ក្រសួងសុខាភិបាល ក្រើនរំលឹកវិធានការការពារចម្លងជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មីអូមីក្រុង អំឡុងថ្ងៃទិវាបុណ្យក្ដីស្រលាញ់ ១៤កុម្ភៈ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្ដីជូនព័ត៌មានក្រើនរំលឹក ស្ដីពីការពង្រឹងវិធានការការពារចម្លងជំងឺកូវីដ-១៩ ជាពិសេស វីរុសបំប្លែងថ្មីអូមីក្រុង អំឡុងថ្ងៃទិវាបុណ្យក្ដីស្រលាញ់ ១៤កុម្ភៈ ។

ជារៀងរាល់ឆ្នាំ នាថ្ងៃទី១៤ ខែកុម្ភៈ បងប្អូនប្រជាពលរដ្ឋមួយចំនួនជាពិសេសយុវជន យុវនារី ទោះបីជាមិនមែនជាប្រពៃណីរបស់ខ្មែរ តែនឹងអាចមានការជួបជុំគ្នាដើរកំសាន្ត ឬបរិភោគអាហាររួមគ្នាជាដើម នាថ្ងៃបុណ្យនៃក្តីស្រលាញ់ ដែលជាទំនៀមទម្លាប់របស់បរទេស ដើម្បីចែករំលែកសេចក្តីស្រលាញ់ដល់គ្នាទៅវិញទៅមក ចំពោះក្រុមគ្រួសារ មាតាបិតា លោកតាលោកយាយ ញាតិមិត្ត មិត្តភក្តិ គូស្វាមី ភរិយា និងគូសង្សារ ដែលសកម្មភាពនេះ អាចបង្កជាហានិភ័យខ្ពស់ នាំឱ្យមានការចម្លងជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ ជាពិសេសវីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ដែលជាប្រភេទវីរុសឆ្លងលឿនជាងប្រភេទមុនៗ។
ក្រសួងសុខាភិបាល សូមក្រើនរំលឹកដល់សាធារណជនទាំងអស់ ជាពិសេសយុវជន-យុវនារី សូមមេត្តាបន្តការប្រុងប្រយ័ត្នខ្ពស់នូវលទ្ធភាពនៃការឆ្លងវីរុសកូវីដ-១៩ ដែលកំពុងតែចរាចរនៅក្នុងសហគមន៍យើង និងអនុវត្តន៍វិធានការសុខាភិបាល ឱ្យបានម៉ត់ចត់តាមប្រសាសន៍ណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈសារសម្លេងនាយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ដែលបានក្រើនរំលឹកអំពីការការពារខ្លួនរបស់បុគ្គល ដោយសារមានការកើនឡើង នៃការចម្លងជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មីអូមក្រុង នៅកម្ពុជា ដែលជាក្តីព្រួយបារម្ភរបស់រាជរដ្ឋាភិបាល និងបានអំពាវនាវឱ្យមានការកាត់បន្ថយការជួបជុំក្នុងទ្រង់ទ្រាយធំ ឬការជួបជុំដែលមិនចាំបាច់នានា ព្រមទាំងត្រូវបន្តអនុវត្តន៍វិធាន ការសុខាភិបាលឱ្យបានពេញលេញ និងម៉ត់ចត់នៅគ្រប់សកម្មភាពរបស់បងប្អូន។
ការចម្លងវីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ភាគច្រើនកើតមាននៅក្នុងចំណោមក្រុមមនុស្ស ដែលមានការជួបជុំគ្នាច្រើន ហើយមានការធ្វេសប្រហែស ក្នុងការអនុវត្តវិធានាការសុខាភិបាលត្រឹមត្រូវ ដែលបង្កជាឱកាសធ្វើឱ្យមានការចម្លងបន្តគ្នា ហើយពួកគាត់អាចនាំយកវីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ទៅចម្លងបន្តដល់ក្រុមគ្រួសារ ជាពិសេសជនងាយរងគ្រោះនៅក្នុងគ្រួសាររបស់គាត់ ដូចជាមនុស្សវ័យចាស់ អ្នកមានជំងឺប្រចាំកាយជាដើម ដែលអាចបង្កជាហានិភ័យកាន់តែខ្លាំងអាចបណ្តាលឱ្យមានការកើនឡើងករណីឈឺធ្ងន់ ត្រូវការសម្រាកពេទ្យ និងស្លាប់ជាដើម។
ខាងក្រោមជាសេចក្ដីប្រកាសព័ត៌មានលម្អិតរបស់ ក្រសួងសុខាភិបាល៖

