ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង៖ បច្ចុប្បន្នពន្ធនាគារជួបបញ្ហាណែនចង្អៀត ដោយសារជាង៥០ភាគរយ ក្នុងចំណោមអ្នកជាប់ឃុំ ជាអ្នកពាក់ព័ន្ធគ្រឿ-ងញៀ-ន

BY
Khmernote Media
February 10, 2022

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ស្នើឱ្យមន្ត្រីពាក់ព័ន្ធមានវិធានការ និងពិនិត្យអ្នកបើកបរដែលពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន។ សម្តេចក្រឡាហោម មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធីបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ គ.ស.ច.គ នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២។

សម្ដេចក្រឡាហោម មានប្រសាសន៍បន្តថា “អ្នកបើកបររថយន្តធន់ធំមួយចំនួននៅតាមក្រុមហ៊ុនប្រើប្រាស់នូវសាធាតុញៀន ហេតុដូច្នេះសូមឱ្យឯកឧត្តម នាយឧត្តមសេនី៍យ៍ អគ្គស្នងការនគរបាលជាតិ ធ្វើការត្រួតពិនិត្យ ទន្ទឹមនឹងនេះក្រុមហ៊ុនដឹកជញ្ជូនឯកជនទាំងអស់ ឬស្ថាប័នពាក់ព័ន្ធត្រូវសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសនោះគឺអគ្គស្នងការដ្ឋានគបាលជាតិដើម្បីធ្វើការពិនិត្យអ្នកបើកបរទាំងអស់នោះ”។

សម្តេចក្រឡាហោម បន្ថែមថា អ្នកបើកបរមិនតិចទេដែលពាក់ព័ន្ធនឹងគ្រឿងញៀន។ ហេតុដូច្នេះត្រូវរៀបចំបែបបទនីតិវិធីដើម្បីធ្វើការត្រួតពិនិត្យមានកិច្ចសហការរវាងសមត្ថកិច្ច ជាមួយវិស័យឯកជន ពិសេសក្រុមហ៊ុនដឹកជញ្ជូន ព្រមទាំងត្រូវរកវិធីដោះស្រាយ ដែលនេះជាបញ្ហាត្រូវតែយកចិត្តទុកដាក់។

ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននេះដែរ សម្តេចក្រឡាហោម បានសម្តែងក្តីព្រួយបារម្ភពីបញ្ហាសុខភាពសាធារណៈពាក់ព័ន្ធនឹងគ្រឿងញៀន នឹងផ្តល់ការលំបាកកាន់តែខ្លាំង។ ក្នុងចំណោមអ្នកជាប់ពន្ធនាគារប្រមាណ ៣៨០០០នាក់ មានជាង២០០០០នាក់ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន។ សម្តេចក្រឡាហោម បានមានប្រសាសន៍ទៀតថាបច្ចុប្បន្នពន្ធនាគារជួបបញ្ហាណែនចង្អៀត ដោយសារតែ៥៤,៥២ភាគរយ ក្នុងចំណោមអ្នកជាប់ឃុំ ជាអ្នកដែលពាក់ព័ន្ធគ្រឿងញៀន៕

រូបតំណាង

ប្រភព៖ ក្រសួងមហាផ្ទៃ

Share This Post: