ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល ក្រើនរំលឹកការការពារចម្លងវីរុសកូវីដ-១៩ ប្រភេទអូមីក្រុង ក្រោយកើនឡើងជាបន្តបន្ទាប់ដល់ ៣ខ្ទង់

    BY Khmernote Media February 9, 2022
    ក្រសួងសុខាភិបាល ក្រើនរំលឹកការការពារចម្លងវីរុសកូវីដ-១៩ ប្រភេទអូមីក្រុង ក្រោយកើនឡើងជាបន្តបន្ទាប់ដល់ ៣ខ្ទង់

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្ដីណែនាំក្រើនរំលឹក ស្ដីពីបន្តការការពារការចម្លងវីរុសកូវីដ-១៩ ជាពិសេស អូមីក្រុង(Omicorn) ។

    ដោយសង្កេតឃើញថា បច្ចុប្បន្ននេះ ស្ថានភាពនៃការឆ្លងវីរុសកូវីដ១៩ ជាពិសេសអូមីក្រុង នៅក្នុងប្រទេសកម្ពុជា មានការកើនឡើងជាបន្តបន្ទាប់លើសពី៣ខ្ទង់ទៅហើយជារៀងរាល់ថ្ងៃ ដែលគួរឱ្យមានការព្រួយបារម្ភ ហើយវិធានការការពារការចម្លងជំងឺកូវីដ១៩ ក៏ឃើញថានៅមិនទាន់មានការអនុវត្តន៍បានម៉ត់ចត់ និងម៉ឺងម៉ាត់ ជាពិសេសការជួបជុំគ្នា គឺមានការកើនឡើងច្រើនទៅៗ ដោយមិនមានការប្រតិបត្តិត្រឹមត្រូវតាមវិធានការសុខាភិបាល ដែលបង្កលទ្ធភាពឱ្យមានការចម្លងវីរុសកូវីដ១៩ កាន់ច្រើនឡើងជារៀងរាល់ថ្ងៃនោះ។

    ក្រសួងសុខាភិបាល សូមជម្រាបសាធារណជនទាំងអស់ថា អូមីក្រុង (Omicron) កំពុងតែសកម្មចរាចរយ៉ាងឆាប់រហ័សដោយគ្មានព្រំដែន និងគ្មានលិខិតឆ្លងដែន នៅលើសាកលលោក នៅក្នុងតំបន់ និងនៅក្នុងប្រទេសកម្ពុជា ដែលតម្រូវឱ្យបងប្អូនចាំបាច់ត្រូវតែប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ១៩នេះ ឱ្យបានទាន់ពេលវេលាដើម្បីជៀសវាងបាននូវមហន្តរាយសុខភាពសាធារណៈ ផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមរួមទាំងការចៀសវាងបាននូវការវិលត្រឡប់ទៅរកផលលំបាកនៃការរស់នៅប្រចាំថ្ងៃរបស់បងប្អូន និងដើម្បីធានាបាននូវនិរន្តរ៍ភាព នៃការរស់នៅធម្មតា ក្នុងប្រក្រតីភាពថ្មីរបស់បងប្អូនបានយូរអង្វែងនោះ សូមប្រជាពលរដ្ឋទាំងអស់បន្តអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ជាពិសេសការពារ និង៣កុំ» និងអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ ឬសជំរុញ ឱ្យបានគ្រប់ៗគ្នា គោរពតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈសារសម្លេងនាយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

    បើទោះបីជាមានការគ្រប់គ្រងឆ្លើយតបទៅនឹងការរាតត្បាតជំងឺកូវីដ-១៩ បានទទួលលទ្ធផលល្អប្រសើរក៏ដោយ ក៏យើងមិនត្រូវភ្លេចខ្លួន ហើយមានការធ្វេសប្រហែស ឬបំភ្លេចចោលនូវកិច្ចការពារខ្លួនកុំឱ្យមានការចម្លងជំងឺកូវីដ១៩ នោះឡើយ។

    ជំងឺរាតត្បាតកូវីដ១៩នេះ នៅមិនទាន់ចប់នៅឡើយទេ ហើយយើងកំពុងតែប្រឈមមុខទៅនឹងការឆ្លងវីរុសកូវីដ១៩ អូមីក្រុងនេះ ជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ ដែលជាការចាំបាច់ខ្លាំងណាស់ក្នុងពេលនេះ ដែលបុគ្គលគ្រប់រូបត្រូវត្រៀមលក្ខណៈ និងរៀបចំឱ្យបានល្អសម្រាប់ការឆ្លើយតប ការពារខ្លួន និងចូលរួមធ្វើអន្តរាគមន៍ទៅនឹងការឆ្លងជំងឺដ៏កាចសាហាវមួយនេះ។

    យើងត្រូវតែអត់ធ្មត់បន្ថែមទៀត ខណៈដែលយើងកំពុងតែរៀនរស់នៅជាមួយនឹងវត្តមាននៃវីរុសកូវីដ១៩ និងការប្រុងប្រយ័ត្នខ្ពស់នៃការបើកដំណើរការសេដ្ឋកិច្ច និងសង្គមឡើងវិញនៅពេលនេះ ដោយយើងទាំងអស់គ្នាចាំបាច់ត្រូវធ្វើសកម្មភាពឆ្លើយតបរួមគ្នា ដោយផ្អែកលើអ្វីដែលយើងបានដឹង និងធ្វើបានជោគជ័យរួចមកហើយនោះ និងរួមគ្នាទប់ស្កាត់ការចម្លងជាបន្តទៀត ដើម្បីកុំឱ្យហួសពេល និងមានការស្តាយក្រោយដោយយើងត្រូវត្រៀមរៀបចំបម្រុងសម្រាប់ការកើនឡើងជាគំហុកណាមួយនៃជំងឺកូវីដ១៩ ដែលអាចឱ្យយើងជៀសវាងបានពីសភាពការរាតត្បាតទៅហូសខ្សែបន្ទាត់ក្រហម ដែលធ្វើឱ្យប្រព័ន្ធសុខាភិបាលទទួលបន្ទុកធ្ងន់ធ្ងរ ឬអាចហួសកម្រិតដែលអាចទ្រាំទ្របាន ហើយក៏អាចការពារប្រជាជនងាយរងគ្រោះបានផងដែរ។

    យើងដឹងបានថាអូមីក្រុង មានសមត្ថភាពខ្ពស់ក្នុងការចម្លងបន្តគ្នាលឿនជាងប្រភេទអាល់ហ្វា ឬដែលតា ហើយយើងក៏ដឹងដែរថា វិធានការសុខភាពសាធារណៈ និងការការពាររបស់បុគ្គល ដោយនៅក្នុងប្រទេសកម្ពុជា ការអនុវត្តន៍វិធានការ «៣ការពារ និង៣កុំ» បូកនឹងការចាក់វ៉ាក់សាំងកូវីដ១៩ គឺជាចំណុចគន្លឹះដែលមានប្រសិទ្ធភាពខ្ពស់ ហើយនៅតែជាកិច្ចការការពារដ៏រឹងមាំបំផុតរបស់យើងប្រឆាំងនឹងជំងឺកូវីដ១៩ រួមទាំងអូមីក្រុង (Omicron) និងការពារជនដែលងាយរងគ្រោះ ប្រសិនបើយើងទាំងអស់គ្នា អនុវត្តបានត្រឹមត្រូវ និងទៀងទាត់នូវវិធានការខាងលើនេះ ៕

    ខាងក្រោមជាសេចក្ដីណែនាំលម្អិតរបស់ ក្រសួងសុខាភិបាល ៖

    Share This Post: