ដើម្បីបង្កើនការចូលរួមរបស់កីឡាករ អង្គការផ្កាយសមុទ្រកម្ពុជា និងក្រុមហ៊ុន AIA Cambodia សហការគ្នារៀបចំបើកការប្រកួតបាល់ទាត់កុមារ និងយុវជននៅក្រុងកំពត
- February 16, 2022
ថ្ងៃអាទិត្យ ទី១៣ ខែកុម្ភៈ៖ កុមារ និងយុវជនចំនួន១៨០នាក់បានមកប្រមូលផ្តុំគ្នានៅក្លឹបបាល់ទាត់ X Sport ស្ថិតនៅក្នុងក្រុងកំពត ជាមួយនឹងសម្លេងខ្ញៀវខ្ញារ និងទឹកមុខសប្បាយរីករាយ។ តាមរយៈកិច្ចសហការជាមួយនឹងក្រុមហ៊ុន AIA Cambodia អង្គការផ្កាយសមុទ្រកម្ពុជា (ISF) បានរៀបចំព្រឹត្តិការណ៍ បើកការប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF Youth League ឆ្នាំ២០២២ លើកទីពីរហើយក្នុងចំនោមការ ប្រកួតចំនួនប្រាំលើក ដែលគ្រោងនឹងធ្វើក្នុងឆ្នាំនេះនៅទូទាំងប្រទេស ។

ឆ្នាំ២០២២ គឺជាឆ្នាំទីប្រាំហើយ ដែលក្រុមហ៊ុន AIA Cambodia បានជួយឧបត្ថម្ភគាំទ្រក្នុងការរៀបចំ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF Youth League ដែលជាការប្រកួតបាល់ទាត់ វិលជុំថ្នាក់មូលដ្ឋានដ៏ធំបង្អស់មួយនៅក្នុងប្រទេសកម្ពុជា ។ ចាប់តាំងពីការកកើតឡើងនៃកិច្ចសហការ មួយនេះ ស្ថាប័នទាំងពីរបានកត់សម្គាល់ឃើញថាដោយសារតែឱកាសក្នុងការចូលរួមប្រកួតប្រជែង ក្នុងកីឡាគឺពិតជាកម្រខ្លាំងណាស់ ដែលជាហេតុធ្វើឲ្យកុមារ និងយុវជនមួយចំនួនត្រូវធ្វើដំណើរជាង ៨ម៉ោងពីខេត្តផ្សេងៗ ដើម្បីមកប្រកួតបាល់ទាត់នៅភ្នំពេញ ។
ដោយប្តេជ្ញាចិត្តរួមគ្នា ដើម្បីបង្កើនលទ្ធភាពចូលរួមរបស់កីឡាករ កីឡាការិនី អង្គការផ្កាយសមុទ្រ កម្ពុជា និងក្រុមហ៊ុន AIA Cambodia មានក្តីសោមនស្សយ៉ាងខ្លាំងក្នុងការពង្រីកវិសាលភាពនៃការ ប្រកួតនេះ ដោយកំណត់រៀបចំការប្រកួតបាល់ទាត់កុមារ និងយុវជននៅខេត្តក្រុងចំនួនបួន៖ រាជធានី ភ្នំពេញ ក្រុងកំពត ក្រុងសៀមរាប និងខេត្តកំពង់ស្ពឺ ដែលនឹងផ្តល់ឱកាសដល់កុមារ និងយុវជនជិត ២,០០០នាក់នៅទូទាំងប្រទេសឲ្យមកចូលរួមប្រកួតប្រជែងគ្នា ។
ដោយចូលរួមក្នុងកម្មវិធីបើកការប្រកួតនាថ្ងៃអាទិត្យនេះ លោក សូ ភារិទ្ធិ ជាអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាក្រុងកំពត បានបង្ហាញពីចំណាប់អារម្មណ៍របស់លោកចំពោះសារៈសំខាន់នៃការផ្តល់ ឱកាសលេងកីឡាដល់កុមារ និងយុវជនកម្ពុជាថា៖ “ពួកយើងពិតជាសប្បាយរីករាយណាស់ ដែលអង្គការផ្កាយសមុទ្រកម្ពុជា និងក្រុមហ៊ុន AIA Cambodia បានរៀបចំការប្រកួតបាល់ទាត់កុមារ និងយុវជននេះនៅខេត្តរបស់យើងនៅឆ្នាំនេះ ដើម្បីផ្តល់ឱកាស ឲ្យកីឡាករឲ្យមកចូលរួមកាន់តែច្រើន ។ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់បែបនេះបានជួយលើកទឹកចិត្ត ឲ្យកុមារ និងយុវជនចាប់ផ្តើមលេងកីឡា និងក្លាយជាពលរដ្ឋមានសុខភាពល្អទាំងផ្លូវចិត្ត និងកាយនា ថ្ងៃអនាគត ដែលវាក៏ស្របទៅនឹងបេសកកម្មរបស់ក្រសួងអប់រំ យុវជន និងកីឡាផងដែរ ។”
ស្រដៀងគ្នានេះផងដែរ កីឡាការនី ជិម អាយុ១៤ឆ្នាំ មកពីក្រុមបាល់ទាត់កុមារីអាយុក្រោម១៤ឆ្នាំបាន សំដែងក្តីរំភើប ដែលទទួលបានឱកាសមកចូលរួមប្រកួតប្រជែងជាមួយក្រុមដទៃថា៖ “ខ្ញុំពិតជាសប្បាយរីករាយយ៉ាងខ្លាំង ដែលបានចូលរួមប្រកួតបាល់ទាត់ឆ្នាំនេះនៅក្រុងកំពត ដែលជា ស្រុកកំណើតរបស់ខ្ញុំ ។ ខ្ញុំ និងក្រុមរបស់ខ្ញុំបានហ្វឹកហាត់ច្រើនណាស់ ដើម្បីត្រៀមចូលរួមប្រកួត ហើយ ខ្ញុំនឹងខិតខំឲ្យអស់ពីសមត្ថភាពក្នុងការប្រកួតជាមួយក្រុមដទៃ ។”
លោក រស់ ភារី ជាប្រធានផ្នែកលក់របស់ក្រុមហ៊ុន AIA Cambodia ដែលមានវត្តមានក្នុងព្រឹត្តិការណ៍ បើកការប្រកួតនេះក៏បានចែករំលែកផងដែរថា៖ “នេះគឺជាលើកដំបូងហើយ ដែលអង្គការផ្កាយសមុទ្រកម្ពុជា និងក្រុមហ៊ុន AIA Cambodia រៀបចំការ ប្រកួតបាល់ទាត់វិលជុំនៅក្រុងកំពត ។ ពួកយើងពិតជាមានក្តីសោមនស្សក្នុងការសហការជាមួយនឹង អង្គការនេះ ដើម្បីជួយកសាងអនាគតដ៏ល្អប្រសើរមួយសម្រាប់កុមារ និងយុវជនក្រីក្រ តាមរយៈកីឡា ។ ក្រៅពីអត្ថប្រយោជន៍របស់កីឡាចំពោះសុខភាព វាក៏ជួយលើកកម្ពស់ការធ្វើការជាក្រុម សមភាព និងសាមគ្គីភាពទៀតផង ។”
ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF Youth League ឆ្នាំ២០២២ នៅក្រុងកំពត នឹងប្រព្រឹត្តទៅរយៈពេលបួនសប្តាហ៍ជាប់ៗគ្នា ។ ក្រុមដែលឈ្នះក្នុងការប្រកួតនៅក្រុងកំពតនឹង ត្រូវមកចូលរួមប្រកួតប្រជែងជាមួយកីឡាករ កីឡាការនីចំនួន ៣០០នាក់ទៀត មកពីខេត្ត ក្រុង ចំនួនបីក្នុងវគ្គផ្តាច់ព្រ័ត្រ AIA – ISF Grand Championship League នៅថ្ងៃអាទិត្យ ទី១៤ ខែសីហា នៅរាជធានីភ្នំពេញ ។
អំពីអង្គការផ្កាយសមុទ្រកម្ពុជា
អង្គការផ្កាយសមុទ្រកម្ពុជា គឺជាមូលនិធិកម្ពុជាមួយដែលទទួលបានពានរង្វាន់ និងមានបទពិសោធន៍ ជាង១៥ឆ្នាំក្នុងការប្រើប្រាស់ការអប់រំ កីឡា និងគម្រោងអភិវឌ្ឍន៍សហគមន៍ ដើម្បីជួយកុមារងាយ រងគ្រោះនៅកម្ពុជា និងក្រុមគ្រួសាររបស់ពួកគេឲ្យរួចចាកផុតពីភាពក្រីក្រ ។ កិច្ចគាំទ្រផ្តោតលើ សហគមន៍របស់អង្គការនេះត្រូវបានធ្វើឡើងដោយបុគ្គលិកកម្មវិធី ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការធ្វើការយ៉ាងជិតស្និតជាមួយនឹងអាជ្ញាធរមូលដ្ឋាន ដើម្បីនាំឲ្យមានផ្លាស់ប្តូរប្រកបដោយ និរន្តរភាពនៅក្នុងរាជធានីភ្នំពេញ និងក៏ដូចជាប្រទេសកម្ពុជាទាំងមូល ។
