ព័ត៌មានជាតិ

ទោះបីស្ថិតក្នុងគ្រាដ៏លំបាកដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ក៏រដ្ឋបាលរាជធានីបានបន្តការងារស្តារប្រឡាយជាច្រើនខ្សែនៅក្នុងនិងក្រៅក្រុង

BY
srey nuch
January 27, 2022

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ក្នុងឆ្នាំ២០២១ ដោយមានការណែនាំនិងចង្អុលបង្ហាញពីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានសហការជាមួយអាជ្ញាធរដែនដី បន្តធ្វើសកម្មភាពស្តារ ប្រឡាយជាច្រើនខ្សែនៅក្នុងរាជធានីភ្នំពេញ ដើម្បីរំដោះការលិចលង់ភូមិដ្ឋានប្រជាពលរដ្ឋ ទោះបីជួបការលំបាកក្នុងស្ថានជំងឺកូវីដ១៩ក៏ដោយ។

លោកម៉ែន សុខខេន ប្រធានអង្គភាពលូទឹក បូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបាឱ្យដឹងថា ក្រុមការងារបានស្តារ ប្រឡាយទឹកក្នុងឆ្នាំ២០២១ ដែលជាឆ្នាំញាំញីដោយជំងឺកូវីដ១៩នោះ អង្គភាពលូទឹកនិងបូមទឹកបានស្តារប្រឡាយទួលពង្រ១ ជាប្រឡាយបេតុង មានទទឹង ៨ម៉ែត្រ ជម្រៅ២ម៉ែត្រ បណ្ដោយ ៤៥៤៥ម៉ែត្រ ចាប់ពីភូមិព្រៃព្រីងខាងត្បូងដល់បុរីជីបម៉ុង។ ក្នុងនោះមានកាតដាក់លូប្រអប់ទំហំ ២,៦៥ម៉ែត្រគុណនឹង២,៦៥ម៉ែត្រ មានចំនួន៣ជួរ ប្រវែង៤៤៥ម៉ែត្រ ចាប់ពីបុរីជីបម៉ុងដល់ប្រឡាយបឹងហា។ ដាក់លូប្រអប់ស្របតាមផ្លូវជាតិលេខ៣ ទំហំ ៦ម៉ែត្រគុណនឹង២ ម៉ែត្រប្រវែង១២២០ម៉ែត្រ ចាប់ពីបូរីGreen Vill ដល់ដើមប្រឡាយទួលពង្រ និងដាក់លូជ្រុងចំណុចផ្លូវឆ្លងកាត់មានចំនួន៧កន្លែងផងដែរ ។

លោកប្រធានបន្តថា៖ប្រឡាយ ទួលពង្រទី២ ស្ថិតនៅភូមិសាស្រ្តសង្កាត់ចោមចៅ២និងចោមចៅទី១ ខណ្ឌពោធិសែនជយ័ ស្តារភក់ល្បាប់ប្រឡាយទួលពង្រ២ បានប្រវែង ៦,១០០ម៉ែត្រ។ ស្តារភក់ល្បាប់ ប្រឡាយលូ៥ បានប្រវែង ៩៥០ម៉ែត្រ ដែលជាប្រឡាយដ៏សំខាន់ ក្នុងការរំដោះទឹកក្នុងមូលដ្ឋានខណ្ឌពោធិសែនជ័យ, ខណ្ឌសែនសុខ និងខណ្ឌមានជ័យ ទម្លាក់ទៅប្រឡាយម័លនិងបន្តចុះទៅជើងឯក។

លោកបន្តទៀតថា៖ការស្តារប្រឡាយស្ទឹងមានជ័យ ជាមួយនិងការបុកសុីផាយបេតុងជញ្ជាំងប្រឡាយ ។ប្រឡាយនេះ អាចបង្ហូរទឹកបានយ៉ាង ល្អ។ ការងារស្តារស្មៅ និងសំរាមប្រឡាយបឹងទំពុន ប្រវែង ៥០០ម៉ែត្រ ទទឹង៣០ម៉ែត្រ ។ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹក ពីប្រឡាយដើមស្លែង ប្រឡាយបារាំង ពិសេសរំដោះទឹកពីក្នុងខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ ខណ្ឌទួលគោក និងផ្នែកខ្លះក្នុងខណ្ឌ ចំការមន និងខណ្ឌ៧មករា។

ជាមួយគ្នានោះដែរ លោកប្រធានបានអះអាងទៀតថា៖ការស្តារប្រឡាយបឹងត្របែកវិញ ចាប់ផ្ដើមអនុវត្តកាលពីថ្ងៃទី១០មីនា ២០២១ និងបានបញ្ចប់ថ្ងៃទី៣១ មីនា២០២១កន្លងមក៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: