ព័ត៌មានជាតិ
លោក ឌួង ងៀប ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបញ្ជូនទៅតុលាការពាក់ព័ន្ធករណី «ឆបោក និង មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន»
BY Khmernote Media
February 14, 2022
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក ឌួង ងៀប អគ្គលេខាធិការរង នៃក្រសួងមហាផ្ទៃ ត្រូវបានសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តតាមដីការតុលាការ ឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី «ឆបោក និង មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន»។

យោងតាមសេចក្តីថ្លែងការណ៍របស់ សាលាដំបូងរាជធានីភ្នំពេញ ចេញផ្សាយថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅបានឲ្យដឹងថា លោក ឌួង ងៀប រងការចោទប្រកាន់ ពាក់ព័ន្ធនឹងការលក់អចលនវត្ថុមួយកន្លែង ដែលអ្នកទិញជាដើមបានប្រគល់ប្រាក់ថ្លៃដីគ្រប់ ចំនួន ៧.៣០៥.០០០$ ឲ្យទៅជនត្រូវចោទឈ្មោះ ឌួង ងៀប រួចរាល់ ប៉ុន្តែជនត្រូវចោទពុំមានដីនោះឡើយ ហើយជនត្រូវចោទឈ្មោះ ឌួង ងៀប បានចេញមូលប្បទានប័ត្រចំនួន៣សន្លឹក ដែលគ្មានសាច់ប្រាក់ថែមទៀតផង៕

