ប្រទេសថៃរាយការណ៍ពីការផ្ទុះឡើងជាចង្កោមនៃករណីជំងឺកូវីដ១៩បំប្លែងខ្លួនថ្មី អូមីក្រុង ដែលធ្វើឱ្យខ្លួនត្រូវលុបចោលសកម្មភាពក្នុងឱកាសចូលឆ្នាំថ្មីមួយចំនួន
- BY
- autoadmin
- December 24, 2021
ប្រទេសថៃនៅថ្ងៃសុក្រ ទី២៤ ខែធ្នូ ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសរបស់ខ្លួនបានរកឃើញករណីផ្ទុះឡើងជាចង្កោមជាលើកដំបូង ដែលទាក់ទងនឹងជំងឺ COVID-19 បំប្លែងខ្លួនថ្មី អូមីក្រុង នៅក្នុងខេត្ត Kalasin ភាគឦសានប្រទេសថៃ។ អ្នកនាំពាក្យក្រុមការងារទទួលបន្ទុកជំងឺ COVID-19 របស់ប្រទេសនេះ គឺលោកស្រី Apisamai Srirangsan បាននិយាយថា៖«ការផ្ទុះជាចង្កោមនៅ Kalasin បានធ្វើឱ្យមានអ្នកឆ្លងថ្មីចំនួន ២១នាក់» ដោយបន្ថែមថា ការឆ្លងគឺកើតចេញពីប្តីប្រពន្ធមួយគូមកពីប្រទេសបែលហ្សិក ដែលបានធ្វើដំណើរតាមរយៈគម្រោង Test & Go ដែលអនុញ្ញាតឱ្យពួកគេរួចពីការធ្វើចត្តាឡីស័ក ដោយសារពួកគេបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 រួចហើយ។

ប្រភពបាននិយាយថា អ្នកទាំង ២ បានធ្វើតេស្តអវិជ្ជមានជាមួយជំងឺ COVID-19 ទាំងមុនពេលធ្វើដំណើរ និងបន្ទាប់ពីមកដល់ប្រទេសថៃនៅដើមខែធ្នូ។ រហូតដល់ថ្ងៃទី១៥ ខែធ្នូ ពួកគេចាប់ផ្តើមមានរោគសញ្ញា និងបានធ្វើតេស្តវិជ្ជមាន ហើយក្រោយមកត្រូវបានបញ្ជាក់ថាជាវ៉ារ្យ៉ង់ អូមីក្រុង ។ ការប្រកាសនេះធ្វើឡើងនៅពេលដែលទីក្រុងបាងកក បានលុបចោលសកម្មភាពចូលឆ្នាំដែលឧបត្ថម្ភដោយរដ្ឋាភិបាល រួមទាំងការបួងសួងនៅកណ្តាលអធ្រាត្រផងដែរ។ កាំជ្រួច និងព្រឹត្តិការណ៍រាប់ថយក្រោយ ដែលរៀបចំដោយផ្សារទំនើបនៅតែដំណើរការទៅមុខ ហើយត្រូវការភស្តុតាងនៃការចាក់វ៉ាក់សាំង និងលទ្ធផលតេស្តរហ័ស។ ក្រសួងសុខាភិបាលថៃក៏ធ្លាប់បាននិយាយដែរថា ខ្លួននឹងណែនាំឱ្យមានការចាក់វ៉ាក់សាំងដូសទី៤ សម្រាប់បុគ្គលិកពេទ្យបន្ទាប់ទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






