពុងតែត្រូវបានទទួលការស្រឡាញ់ជាច្រើនពីប្រជាជនវៀតណាម ដោយពួកចាត់ទុកដូចជាសមាជិកគ្រួសារតែម្តង។ ដោយជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយ យើងចង់ជួយលើកកម្ពស់សុខុមាលភាពសត្វតាមរយៈការលុបបំបាត់ជំងឺឆ្កែឆ្កួត បញ្ឈប់ការជួញដូរសាច់សត្វឆ្កែ និងឆ្មា និងធ្វើឱ្យទីក្រុងក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់មួយ»។

DISCOVA អ្នកឯកទេសក្នុងការធ្វើដំណើរឆ្លងកាត់និងវាយតម្លៃនៃតំបន់ភាគអាគ្នេយ៍បានស្វាគមន៍យ៉ាងកក់ក្តៅនូវកិច្ចព្រមព្រៀងដ៏សំខាន់ដែលពួកគេជឿថាកិច្ចព្រមព្រៀងមួយនេះនឹងផ្តល់ប្រយោជន៍មិនត្រឹមតែនៅទីក្រុងនិងប្រជាជន Hoi An ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រទេសវៀតណាមទាំងមូលក៏ដូចជាទេសចរណ៍ និងពាណិជ្ជកម្មផងដែរ។

“ពួកយើងសុំស្វាគមន៍ចំពោះចំណាត់ការរបស់គណៈកម្មាធិការរបស់ប្រជាជនទីក្រុង Hoi An ដើម្បីបញ្ចប់ការជួញដូរសាច់សត្វឆ្កែ និងឆ្មា ដើម្បីធានាថាទីក្រុងនេះបានផ្តល់ភាពទាក់ទាញទៅកាន់ភ្ញៀវទេសចរណ៍។ DISCOVA ខិតខំធានាថាទាំងមនុស្ស និងសត្វនៅក្នុងគោលដៅទេសចរណ៍ទាំងនោះ ពួកគេនឹងត្រូវទទួលបានការការពារពីគ្រោះថ្នាក់ ក្រោមខ្លឹមសារនៃអនុស្សរណៈយោគយល់គ្នា (MoU) ដែលត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ។ ពួកយើងក៏ចូលរួមអបអរសាទរទៅដល់ FOUR PAWS សម្រាប់ការលះបង់និងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការការពារជីវិតសត្វ ហើយពួកយើងក៏ទន្ទឹងរង់ចាំថ្ងៃដែលប្រទេសវៀតណាមទាំងមូលគ្មានការជួញដូរសាច់សត្វឆ្កែ និងឆ្មា បន្តទៅទៀតផងដែរ។

តារាចម្រៀងស្រីវៀតណាម កញ្ញា Van Mai Huong ជាអ្នកតស៊ូមតិក្នុងការបញ្ឈប់ការជួញដូរសាច់សត្វឆ្កែ និងឆ្មាដ៏ឃោរឃៅនេះ ក៏បានចូលរួមក្នុងការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ហើយបាននិយាយថា “ខ្ញុំមានមោទនៈភាពដែលបានចូលរួមក្នុងព្រឹត្តិការណ៍ថ្ងៃនេះ ក្នុងគោលបំណងធានាថាប្រទេសវៀតណាមចាប់ផ្តើមដំណើររបស់ខ្លួនដើម្បីបញ្ចប់ការជួញដូរនិងបរិភោគសត្វសត្វឆ្កែ និងឆ្មា។ នៅក្នុងសង្គមមួយនេះ សត្វឆ្កែ និងឆ្មា ត្រូវបានចាត់ទុកជាផ្នែកមួយនៃសមាជិកគ្រួសារ និងសហគមន៍របស់យើង។

“កិច្ចព្រមព្រៀងនេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខក្នុងយុទ្ធនាការដែល FOUR PAWS បានដឹកនាំតាំងពីឆ្នាំ 2019 មកម្លេះ។ ឥឡូវនេះយើងត្រូវប្រើវាជាជំហានដ៏សំខាន់មួយ ហើយជំរុញឱ្យរដ្ឋាភិបាលទទួលខុសត្រូវ និងហាមឃាត់ការជួញដូរសាច់សត្វឆ្កែ និងឆ្មា ដើម្បីការពារសុខភាព ជីវិតមនុស្ស និងសត្វ។”

Share This Post: