ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងដាក់ឧបករណ៍ឆៀកឡាន នៅទីតាំង២កន្លែងកណ្តាលទីក្រុងភ្នំពេញ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យក្រុមហ៊ុនពិចារណាលើការដាក់ឧបករណ៍ត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ត នៅទីតាំងផ្សារទំនើប AEON Mall 1 និងផ្សារទំនើប AEON Mall 2 ក្នុងពេលអនាគត ដោយហេតុថា៖ ផ្សារទំនើបគឺជាច្រកចេញចូលតែមួយនៃការផ្ដល់សេវាសាធារណៈគ្រប់ប្រភេទដូចជា៖ ការប្រឡងយកបណ្ណបើកបរ ការចុះបញ្ជីយានយន្ត និងការពន្យារ ឬប្តូរបណ្ណបើកបរជាដើម។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវអំពីគោលបំណង និងទិសដៅក្នុងការ ពង្រីកបន្ថែមនូវការផ្ដល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅតាមទីតាំងផ្សារទំនើបនានាជាច្រើនទៀត ដើម្បីបង្ខិតសេវាសាធារណៈទៅកៀកប្រជាពលរដ្ឋ កាត់បន្ថយចំណាយក្រៅផ្លូវការ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។
ជាការឆ្លើយតប លោក Takeshi Mamiya បានកត់សម្គាល់សំណើ ក៏ដូចជាសំណូមពររបស់ឯកឧត្តម ទេសរដ្ឋមន្ត្រីដែលបានស្នើឡើងទៅពិនិត្យពិចារណា ហើយនឹងផ្តល់ព័ត៌មានត្រឡប់មកវិញទាក់ទងនឹង សំណើខាងលើផងដែរ ៕




ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT