រយៈពេល៣ថ្ងៃ! មន្ត្រីជំនាញ ចុះពិនិត្យតាំងលក់ផលិតផលម្សៅទឹកដោះគោ និងបានដកហូតទំនិញខូចគុណភាព ប្រើប្រាស់ប្រមាណ ២៦៦គីឡូក្រាម ក្នុងរាជធានី-ខេត្ត ចំនួន៤
យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា ក្នុងបេសកកម្មធានាឱ្យបាននូវគុណភាព សុវត្ថិភាពទំនិញលើទីផ្សារជូនប្រជាពលរដ្ឋ នៅថ្ងៃទី៩ ទី១០ និងទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ មន្ត្រី ក.ប.ប. បន្តប្រតិបត្តិការត្រួតពិនិត្យគុណភាពទំនិញនៅក្នុងផ្សារពង្រ ខេត្តកំពង់ឆ្នាំង ផ្សារធំកំពង់ចាម ខេត្តកំពង់ចាម ផ្សារបារាយណ៍ ខេត្តកំពង់ធំ និងផ្សារក្នុងទីរួមស្រុកពេជដា ខេត្តមណ្ឌលគិរី ដោយបានធ្វើតេស្តរកសារធាតុគីមីលើទំនិញឧបភោគបរិភោគ រួមមាន៖

សរសៃគុយទាវ គ្រឿងសមុទ្រស្រស់-ក្រៀម បន្លៃផ្លែឈើ ដែលជាលទ្ធផលពុំមានវត្តមានសារធាតុគីមីហាមឃាត់លើគ្រឿងហូបចុកទាំងនោះឡើយ ដោយឡែកមានតែពពុះសណ្តែកប្រមាណ ១.៧គីឡូក្រាមប៉ុណ្ណោះ ដែលមានសារធាតុបូរ៉ាក់។
ទន្ទឹមនឹងនោះ មន្ត្រីជំនាញបានត្រួតពិនិត្យ និងរកឃើញទំនិញចម្រុះខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ សរុបចំនួន ២៦៤.៥គីឡូក្រាម និងផលិតផលឡេគ្មានស្លាកសញ្ញាត្រឹមត្រូវចំនួន ៥៩កំប៉ុង។ ចំពោះទំនិញមិនអនុលោមខាងលើ មន្ត្រី ក.ប.ប. បានដកហូតយករក្សាទុក ដើម្បីរៀបចំនីតិវិធីបន្ត។
ដោយឡែកនៅក្នុងរាជធានីភ្នំពេញឯណោះវិញ មន្ត្រី ក.ប.ប. បានចុះត្រួតពិនិត្យទំនិញតាមម៉ាតលក់ទំនិញនានាក្នុងខណ្ឌសែនសុខ ដោយបានរកឃើញផលិតផលម្សៅទឹកគោពុំមានការបកប្រែជាភាសារខ្មែរ ដែលផ្ទុយនឹងអនុក្រឹត្យលេខ១៣៣ ស្តីពីការផ្សព្វផ្សាយលក់ផលិតផលចិញ្ចឹមទារកនិងកុមារ និងបានចាត់វិធានការឱ្យផ្អាកលក់ជាបណ្តោះអាសន្ន ដោយតម្រូវឱ្យម្ចាស់ទីតាំង ឬតំណាងក្រុមហ៊ុន ចូលមកបំភ្លឺនៅសាខា ក.ប.ប. រាជធានីភ្នំពេញ ៕















ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF