ក្រសួងសាធារណការ គ្រោងនឹងផលិតស្ពតអប់រំពន្យល់ណែនាំ ពីការប្រើប្រាស់ផ្លូវល្បឿនលឿន
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា ក្រសួងសាធារណការ គ្រោងនឹងផលិតស្ពតអប់រំពន្យល់ណែនាំ ពីការប្រើប្រាស់ផ្លូវល្បឿនលឿន ខណៈដែលផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ នឹងដាក់ឲ្យប្រើប្រាស់សាកល្បងជាបណ្ដោះអាសន្ន នៅខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ និងការដឹកជញ្ជូនទំនិញ។

ថ្លែងក្នុងលទ្ធិផលបូកសរុបការងារសុវត្ថិភាព ចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា “គម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ-ព្រះសីហនុ មានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែកញ្ញា ឆ្នាំ២០២២ ព្រមទាំងដាក់ឱ្យប្រើប្រាស់ជាផ្លូវការតែម្តង “។
ឯកឧត្តមទេសរដ្ឋមន្ដ្រី បានបន្ថែមទៀតថា ការដាក់ដំណើរការផ្លូវល្បឿនលឿន ជាបណ្តោះអាសន្ននេះ ស្របពេលដែលក្រសួងចាប់ផ្តើមបើកការដ្ឋានពង្រីកទំហំ ផ្លូវជាតិលេខ៤ ពីភ្នំពេញ-ខេត្តព្រះសីហនុ ពី៧ម៉ែត្រ ទៅ១៤ម៉ែត្រផងដែរ។ ក្នុងនោះក្រសួងនឹងផលិតស្ពតពាណិជ្ជកម្មពន្យល់ណែនាំ ពីការប្រើប្រាស់ផ្លូវល្បឿនលឿន ដោយសារតែប្រជាពលរដ្ឋកម្ពុជាមួយចំនួន មិនយល់ច្បាស់ពីការប្រើប្រាស់ផ្លូវល្បឿនលឿននៅឡើយ ផ្លូវនេះនឹងមិនអនុញ្ញាតឱ្យម៉ូតូតូច និងរថយន្តដែលបើកបើរក្នុងល្បឿនយឺត ៣០គីឡូម៉ែត្រក្នុងមួយម៉ោងបើកបរបាននោះទេ។
សូមបញ្ជាក់ថា ផ្លូវល្បឿនលឿនពីភ្នំពេញ-ព្រះសីហនុ ត្រូវបានធ្វើពិធីបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមគម្រោងផ្លូវលឿនលឿននេះមានទទឹងតួផ្លូវ ២៤ម៉ែត្រកន្លះ និងក្រាលបេតុងកៅស៊ូAC កម្រាស់ ១០សង់ទីម៉ែត្រ ដោយគន្លងផ្លូវធ្វើចរាចរណ៍ ជាបួនគន្លង (ពីរគន្លងទៅ និងពីរគន្លងមក) ដែលអនុញ្ញាតឲ្យយានយន្តគ្រប់ប្រភេទ អាចបើកបរក្នុងល្បឿនបានរហូត ១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង និងកន្លែងខ្លះអាចបើកបរក្នុងល្បឿនលឿន ១២០គីឡូម៉ែត្រក្នុងមួយម៉ោង ៕


ប្រភព៖ ក្រសួងព័ត៌មាន