ព័ត៌មានជាតិ
ក្រសួងសាធារណការ គម្រោងដំឡើងស្ថានីយសាកថ្ម EV នៅតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលគ្រោងដាក់ឱ្យប្រើប្រាស់ក្នុងខែកញ្ញា ឆ្នាំ២០២២នេះ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា (CAIF) ដឹកនាំដោយលោកបណ្ឌិត តាន់ មុនីវណ្ណ ប្រធានសហព័ន្ធ និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដោយមានការចូលរួមអមដំណើរពីលោក Peter Brongers អគ្គនាយកក្រុមហ៊ុន HGB Group លោក James Zemke អគ្គនាយកក្រុមហ៊ុន Mercedes លោក Hy Ramy នាយកប្រតិបត្តិផ្នែកហិរញ្ញ វត្ថុក្រុមហ៊ុន HGB Group និងលោក សឿន ដារ៉ា នាយកប្រតិបត្តិសហព័ន្ធផងដែរ។

ថ្លែងក្នុងជំនួបនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវអំពីការរៀបចំសេចក្តីព្រាងគោលនយោបាយដឹកជញ្ជូនផ្លូវគោក ដើម្បីជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី (EV) ក្នុងការចូលរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នកាបូន កិច្ចសហការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងអង្គការ UNDP (កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ) ដើម្បីដំឡើងស្ថានីយសាកថ្ម Evs ចំនួនប្រាំទីតាំង រួមមាន៖ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន និងបណ្តារាជធានី-ខេត្តមួយចំនួន គម្រោងដំឡើង ស្ថានីយថ្ម EV នៅតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលគ្រោងដាក់ឱ្យប្រើប្រាស់ក្នុងខែកញ្ញា ឆ្នាំ២០២២ ដោយសហការជាមួយស្ថានីយប្រេងឥន្ធនៈ PTT និងគម្រោងដំឡើងស្ថានីយសាកថ្ម EV នៅក្នុងរាជធានីចំនួន១០ទីតាំង ដោយសហការជាមួយវិស័យឯកជនផងដែរ ៕


ព័ត៌មានជាតិ
ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត២០២៣ នឹងមានកម្មវិធីពិសេសជាងបណ្តាឆ្នាំមុនៗ ក្នុងនោះគ្រោងរៀបចំកម្មវិធីប្រមាណជាពីរសម្រាប់បំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោកផងដែរ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈឆ្នាំ ឆ្នាំ២០២៣ បានរៀបចំកម្មវិធីក្រុងពាលីបើកការដ្ឋានព្រឹត្តិការណ៍អង្គរសង្ក្រាន្ត២០២៣ ក្រោមវត្តមាន ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក។

ឯកឧត្តម សោម រតនា ប្រធានក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ បានគូសបញ្ជាក់ថា នេះជាខួបគម្រប់១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្រោមប្រធានបទ «ក្ដីស្រមៃ និងក្ដីសង្ឃឹម» ដែលជាព្រឹត្តិការណ៍នៃការលើកយកនូវកេរតំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមករំលេចឡើងជាផ្ទាំងទស្សនីយភាពវប្បធម៌ជាច្រើនដូចជា៖ ល្បែងប្រជាប្រិយ របាំបុរាណ របាំប្រពៃណី និងរបាំប្រជាប្រិយ ការបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅតាមតំបន់ និងសិល្បៈទស្សនីយភាព និងពិសេសមានកម្មវិធីជាច្រើនទៀត។
ឯកឧត្ដមបន្ដថា មានកម្មវិធីចំនួនពីរ គ្រោងរៀបចំធ្វើដើម្បីបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោក ប៉ុន្តែឯកឧត្តមមិនទាន់បញ្ជាក់ថា ជាកម្មវិធីអ្វីនៅឡើយទេ ដោយទុកឱ្យកម្មការងាររៀបចំសិន។ ឯកឧត្ដមបន្ដទៀតថាព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានចូលរួមអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ លើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ រួមទាំង បានផ្តល់ឱកាសឱ្យយុវជន ប្រជាជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានឈ្វេងយល់បន្ថែមអំពីភាពរុងរឿង ល្បីល្បាញ ភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី និងសាសនាជាដើម។
ជាមួយគ្នានេះ នៅថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ អង្គរសង្ក្រាន្តនឹងវិលត្រឡប់មកសារជាថ្មី ស្របពេលខួប១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលនឹងនាំមកនូវទិដ្ឋភាពដ៏សប្បាយរីករាយ ក៏ដូចជាការរំលឹកឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗ ដែលបានបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រ ដោយមានការទទួលស្គាល់ពីអន្តរជាតិ។ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត តែងតែជារូបភាពដែលដក់ជាប់នៅក្នុងអារម្មណ៍បងប្អូនប្រជាពលរដ្ឋខ្មែរ នៅពេលរម្លឹកដល់ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរម្ដងៗ។
សូមជម្រាបដែរថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ត្រូវបានផ្ដួចផ្ដើមរៀបចំឡើងជាផ្ទាំងទស្សនីយភាពវប្បធម៌ទ្រង់ទ្រាយធំជាលើកដំបូងនៅក្នុងឆ្នាំ២០១៣ លើទឹកដីអង្គរនៃខេត្តសៀមរាប ដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្នុងគោលបំណងប្រមូលផ្តុំយុវជន និងសាធារណជន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមហាគ្រួសារខ្មែរតែមួយ រម្លឹក និងធ្វើឱ្យរស់រវើកឡើងនៃមរតកបេតិកភណ្ឌអរូបីខ្មែរ ចូលរួមថែរក្សា និងអភិវឌ្ឍន៍វប្បធម៌ជាតិ និងលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិផ្តល់ឱកាសដល់យុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានសិក្សាអំពីកិត្តិនាម ភាពចម្រុះនៃវប្បធម៌ អរិយធម៌ ប្រពៃណី និងសាសនា។
ទន្ទឹមនេះ គឺ ដើម្បីបំផុសស្មារតីប្រជាជនកម្ពុជា ជាពិសេសយុវជន កូនចៅខ្មែរជំនាន់ក្រោយ ឱ្យមានមោទកភាព ស្រឡាញ់វប្បធម៌ អរិយធម៌ ប្រពៃណី និងទំនៀមទម្លាប់ បំផុសគំនិតរួបរួមកម្លាំងសាមគ្គីជាធ្លុងមួយ និងជាគ្រួសារតែមួយ ព្រមទាំងបណ្តុះស្មារតីអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ បាវចនាជាតិ ព្រលឹង និងអត្តសញ្ញាណជាតិខ្មែរ រួមទាំងផ្តល់ឱកាសសម្រាប់ពាណិជ្ជករ សហគ្រិន អាជីវករ ផលិតផលពាណិជ្ជកម្ម ផលិតផលសិប្បកម្ម និងសេវាកម្មនានា និងចូលរួមចំណែកជំរុញទេសចរណ៍ផ្ទៃក្នុង និងអន្តរជាតិដែលជាមាសបៃតងរបស់កម្ពុជា។
ជាមួយគ្នានេះដែរ នៅក្នុងឱកាសនៃពិធីបិទកីឡាជាតិលើកទី៣ នៅពហុកីឡដ្ឋានមរតកតេជោ កាលពីថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសនូវការត្រឡប់មកវិញនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣ ដែលនេះជាការបំណងប្រាថ្នារបស់ប្រជាពលរដ្ឋជាច្រើន ដោយចង់ឱ្យឃើញវត្តមានព្រឹត្តិការណ៍នេះត្រឡប់មកវិញ និងផ្តល់ភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនៃមហាក្រុមគ្រួសារខ្មែរសារជាថ្មី៕





ប្រភព៖ ក្រសួងព័ត៌មាន
ព័ត៌មានជាតិ
ក្រសួងយុត្តិធម៌ ប្រកាសដាក់ឱ្យដំណើរការសាកល្បងជំហានទី១ លើសេវាព្រឹត្តិបត្រ “ថ្កោលទោស” អាចស្នើសុំតាមរយៈអនឡាញ ចាប់ពីថ្ងៃទី៦ ខែកុម្ភៈនេះតទៅ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងយុត្តិធម៌ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការសាកល្បងជំហានទី១ លើសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថល។

ដើម្បីរួមចំណែក ធ្វើទំនើបកម្មស្ថាប័នរដ្ឋប្រកបដោយបរិយាបន្ន សមធម៌ និងយុត្តិធម៌ ដែលជាយុទ្ធសាស្ត្រចតុកោណដំណាក់កាល ទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងយុត្តិធម៌បាននិងកំពុងធ្វើការអភិវឌ្ឍសេវាព្រឹត្តិបត្រថ្កោលទោសឌីជីថល ដើម្បីផ្តល់នូវសេវាឆាប់រហ័ស និងភាពងាយស្រួលជូនដល់សាធារណជន ដែលមានតម្រូវការស្នើសុំព្រឹត្តិបត្រ ថ្កោលទោស ដោយក្រសួងយុត្តិធម៌នឹងដាក់ឱ្យដំណើរការសាកល្បងជំហានទី១ លើសេវាព្រឹត្តិបត្រថ្កោលទោស តាមប្រព័ន្ធឌីជីថល ចាប់ពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះតទៅ ។
ការដាក់ឱ្យដំណើរការសាកល្បងជំហានទី១ លើសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថលនេះ នឹងផ្ដល់ភាពងាយស្រួលដល់សាធារណជន ដែលមានតម្រូវការស្នើសុំព្រឹត្តិបត្រថ្កោលទោស ឱ្យទទួលបាននូវ ព័ត៌មានគ្រប់ជ្រុងជ្រោយ និងព័ត៌មានអំពីតម្រូវការឯកសារនានា ជាពិសេសសាធារណជនអាចបំពេញ ពាក្យស្នើសុំព្រឹត្តិបត្រថ្កោលទោសពីចម្ងាយតាមរយៈ កុំព្យូទ័រ ឬទូរស័ព្ទដៃ រួចផ្ញើមកកាន់នាយកដ្ឋានកិច្ចការថ្កោល ទោសជាមុន បន្ទាប់មកអតិថិជនគ្រាន់តែអញ្ជើញមកកាន់នាយកដ្ឋានកិច្ចការថ្កោលទោស ដោយភ្ជាប់មកជាមួយ នូវឯកសារចាំបាច់មួយចំនួន ដើម្បីផ្តិតមេដៃ និងបង់ប្រាក់ជាការស្រេច ។
ដើម្បីប្រើប្រាស់សេវាព្រឹត្តិបត្រថ្កោលទោសឌីជីថលនេះ គឺតម្រូវឱ្យសាធារណជន ចូលទៅកាន់គេហទំព័រ របស់ក្រសួងយុត្តិធម៌ (https://cr.moj.gov.kh/) ឬ ទាញយកកម្មវិធីដែលមានឈ្មោះថា (CR-MOJ) ពី APP Store សម្រាប់ប្រព័ន្ធ IOS ឬពី PLAY_Store សម្រាប់ប្រព័ន្ធ Android ដោយអនុវត្តតាម ការណែនាំ និងរបៀបប្រើប្រាស់ ដូចបានភ្ជាប់ជូននៅក្នុងកម្មវិធីនេះ។ ទន្ទឹមនឹងការដាក់ឱ្យដំណើរការសាកល្បងនេះ សាធារណជននៅតែអាចអញ្ជើញមកបំពេញ បែបបទស្នើសុំព្រឹត្តិបត្រថ្កោលទោសដោយផ្ទាល់ នៅនាយកដ្ឋានកិច្ចការថ្កោលទោសនៃក្រសួងយុត្តិធម៌ ដូចបានអនុវត្តកន្លងមកផងដែរ ៕

ប្រភព៖ ក្រសួងយុត្តិធម៌ Ministry of Justice