PR

ក្រុមហ៊ុន Meta ចាត់វិធានការពង្រឹងសុវត្ថិភាពសម្រាប់ស្ដ្រីនៅលើប្លេតហ្វមរបស់ខ្លួនទាំងអស់

BY
Liny Chan
January 19, 2022

ភ្នំពេញថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២២៖ ស្ដ្រីប្រឈមនឹងការរំលោភបំពាន និងបៀតបៀនក្នុងរូបភាពខុសៗគ្នានៅលើអនឡាញ ហើយក្រុមហ៊ុន Meta បានចាត់វិធានការជាច្រើន រួមទាំងការដាក់ឱ្យដំណើរការផលិតផល និងធនធានថ្មីៗ ដើម្បីបង្កើនសុវត្ថិភាពនៅលើ Facebook ទូទាំងពិភពលោក។ វិធានការទាំងនោះ ក៏ត្រូវបានអនុវត្ដនៅប្រទេសកម្ពុជាផងដែរ។

កាលពីឆ្នាំមុន ក្រុមហ៊ុន Meta បានចំណាយប្រាក់៥ពាន់លានដុល្លារអាមេរិក ដើម្បីពង្រឹងសុវត្ថិភាពលើប្លេតហ្វម របស់ខ្លួនដោយមានបុគ្គលិក ៤ម៉ឺននាក់ ធ្វើកិច្ចការតែទៅលើបញ្ហាសុវត្ថិភាព និងសន្ដិសុខ។ ដើម្បីពង្រឹងសុវត្ថិភាពសម្រាប់ស្ដ្រី ក្រុមហ៊ុនបានធ្វើបច្ចុប្បន្នភាពលើគោលការណ៍សុវត្ថិភាព ពង្រឹងភាពជាដៃគូ និងបង្កើត មជ្ឈមណ្ឌលសុវត្ថិភាពសម្រាប់ស្ដ្រី ដែលជាមជ្ឈមណ្ឌលព័ត៌មានដែលរួមមានធនធានសំខាន់ៗ ទាំងអស់សម្រាប់ពង្រឹងសុវត្ថិភាពដល់ស្ត្រី រួមមានធនធានមួយចំនួន សម្រាប់អ្នកដឹកនាំជាស្ដ្រី អ្នកសារព័ត៌មានជាស្ដ្រី និងអ្នករួចផុតពីអំពើរំលោភបំពាន។

ក្រុមហ៊ុនក៏បានណែនាំក្រុមប្រឹក្សាអ្នកជំនាញសុវត្ថិភាពសម្រាប់ស្ដ្រីជាសកល (Global Women’s Safety Expert Advisors) ដែលមានថ្នាក់ដឹកនាំអង្គការមិនរកប្រាក់ចំណូល សកម្មជន និងអ្នកជំនាញផ្នែកអប់រំចំនួន ១២នាក់ ដើម្បីអភិវឌ្ឍ គោលការណ៍ ផលិតផល និងកម្មវិធីនានា ដែលគាំទ្រដល់ស្ដ្រីក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់ក្រុមហ៊ុន Meta ដូចជា Facebook, Instagram និង WhatsApp ឱ្យកាន់តែប្រសើរ។

លោកស្រី Cindy Southworth នាយកទទួលបន្ទុកសុវត្ថិភាពជាសកលសម្រាប់ស្ដ្រីរបស់ក្រុមហ៊ុន Meta បានមានប្រសាសន៍ថា៖ «តែងតែមានរឿងរ៉ាវត្រូវធ្វើច្រើន ហើយសេចក្ដីប្រកាស ដែលយើងធ្វើនៅថ្ងៃនេះ គ្រាន់តែជាវិធានការសំខាន់មួយក្នុងចំណោមវិធានការចាំបាច់នានាចំពោះដំណើរដ៏វែងឆ្ងាយដើម្បីជួយពង្រឹងសុវត្ថិភាពស្ដ្រីនៅលើប្លេតហ្វមរបស់យើងទាំងអស់។ យើងរមែងផ្សារភ្ជាប់ជាមួយដៃគូសុវត្ថិភាពជាង ៨៥០ស្ថាប័ន ទូទាំងសកលលោក ដែលពួកគេជាអ្នកជំនាញលើកត្ដាហានិភ័យសុវត្ថិភាពអនឡាញ បទពិសោធរងគ្រោះ និងបញ្ហារំលោភបំពាននានា។ ដៃគូទាំងនេះជួយជូនដំណឹងពីការងាររបស់យើង និងសហការជាមួយយើងក្នុងការផ្សព្វផ្សាយកម្មវិធីអប់រំ»។
គោលការណ៍ទាក់ទងនឹងសុវត្ថិភាពស្ដ្រីអាចរកបាននៅក្នុង Community Standards ក្នុងកម្មវិធី Facebook និងបានគ្របបណ្ដប់វិសាលភាពលើមាតិកាបង្កហានិភ័យមួយចំនួន រួមទាំង បញ្ហាយល់ខុស ដែលធានាថា រាល់គណនីរបស់អ្នកប្រើប្រាស់ទាំងអស់មានពិតប្រាកដ និងទទួលខុសត្រូវចំពោះរាល់សកម្មភាពរបស់ខ្លួន មតិខ្អប់ខ្ពើម ការមាក់ងាយ និងបៀតបៀន ឬកេងប្រវ័ណ្ឌផ្លូវភេទចំពោះមនុស្សពេញវ័យ។

លោកស្រី Shireen Vakil, ប្រធានផ្នែកសុវត្ថិភាពរបស់ Meta ប្រចាំនៅអាស៊ីប៉ាស៊ីហ្វិក បានថ្លែងថា៖ «យើងមានមជ្ឈមណ្ឌលសុវត្ថិភាពមួយជាកន្លែងដែលលោកអ្នកអាចស្វែងចូលទៅកាន់គោលការណ៍សុវត្ថិភាព មុខងារនានា និងប្រភពធនធានរបស់យើង។ យើងក៏មានមជ្ឈមណ្ឌលកុំធ្វើបើគ្មានការអនុញ្ញាតពីខ្ញុំ (Not Without My Consent Hub) ដែលមានរាយនាមស្ថាប័ន និងធនធាន ដែលយើងផ្ដល់ឲ្យជនរងគ្រោះ រួមមានវិធានការណ៍មួយចំនួន ដែលពួកគេអាចលប់រូបភាពទាំងនោះពីប្លេតហ្វមរបស់យើង ព្រមទាំងរារ៉ាំងពីការចែករំលែក ឬចែករំលែកឡើងវិញ»។

ក្រុមហ៊ុន Meta បានដំណើរការមុខងារខុសៗគ្នាជាច្រើន ដើម្បីធានាសុវត្ថិភាពអនឡាញលើ Facebook ដែលមានចាប់ពីការគ្រប់គ្រងសំណេរមតិយោបល់ចំពោះការបង្ហោះសាររបស់លោកអ្នក ការជេរប្រមាថ ឬជ្រើសរើសក្រុមមនុស្សដែលត្រូវត្រួតពិនិត្យបញ្ហាសន្ដិសុខ និងឯកជនភាព។ អ្នកប្រើប្រាស់ក៏អាចត្រួតពិនិត្យ លើការបង្ហោះ និងរូបភាពណាខ្លះ ដែលបង្ហាញនៅលើតារាងសកម្មភាពតាមរយៈ Tag Reviews និង Timeline Review ក៏ដូចជា បិទបណ្ដោះអាសន្ន (Snooze) ឬបញ្ឈប់ការគាំទ្រ (Unfollow) បុគ្គល ផេក និងក្រុម។
Instagram ផ្ដល់ជម្រើសដកចេញអ្នកប្រើប្រាស់ពីបញ្ជីអ្នកតាមដាន (follower) របស់អ្នក និងឈប់តាមដាន (unfollow) ចំពោះគ្រប់គណនីនៅគ្រប់ពេលវេលា ក៏ដូចជាបិទសំឡេង ដាក់កំហិត ឬរឹតបន្ដឹងលើបុគ្គលណាដែលមិនចាំបាច់ រឹតត្បឹត និងលប់ចោលមតិយោបល់ដែលមានលក្ខណៈបំពាន។

មុខងារពិសេស និងសេវេកម្មផ្សេងៗអាចរកបាននៅក្នុង មជ្ឈមណ្ឌលសុវត្ថិភាព ក្នុងកម្មវិធី Facebook ព័ត៌មានមុខងារ និងប្រភពធនធានទាំងអស់អំពីការរក្សាសុវត្ថិភាពលើអនឡាញ និងអ្វីដែលត្រូវធ្វើពេលជួបប្រទៈបញ្ហាគំរាមកំហែង ឬមាតិកាអសុវត្ថិភាព។

សម្រាប់ព័ត៌មានបន្ថែមអំពីសុវត្ថិភាពស្ដ្រី និងការស្វែងរកប្រភពធនធានផ្សេងៗ សូមចូលទៅកាន់មជ្ឈមណ្ឌលសុវត្ថិភាពស្ដ្រី។ ព័ត៌មានបន្ថែម និងបញ្ជីក្រុមពីគ្រោះយោបល់ទាំងអស់ អាចស្វែងរកបាននៅក្នុងបន្ទប់ព័ត៌មានក្រុមហ៊ុន Meta

សម្រាប់បច្ចុប្បន្នភាពចុងក្រោយបំផុតអំពីកម្មវិធីសុវត្ថិភាពក្រុមហ៊ុន Meta សូមចូលទៅកាន់ បន្ទប់ព័ត៌មានក្រុមហ៊ុន Meta Instagram Blog, WhatsApp Blog, Messenger News, ឬមាតិកាណាមួយក្នុង Safety Centres របស់យើង។

Share This Post: