ជនជាតិថៃ ៣នាក់ បានតេស្ដវិជ្ជមានជាមួយមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី អូមីក្រុង បន្ទាប់ពីត្រឡប់ពីធ្វើបុណ្យធម្មយាត្រា «Umrah» នៅប្រទេសអារ៉ាប៊ីសាអូឌីត
- BY
- autoadmin
- December 20, 2021
ជនជាតិថៃចំនួន ៣នាក់ បានតេស្តវិជ្ជមានជាមួយជំងឺ COVID-19 បំប្លែងខ្លួនថ្មី អូមីក្រុង កាលពីថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីពួកគេត្រឡប់មកផ្ទះវិញតាមរយៈគម្រោង Phuket sandbox ក្រោយពីដំណើរធម្មយាត្រាប្រចាំឆ្នាំ «Umrah» ទៅកាន់ទីក្រុង Mecca ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ លោកវេជ្ជបណ្ឌិត Muhammad Labaiji អនុប្រធានមន្ទីរពេទ្យ Khok Pho ក្នុងខេត្ត Pattani ដែលបានចូលរួមក្នុងដំណើរនេះផងដែរ បាននិយាយកាលពីថ្ងៃអាទិត្យថា ករណីទាក់ទងនឹងអូមីក្រុងចំនួន ៣ ត្រូវបានបញ្ជាក់បន្ទាប់ពីអ្នកដែលបានទៅទីក្រុង Mecca ចំនួន ១៣៧ នាក់ បានទទួលការធ្វើតេស្ត RT-PCR នៅពេលត្រឡប់មកវិញកាលពីសប្តាហ៍មុន។

លោកបានមានប្រសាសន៍ថា អ្នកជំងឺទាំង ៣នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Khok Pho នៃខេត្ត Pattani ដោយលោកបានបន្ថែមថា អ្នកដែលមិនឆ្លងរោគនេះ ក៏បានបញ្ចប់ការនៅដាច់ពីគេរយៈពេល ៧ថ្ងៃ នៅឯភូកេតរួចហើយដែរ ហើយពួកគេនឹងចំណាយពេល ១៤ថ្ងៃទៀត ក្នុងការនៅដាច់ដោយឡែក នៅពេលពួកគេត្រឡប់ទៅផ្ទះវិញ។ ជម្រាបផងដែរថា បុណ្យ Umrah គឺជាបុណ្យធម្មយាត្រាមួយ ប៉ុន្តែអ្នកចូលរួមអាចមានតិចជាងបុណ្យ Hajj នោះទេ។ បុណ្យនេះក៏មិនមែនដាច់ខាតត្រូវតែធ្វើការចូលរួមនោះដែរ ហើយជាធម្មតាត្រូវចំណាយពេលរហូតដល់ ១៥ថ្ងៃ នៅក្នុងទីក្រុង Mecca ដែលជាទីក្រុងដ៏ពិសិដ្ឋបំផុតរបស់សាសនាអ៊ីស្លាម៕


អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand
- Share This Post:






