ស្ងាត់ៗ ស្ពានបេតុងអារមេខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាប សម្រេចបាន ៦០% ហើយ
- January 26, 2022
យោងតាមការបញ្ជាក់ពី មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ ការដ្ឋានសាងសង់ស្ពានបេតុងអារមេខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាប សម្រេចលទ្ឋផលបាន ៦៣.៧% ។ តាមផែនការ គម្រោងសាងសង់ នឹងបញ្ចប់នៅខែមីនាឆ្នាំ២០២៣នាពេលខាងមុខ។ គម្រោងស្ពាននេះ មានរចនាបទទំនើបដែលមានសរសរធំចំនួន ៤បង្គោល មានកំពស់រហូតដល់ ៤០ម៉ែត្រ សម្រាប់ព្យួរខ្សែកាប ។
គួរបញ្ជាក់ផងដែរថា ស្ពានបេតុងដែលស្ថាបនានៅអម ជាមួយស្ពានបាឡេនៅមុខឃ្លាំងសាំងនេះមានប្រវែង ៩២២ម៉ែត្រ មានទទឹង២០,៥ម៉ែត្រ។ ចិញ្ចើមស្ពាន សម្រាប់ថ្មើរជើងមានទទឹង ១,២៥ម៉ែត្រ សងខាង កម្ពស់សរសរស្ពានសម្រាប់ព្យួរខ្សែកាប ធៀបនឹងកម្រាលស្ពាន៣៤ម៉ែត្រ។ សរសរសម្រាប់ព្យួរ ខ្សែកាបមានសរសរចំនួន៤ គន្លងខ្សែយានយន្ត ទទឹង ៣.៧៥ម៉ែត្រ គន្លងធ្វើចរាចរ២ខ្សែទៅ២ខ្សែមក កម្ពស់នាវាចរ ក្រោមស្ពានអតិបរមានៅរដូវវស្សា ១០.៥ម៉ែត្រ កម្ពស់នាវាចរ ក្រោមស្ពាន អប្បរមា នៅរដូវប្រាំង ២០,៥ម៉ែត្រ បំពាក់បង្គោលភ្លើងបំភ្លឺ និងដាក់ ស្លាកសញ្ញាចរាចរ។ ស្ពាននេះសាងសង់ដោយក្រុមហ៊ុន OOOCIC ដោយប្រើរយៈពេលវេលា ២៨ខែ និងប្រើប្រាស់ថវិកាសាងសង់ចំនួន ៣៥លានដុល្លារអាមេរិក។
គម្រោងស្ពាននេះ នឹងបង្កើតលំហូរចរាចរថ្មី តភ្ជាប់ពីផ្លូវជាតិលេខ៥ នៃខណ្ឌឫស្សីកែវ និងផ្លូវជាតិលេខ៦ នៃខណ្ឌជ្រោយចង្វារ ហើយក៏ជាការបង្កើតផ្លូវថ្មីតភ្ជាប់ចរាចរក្នុងទីក្រុងទៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកម្ពុជានឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME ២០២៣ នាពេលខាងមុខ៕
- Share This Post: