កូវីដ-១៩

អូស្ត្រាលីបំបែកកំណត់ត្រាថ្មី ក្រោយរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ច្រើនជាង ១០០,០០០ ករណី ក្នុងមួយថ្ងៃជាលើកដំបូង

BY
autoadmin
January 8, 2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times បានរាយការណ៍ថា ប្រទេសអូស្ត្រាលីបានបំបែកកំណត់ត្រាថ្មី ជាមួយនឹងករណីឆ្លងជំងឺ COVID-19 ច្រើនជាង ១០០,០០០ ករណី ក្នុងរយៈពេល ២៤ម៉ោង ជាលើកដំបូងបំផុត ដោយសារលទ្ធផលនៃការធ្វើតេស្តតាមផ្ទះត្រូវបានបូកបញ្ចូល ហើយការរឹតបន្តឹងមួយចំនួនត្រូវបានណែនាំ ដើម្បីបន្ថយសម្ពាធប្រព័ន្ធសុខាភិបាល ដែលរងការវាយប្រហារពីជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុង។

រដ្ឋ Victoria បានរាយការណ៍ពីករណីថ្មីចំនួន ៥១,៣៥៦ ករណី នៅថ្ងៃសៅរ៍នេះផ្ទាល់ ហើយលទ្ធផលវិជ្ជមានចំនួន ២៦,៤២៨ ករណី បានមកពីការធ្វើតេស្តចំពោះអ្នកដែលទើបនឹងចូលរៀន។ ចំណែកឯរដ្ឋ New South Wales ករណីបានកើនឡើងដល់ ៤៥,០៩៨ ករណី ហើយមានមនុស្ស ១,៧៩៥ នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងមានការស្លាប់ចំនួន ៩ ករណី។ ក្រោមការណែនាំអំពី COVID-19 របស់ប្រទេសអូស្ត្រាលីបច្ចុប្បន្ន អ្នកដែលតេស្តវិជ្ជមានពេលចូលមកដល់ប្រទេសនេះ និងអ្នកដែលត្រូវបានចាត់ទុកថាមានទំនាក់ទំនងជិតស្និទ្ធ ត្រូវតែនៅដាច់ដោយឡែករយៈពេល ៧ ថ្ងៃ។

ជាមួយគ្នានេះដែរ ចំពេលមានកង្វះខាតឧបករណ៍តេស្តអង់ទីហ្សែននៅទូទាំងប្រទេស រដ្ឋាភិបាលអូស្ត្រាលីកាលពីថ្ងៃសៅរ៍ ក៏បានកំណត់ការនាំចេញឧបករណ៍ ហើយហាមឃាត់ចំពោះការលក់បន្ដដែលមានតម្លៃថ្លៃច្រើនជាង ១២០% នៃតម្លៃដែលបានទិញចូល ក៏ដូចជាគ្រោងនឹងរឹតបន្តឹងចំនួនឧបករណ៍ដែលពលរដ្ឋអាចទិញបានក្នុងម្នាក់ៗ៕

អត្ថបទ៖ លីដា
ប្រភព៖ The Straits Times

Share This Post: