កូវីដ-១៩

ប្រទេសវៀតណាមរកឃើញករណីដំបូងនៃជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មីអូមីក្រុង ចេញពីពលរដ្ឋដែលត្រឡប់ពីចក្រភពអង់គ្លេស

BY
autoadmin
December 28, 2021

ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអង្គារ ទី២៨ ខែធ្នូ ឆ្នាំ២០២១ នេះបានប្រកាសថា ប្រទេសរបស់ខ្លួនបានបញ្ជាក់ពីករណីដំបូងនៃមេរោគ COVID-19 បំប្លែងខ្លួនថ្មី អូមីក្រុង ដែលរកឃើញចេញពីពលរដ្ឋម្នាក់រស់នៅទីក្រុងហាណូយ ដែលទើបតែត្រឡប់ពីចក្រភពអង់គ្លេស។ អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Nguyen Truong Son បាននិយាយថា ពលរដ្ឋម្នាក់នោះបានមកដល់វៀតណាមកាលពី ៩ថ្ងៃមុន ហើយឥឡូវនេះត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគេនៅមន្ទីរពេទ្យយោធា១០៨។

ពលរដ្ឋដែលបាន​ឆ្លងមេរោគបំប្លែងថ្មីម្នាក់នោះ ​បាន​ចុះ​ចត​នៅ​អាកាសយានដ្ឋាន Noi Bai ទីក្រុង​ហាណូយ​នៅ​ថ្ងៃ​ទី១៩ ខែ​ធ្នូ ឆ្នាំ២០២១ ហើយ​បាន​ធ្វើ​តេស្ត​ឃើញ​មាន​ផ្ទុក​ជំងឺ COVID-19 នៅពេលនោះ ប៉ុន្តែមិនទាន់ដឹងពីប្រភេទមេរោគនៅឡើយទេ។ គាត់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​យោធភូមិភាគ១០៨ ភ្លាមៗបន្ទាប់ពីេតស្ដរួច ហើយនៅថ្ងៃទី២០ ខែធ្នូ និងថ្ងៃទី២១ ខែធ្នូ គាតត្រូវបានគេបញ្ជាក់ថា បានឆ្លងជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុង ឬ B.1.1.529។

ជម្រាបដែរថា វ៉ារ្យ៉ង់ អូមីក្រុង ដែលត្រូវបានកំណត់អត្តសញ្ញាណជាលើកដំបូងនៅចុងខែវិច្ឆិកា បានបង្កើនការព្រួយបារម្ភថ្មីៗ ដោយសារតែចំនួននៃការផ្លាស់ប្តូរហ្សែនដ៏ច្រើនរបស់វា (mutations) និងលទ្ធភាពនៃការចម្លងកាន់តែខ្លាំង។ ប្រទេស និងដែនដីប្រហែល ៨០ បានរកឃើញវ៉ារ្យ៉ង់នេះ រួមទាំងប្រទេសជាច្រើននៅអាស៊ីប៉ាស៊ីហ្វិក ដូចជាអូស្ត្រាលី ជប៉ុន សិង្ហបុរី និងកូរ៉េខាងត្បូង៕

អត្ថបទ៖ លីដា
ប្រភព៖ VNExpress

Share This Post: