កូវីដ-១៩

ករណីជំងឺកូវីដ១៩ នៅទូទាំងពិភពលោកពេលនេះ បានកើនដល់ជាង ៣០០ លានករណី ស្របពេលដែលវ៉ារ្យ៉ង់ អូមីក្រុង កំពុងគំរាមកំហែងនៅតាមបណ្ដាប្រទេសមួយចំនួន

BY
autoadmin
January 8, 2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានរាយការណ៍ថា ចំនួនករណីជំងឺ COVID-19 នៅទូទាំងពិភពលោកពេលនេះ បានកើនឡើងលើសពី ៣០០ លានករណី គិតត្រឹមថ្ងៃសុក្រ ទី០៧ ខែមករា ឆ្នាំ២០២២ ខណៈដែលវ៉ារ្យ៉ង់ អូមីក្រុង បានបង្កើនកំណត់ត្រាថ្មីនៅក្នុងបណ្ដាប្រទេសមួយចំនួន។ នៅក្នុងរយៈពេល ៧ថ្ងៃ កន្លងមកនេះ មានប្រទេសចំនួន ៣៤ បានមើលឃើញពីការកើនឡើងករណីថ្មីៗជាកំណត់ត្រា រួមទាំងប្រទេសចំនួន ១៨ នៅតំបន់អឺរ៉ុប និងចំនួន ៧ នៅទ្វីបអាហ្វ្រិក នេះបើយោងតាមការរាប់របស់ AFP ដោយផ្អែកលើតួលេខផ្លូវការ។

វ៉ារ្យ៉ង់អូមីក្រុង ហាក់មិនធ្វើឱ្យអ្នកជំងឺឈឺធ្ងន់ធ្ងរនោះទេ បើទោះបីជាសប្តាហ៍ចុងក្រោយនេះមានករណីចំនួន ១៣.៥ លានករណី ឬស្មើនឹងការកើនឡើង ៦៤% ត្រូវបានបញ្ជាក់ក៏ដោយ។ ពោលគឺចំនួនស្លាប់ជាមធ្យមនៅទូទាំងពិភពលោកបានធ្លាក់ចុះ ៣ ភាគរយ។ អាជ្ញាធរសុខភាពសាធារណៈរបស់ប្រទេសបារាំងបាននិយាយកាលពីថ្ងៃសុក្រថា ហានិភ័យនៃការចូលមន្ទីរពេទ្យគឺទាបជាងមុន ៧០% សម្រាប់ អូមីក្រុង ដោយយោងតាមទិន្នន័យពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា និងអ៊ីស្រាអែល។ យ៉ាងណាក៏ដោយ ពិភពលោកមានករណីថ្មីៗជាមធ្យមប្រមាណជា ២ លានករណី រៀងរាល់ថ្ងៃ ដែលធ្វើឱ្យអ្នកជំនាញព្រមានថា វាអាចនឹងគំរាមកំហែងប្រព័ន្ធសុខាភិបាលនាពេលខាងមុខ ប្រសិនបើនិន្នាការឆ្លងច្រើននៅតែបន្ដ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: