កូវីដ-១៩

សហរដ្ឋអាមេរិករកឃើញករណីជំងឺកូវីដ១៩ ថ្មីស្ទើរតែ ១ លានករណីក្នុងមួយថ្ងៃ ដែលជាកំណត់ត្រាច្រើនបំផុតរបស់ពិភពលោក

BY
autoadmin
January 5, 2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា សហរដ្ឋអាមេរិកបានបង្កើតកំណត់ត្រាថ្មីមួយទៀត ជាមួយនឹងករណីជំងឺ COVID-19 ចំនួន ៩៧៨,៨៥៦ ករណីក្នុងមួយថ្ងៃ ដែលត្រូវបានរាយការណ៍កាលពីថ្ងៃចន្ទ ខណៈដែលវ៉ារ្យ៉ង់ថ្មី អូមីក្រុង មិនបង្ហាញសញ្ញាថយចុះនៃការឆ្លងរាតត្បាតនោះឡើយ។ តួលេខនេះគឺជាការកើនឡើងជិត ២ដង បើប្រៀបនឹងកំណត់ត្រាចាស់ ដែលមានចំនួន ៥០៥,១០៩ ករណី ដែលត្រូវបានកត់ត្រាកាលពីសប្ដាហ៍មុន។

ចំនួនអ្នកជំងឺ COVID-19 ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក៏បានកើនឡើងជិត ៥០% ក្នុងសប្តាហ៍មុន ហើយឥឡូវនេះកំពុងមានលើសពី ១០០,០០០ ករណី ដែលជាកម្រិតចូលព្យាបាលក្នុងមន្ទីរពេទ្យច្រើនបំផុតចាប់តាំងពីរដូវរងារឆ្នាំមុន នេះបើតាមការវិភាគរបស់រ៉យទ័រ។ សរុបមក សហរដ្ឋអាមេរិកបានឃើញករណីជាមធ្យមចំនួន ៤៨៦,០០០ ករណី/ថ្ងៃ ក្នុងសប្តាហ៍ចុងក្រោយនេះ ដែលជាអត្រាកើនឡើងទ្វេដងក្នុងរយៈពេល ៧ថ្ងៃ និងលើសពីប្រទេសណាៗទាំងអស់៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: