ចំនួនអ្នកបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ នៅអាមេរិក ពេលនេះបានកើនឡើងរហូតដល់ជាង ៩០០,០០០ នាក់
- BY
- autoadmin
- February 5, 2022
ចំនួនអ្នកបាត់បង់ជីវិតនៅសហរដ្ឋអាមេរិកដោយសារជំងឺ COVID-19 បានកើនឡើងដល់ជាង ៩០០,០០០ នាក់ហើយ កាលពីថ្ងៃសុក្រ បើទោះបីជាចំនួនករណីថ្មីៗកំពុងធ្លាក់ចុះ ប៉ុន្តែចំនួនអ្នកស្លាប់ និងអ្នកជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅតែមានកម្រិតខ្ពស់។ ទិន្នន័យដែលបានចងក្រងដោយសាកលវិទ្យាល័យ Johns Hopkins បានបង្ហាញថា ចំនួនអ្នកស្លាប់បានកើនឡើងបន្ថែម ១០០,០០០ នាក់ ចាប់ពីពាក់កណ្តាលខែធ្នូ នៅពេលដែលវ៉ារ្យ៉ង់ អូមីក្រុង បានចាប់ផ្តើមរីករាលដាលនៅក្នុងប្រទេសនេះ។ ចំនួនឆ្លងសរុបប្រចាំមានពេលមួយ បានកើនឡើងដល់ ១ លានករណី ប៉ុន្តែចំនួនករណីថ្មីៗបានធ្លាក់ចុះចាប់តាំងពីពេលនោះមក។
![]()
គិតត្រឹមថ្ងៃព្រហស្បតិ៍ ការឆ្លងក្នុងរយៈពេល ៧ថ្ងៃ គឺមានជាមធ្យមប្រហែល ៣៨៤,០០០ ករណី ក្នុងមួយថ្ងៃ។ ចំណែកការសម្រាកព្យាបាលនៅមន្ទីរពេទ្យបានកើនឡើងដល់ប្រហែល ១២០,០០០ នាក់ ដោយសារការកើនឡើងនៃអ្នកជំងឺមានរោគសញ្ញាធ្ងន់ធ្ងរ។ ចំនួនអ្នកស្លាប់ប្រចាំថ្ងៃនៅតែមានកម្រិតខ្ពស់ ដោយមានប្រហែល ២,៤០០ នាក់ ក្នុងមួយថ្ងៃ នៅក្នុងសប្ដាហ៍ចុងក្រោយនេះ។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) បានព្យាករណ៍ថា ការស្លាប់អាចកើនដល់ ៩៣០,០០០ ទៅ ៩៦០,០០០ នាក់ ត្រឹមថ្ងៃទី២៦ ខែកុម្ភៈ ខាងមុខនេះ។ មន្ត្រី CDC កំពុងជំរុញប្រជាជនឱ្យទទួលថ្នាំបង្ការ ឬការចាក់ដូសជំរុញ ពាក់ម៉ាស់ និងជៀសវាងការជួបជុំគ្នាច្រើន៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






