យុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ ដូសទី៣ និងដូសទី៤ សម្រេចបានជិត ៦លាននាក់ហើយ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅទូទាំងប្រទេស បាននិងកំពុងបន្តនូវវឌ្ឍនភាពគួរជាទីមោទក ជាពិសេសនោះ គឺការចាក់វ៉ាក់សាំងដូសជំរុញ ខណៈដូសទី៣ ដោយសម្រេចបានចំនួន ៥ ១៧៧ ៩០៤ នាក់ និងដូសទី៤ សម្រេចបានចំនួន ៥៧៦ ១១៧នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២។

បើទោះជាការងារចាក់វ៉ាក់សាំងនៅកម្ពុជាយើងកំពុងតែមានវឌ្ឍនភាពក្តី ប៉ុន្តែការបន្តចូលរួមអនុវត្តវិធានការ ០៣ការពារ និង០៣កុំ គឺជាកត្តាចាំបាច់បំផុតមួយទៀត ដើម្បីការពារការចម្លងវីរុសកូវីដ-១៩ ក្នុងបរិបទដែលវីរុសបំប្លែងថ្មីអូមីក្រុង បាននិងកំពុងចរាចរយ៉ាងរហ័សនៅក្នុងសហគមន៍។
ពាក់ព័ន្ធនឹងការងារចាក់វ៉ាក់សាំងនេះផងដែរ សម្រាប់ក្រុមដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ មានប្រជាពលរដ្ឋចំនួន ១០ ២១៣ ១០៥ នាក់ បានចាក់ដូសទី១ និងចំនួន ៩ ៨៦៨ ៥៧៣ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១០២.១៣% នៃប្រជាជនគោលដៅសរុប ១០លាននាក់។
ចំពោះកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំវិញ អ្នកចាក់ដូសទី១ មានចំនួន ១ ៨២០ ៧០៦ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៧៤៦ ២៥៨ នាក់ ដែលស្មើនឹង ៩៩.៦៤% នៃក្រុមគោលដៅសរុបដែលមានចំនួនជាង ១លាន៨សែននាក់។
ក្នុងនោះផងដែរ ចំពោះកុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ អ្នកចាក់ដូសទី១ មានចំនួន ២ ០១៣ ៤២៥ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៩២៧ ៥៨៤ នាក់ ដែលស្មើនឹង ១០៦.១២% នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់។ សម្រាប់កុមារ អាយុ ០៥ឆ្នាំ ដែលមានចំនួនប្រមាណជាង ៣០ម៉ឺននាក់ សម្រេចចាក់បាន ៣២៦ ៩១៥ នាក់ សម្រាប់ដូសទី១ និងចំនួន ២៥១ ៩៤៥ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១០៧.៤៣%។
សម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេសវិញ សម្រេចចាក់បានចំនួន ១៤ ៣៧៤ ១៥១ នាក់ ដែលស្មើនឹង ៨៩.៨៤% នៃប្រជាពលរដ្ឋសរុប ១៦លាននាក់ ដែលនេះជាស្ថិតិមួយ ដ៏ខ្ពស់មួយនៅក្នុងចំណោមប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោក ទាំងការចាក់វ៉ាក់សាំង ដូសមូលដ្ឋាន ដូសទី៣ និងដូសទី៤៕

ប្រភព៖ ក្រសួងព័ត៌មាន