អូមីក្រុងវាយលុកខ្លាំង! កូរ៉េខាងត្បូងរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីជាង ៩ម៉ឺនករណីក្នុងមួយថ្ងៃ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មាន
- BY
- autoadmin
- February 16, 2022
ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ បានរាយការណ៍ពីកំណត់ត្រាប្រចាំថ្ងៃនៃករណីជំងឺ COVID-19 រហូតដល់ទៅ ៩០,៤៤៣ ករណី ចំពេលមានការរីករាលដាលយ៉ាងខ្លាំងនៃវ៉ារ្យ៉ង់អូមីក្រុង ដែលនាំឱ្យការឆ្លងសរុបនៅក្នុងប្រទេសនេះ ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមមានដល់ ១,៥៥២,៨៥១ ករណី។ យោងតាមទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ (KDCA) បានឱ្យដឹងថា ចំនួនអ្នកស្លាប់នៅតែមានកម្រិតទាប ជាមួយនឹងការស្លាប់ចំនួន ៣៩ នាក់ កាលពីថ្ងៃអង្គារ ដែលនាំឱ្យការស្លាប់សរុបមាន ៧,២០២ ករណី គិតមកទល់ពេលនេះ។

យ៉ាងណា ប្រទេសមានប្រជាជនច្រើនជាង ៥២ លាននាក់មួយនេះ បានជោគជ័យមួយភាគធំក្នុងការទប់ស្កាត់ជំងឺ COVID-19 ដោយសារមានការរឹតត្បឹតលើការពាក់ម៉ាស់ ការឃ្លាតឆ្ងាយពីសង្គម និងការធ្វើតេស្ត និងការតាមដានអ្នកមានទំនាក់ទំនងជាមួយនឹងអ្នកជំងឺ។ ប៉ុន្តែអាជ្ញាធរបានផ្លាស់ប្តូរគោលនយោបាយការធ្វើតេស្ត និងការតាមដាន ស្របតាមការរីករាលដាលនៃវ៉ារ្យ៉ង់ អូមីក្រុង ដែលមិនសូវមានគ្រោះថ្នាក់ ឆ្ពោះទៅរកការត្រួតពិនិត្យដោយខ្លួនឯង និងការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលនៅផ្ទះចាប់ពីខែនេះ។ ទិន្នន័យរបស់ KDCA បានបង្ហាញថា ជាង ៨៦% នៃប្រជាជនកូរ៉េខាងត្បូង ត្រូវបានចាក់វ៉ាក់សាំងពេញលេញ ហើយ ៥៨% បានទទួលការចាក់ដូសជំរុញ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






