ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ “អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ” ចំនួន១៥០កន្លែង សម្រាប់ឆ្នាំសិក្សា ២០២២

    BY Khmernote Media January 28, 2022
    សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ “អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ” ចំនួន១៥០កន្លែង សម្រាប់ឆ្នាំសិក្សា ២០២២

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់លើការកសាងធនធានមនុស្សឆ្នើម និងអនាគតយុវជន យុវនារីក្នុងយុគសម័យ ឌីជីថល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់ “អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ – Techo Digital Talent Scholarship” ចំនួន១០០កន្លែងកាលពីឆ្នាំសិក្សា២០២១ និងបន្តផ្តល់បន្ថែម១៥០កន្លែង ក្នុងឆ្នាំសិក្សា២០២២នេះ។

    តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថលរយៈពេល៤ឆ្នាំ នៅគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនចំនួន៤ រួមមាន៖ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ។

    ១. អត្ថប្រយោជន៍នៃអាហារូបករណ៍៖
    និស្សិតជ័យលាភីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោនឹងទទួលបានអត្ថប្រយោជន៍រួមមាន៖ ថ្លៃសិក្សា ប្រាក់ឧបត្ថម្ភថ្លៃស្នាក់នៅហូបចុកចំនួន ៣២០.០០០ រៀល ក្នុងមួយខែរហូតចប់ថ្នាក់បរិញ្ញាបត្រ ព្រមទាំងទទួលបានកុំព្យូទ័រយួរដៃ១គ្រឿង សម្រាប់ប្រើប្រាស់ក្នុងការសិក្សា ។

    ២. គ្រឹះស្ថានអប់រំនិងជំនាញសិក្សា៖
    អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោផ្តល់ជូនដល់និស្សិតសម្រាប់សិក្សានៅគ្រឹះស្ថានឧត្តមសិក្សាដែលមានជំនាញនិងចំនួនកំណត់ដូចខាងក្រោម៖
    បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ចំនួន ១០០កន្លែង
    -ទូរគមនាគមន៍ និងបណ្តាញ (Telecommunication and Networking)
    -វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)
    -ពាណិជ្ជកម្មអេឡិចត្រូនិក (e-Commerce)

    សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ចំនួន ២០កន្លែង
    -វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)
    -ទូរគមនាគមន៍ និងអេឡិចត្រូនិក (Telecommunication and Electronic)
    -បច្ចេកវិទ្យាព័ត៌មាន (Information Technology)

    វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ចំនួន ១៥កន្លែង
    -វិស្វករបច្ចេកវិទ្យាព័ត៌មាននិងទំនាក់ទំនង(Information and Communication Engineering)
    -អេឡិចត្រូនិកនិងទូរគមនាគមន៍ (Electronic and Telecommunication)

    សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ចំនួន ១៥កន្លែង
    -បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (Information and Communications Technology)
    -គ្រប់គ្រងបច្ចេកវិទ្យាព័ត៌មាន (Information Technology Management)

    ៣. លក្ខខណ្ឌនៃការជ្រើសរើស៖
    បេក្ខជន បេក្ខនារីទាំងអស់ត្រូវឆ្លងកាត់ការប្រឡងប្រជែងដែលរៀបចំដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ដោយមានលក្ខខណ្ឌដូចខាងក្រោម៖
    -ជាសិស្សជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលមាននិទ្ទេសរួម A B ឬ C (ចំពោះសិស្សដែលមាន និទេ្ទសរួម C ត្រូវមាននិទ្ទេស A លើមុខវិជ្ជាវិទ្យាសាស្ត្រ៖ គណិតវិទ្យា និងរូបវិទ្យា)
    -ឆ្លងកាត់ការប្រឡងប្រជែងលើវិញ្ញាសា គណិតវិទ្យា តក្កវិទ្យា និងភាសាអង់គ្លេស។ និស្សិតដែលមានជីវភាពក្រីក្រ មកពីជនបទដាច់ស្រយាល ជនមានពិការភាព និងនិស្សិតនារីត្រូវបានលើកទឹកចិត្ត។

    ៤. កាលបរិច្ឆេទ និងការចុះឈ្មោះប្រឡង៖
    ការចុះឈ្មោះប្រឡងត្រូវធ្វើតាមប្រព័ន្ធអនឡាញ www.cadt.edu.kh/scholarship ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរសព្ទលេខ ០១៥ ៣៣៥ ៨៧៧។
    ខ្ញុំសង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា ក្មួយៗនឹងដាក់ពាក្យស្នើសុំប្រឡងប្រជែង “អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ” និងខិតខំរៀនសូត្រ និងអភិវឌ្ឍចំណេះដឹងរបស់ខ្លួន ដើម្បីចូលរួមចំណែកអភិវឌ្ឍកម្ពុជាឆ្ពោះទៅសម្រេចបានបរិវត្តកម្មឌីជីថលនៅកម្ពុជានាពេលអនាគត ៕

    ប្រភព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ – Ministry of Post and Telecommunications​

    Share This Post: