BREAKING NEWS – កម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ បម្លែងថ្មី អូមីក្រុង ជាលើកដំបូង លើស្ត្រីខ្មែរមានផ្ទៃពោះម្នាក់ មកពីប្រទេសហ្គាណា
យោងតាមការបញ្ជាក់ពី ក្រសួងសុខាភិបាល បានឲ្យដឹងថា ក្រសួងបានរកឃើញករណីវិជ្ជមានកូវីដ-១៩ បម្លែងថ្មីឈ្មោះ អូមីក្រុង ម្នាក់ ដែលមានលទ្ធផលវិភាគបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១។

កវណីវិជ្ជមានកូវីដ-១៩ អូមីក្រុងនេះត្រូវបានរកឃើញលើស្ត្រីជនជាតិខ្មែរ អាយុ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំតាបុក ស្រុកបាវិត ខេត្តស្វាយរៀង ដោយស្ត្រីរូបនេះ មានផ្ទៃពោះចំនួន១៥សប្តាហ៍ រួចបានធ្វើដំណើរតាមជើងយន្តហោះចេញពីប្រទេសហ្គាណា (អាហ្វ្រិចខាងលិច) ឆ្លងកាត់តាមឌូបៃ រួចបន្តជើងហោះហើរនៅព្រលានយន្តហោះទីក្រុងបាងកកនៃប្រទេសថៃ (ដោយនៅរងចាំជើងហោះហើរចំនួន ១៤ម៉ោង) ទើបបន្តដំណើរមកដល់ប្រទេសកម្ពុជានៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។
នៅពេលមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រុមការងារក្រសួងសុខាភិបាល បានធ្វើតេស្តរហ័សលើវត្ថុសំណាករបស់គាត់ ឃើញមានវិជ្ជមានវីរុសកូវីដ-១៩ ហើយក៏បានបញ្ជូនវត្ថុសំណាកទៅកាន់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីវិភាគបញ្ជាក់រកវីរុសកូវីដ-១៩ បម្លែងថ្មីអូមីក្រុងនេះ។ បច្ចុប្បន្ននេះ អ្នកជំងឺខាងលើ កំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ក្នុងរាជធានីភ្នំពេញ៕
