ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា កំពុងស្នើសុំចុះព្រះរាជពិធីបុណ្យអុំទូក ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

    BY Khmernote Media February 9, 2022
    កម្ពុជា កំពុងស្នើសុំចុះព្រះរាជពិធីបុណ្យអុំទូក ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

    រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០២១ និងទិសដៅការងារសម្រាប់ឆ្នាំ២០២២។

    លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានថ្លែងឲ្យដឹងថា ក្រសួងកំពុងស្នើសុំចុះព្រះរាជពិធីបុណ្យអុំទូក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ការស្នើសុំចុះ ព្រះរាជពិធីបុណ្យអុំទូក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ គឺជាការងារមួយ ក្នុងចំណោមការងារជាច្រើន ដែលជាសមិទ្ធកម្មការងារជាងពាក់កណ្ដាលអាណត្តិ នៅក្នុងរយៈពេល ៥ឆ្នាំ នៃអាណត្តិរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា របស់ក្រសួងវប្បធម៌ នាពេលកន្លងមក។

    ក្នុងនោះផងដែរ លោកស្រី ភឿង សកុណា បានបញ្ជាក់ថា ក្រសួងបានបន្តរៀបចំនិងសហការរៀបចំឯកសារដើម្បីស្នើសុំចុះ «ប្រាសាទកោះកេរ» «នំបញ្ចុក» «ក្បាច់គុនល្បុក្កតោ» និង «ទីក្រុងបាត់ដំបង» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក, បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ, និងបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិត (Creative Cities Network) របស់អង្គការយូណេស្កូ ហើយក៏បានបន្តរៀបចំបញ្ជីត្រៀមដើម្បីគ្រោងស្នើសុំចុះសម្បត្តិវប្បធម៌ដែលមានសក្តានុពលផ្សេងទៀត ទៅក្នុងបញ្ជីបេតិកភណ្ឌរបស់អង្គការយូណេស្កូ រួមមាន ក្រុមប្រាសាទបន្ទាយឆ្មារ, រមណីយដ្ឋានអង្គរបុរីនិងភ្នំដា, រមណីយដ្ឋានគូលែន, ក្រុមប្រាសាទបេងមាលា, ក្រុមប្រាសាទព្រះខ័នកំពង់ស្វាយ, រមណីយដ្ឋានឧដុង្គ, សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង, មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក, អតីតមន្ទីរឃុំឃាំង ម-១៣, និងព្រះរាជពិធីបុណ្យអុំទូក ៕

    Share This Post: