អាជ្ញាធរក្រុងសៀមរាបចុះណែនាំប្រជាពលរដ្ឋ កុំអោយចតយានយន្ត និងដាក់របស់របរបាំងផ្លូវសម្រាប់ជិះកង់
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ដសៀមរាប នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា អាជ្ញាធរក្រុងសៀមរាប បានធ្វើការចុះណែនាំប្រជាពលរដ្ឋ កុំអោយធ្វើការចតយានយន្ត និងដាក់របស់របរបាំងផ្លូវសម្រាប់ជិះកង់ ដោយសារតែអាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលជិះកង់លេងកម្សាន្ត ក៏ដូចជាធ្វើលំហាត់ប្រាណ។

ការចុះណែនាំនេះបានធ្វើឡើង ក្រោយមានការចែកចាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលបង្ហាញពីរូបភាពម្ចាស់យានយន្តមួយចំនួនបានយកយានជំនិះរបស់ខ្លួនមកចតបិទផ្លូវសម្រាប់អ្នកជិះកង់ ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ និងសោភ័ណភាពទីក្រុង។ នៅក្នុងនោះ ក៏មានប្រជាពលរដ្ឋ បានសំណូមពរឲ្យម្ចាស់យានយន្តធ្វើការចតយានជំនិះរបស់ខ្លួនឲ្យមានសណ្តាប់ធ្នាប់ ចៀសវាងការបិទផ្លូវសម្រាប់អ្នកជិះកង់ ដែលជាការរំខានដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជិះកង់ធ្វើលំហាត់ប្រាណ និងលេងកម្សាន្តផងដែរ ៕