សព្វថ្ងៃនេះ កម្មវិធីរបស់យើងកំពុងធ្វើការជាមួយសិស្សានុសិស្សចំនួនជាង ៧០០នាក់ តាមរយៈកម្មវិធី អប់រំ ដោយផ្តល់ឲ្យពួកគេនូវការសិក្សាពីថ្នាក់ពន្លឿនរហូតដល់ថ្នាក់បឋមសិក្សា មធ្យមសិក្សា ឧត្តម សិក្សា និងរហូតដល់ពួកគេមានការងារធ្វើ ។ កុមារក្រីក្រនៅទីក្រុងភ្នំពេញ ដែលមិនធ្លាប់បានចូល រៀនទទួលបានឱកាសសិក្សាកម្មវិធីសិក្សាជាតិដែលតម្រូវឲ្យពួកគេរៀនពីរថ្នាក់ក្នុងឆ្នាំតែមួយរហូត ដល់ពួកគេអាចចូលរៀនថ្នាក់ ដែលសមស្របទៅនឹងអាយុរបស់ខ្លួន ក៏ដូចជាចូលរៀននៅ សាលារដ្ឋបាន ។ សិស្សទាំងអស់ទទួលបានការ ឧបត្ថម្ភគាំទ្រជាឯកសណ្ឋានសិក្សា សម្ភារៈសិក្សា និងកញ្ចប់អាហារប្រចាំខែសម្រាប់ក្រុមគ្រួសារទាំងមូល ខណៈ ពេលដែលពួកគេរៀនសូត្រនៅសាលា ។ បន្ថែមពីនេះទៀត សិស្សក៏ទទួលបានការប្រឹក្សាការងារ និងការគាំទ្រដទៃទៀត ដើម្បីជួយពួកគេឲ្យទទួលបាននូវការងារដែលមានស្ថេរភាពផងដែរ ។
ការពិនិត្យតាមដាន និងវាយតម្លៃយ៉ាងល្អិតល្អន់បានរំលេចឲ្យឃើញពីតម្រូវការចាំបាច់នៃការគាំទ្រ ទាំងស្រុង ដើម្បីបង្កើនលទ្ធភាពទទួលបានការអប់រំពេញលេញ ជាហេតុផលដែលធ្វើឲ្យពួកយើង ធ្វើការជាមួយនឹងក្រុមគ្រួសារទាំងមូលដើម្បីជួយកាត់បន្ថយឧបសគ្គសង្គម និងសេដ្ឋកិច្ចផ្សេងៗ ដើម្បី ធានាបានថាគ្មានគម្រោងណាមួយត្រូវដំណើរតែឯកឯងនោះទេ ។ អង្គការផ្កាយសមុទ្រកម្ពុជាធ្វើការជាមួយនឹងអ្នក ទទួលផលចំនួន៣,០០០នាក់ដោយផ្តល់ឲ្យពួកគេនូវអាហារូបត្ថម្ភ ថ្នាក់អក្ខរកម្ម និងជួយរកការងារធ្វើ ដើម្បីជួយឲ្យក្រុមគ្រួសាររបស់សិស្សមានប្រភព ចំណូលមួយជាក់លាក់ ។
អំពី អេ អាយ អេ
អេ អាយ អេ គ្រុប លីមីតធីត និង សាខា (តទៅហៅថា អេ អាយ អេ “AIA” ឬ គ្រុប “Group”) មានក្រុមហ៊ុនធានារ៉ាប់រងជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន ១៨ នៅអាស៊ីប៉ាស៊ីហ្វិក – សាខាគ្រប់គ្រងទាំងស្រុង និង ក្រុមហ៊ុនបុត្រសម្ព័ន្ធនៅចិនដីគោក ទីក្រុងហុងកុង SAR(១) ប្រទេសថៃ សឹង្ហបូរី ម៉ាឡេស៊ី អូស្ត្រាលី កម្ពុជា ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ញ៉ូហ្ស៊ីលែន ហ្វីលីពិន កូរ៉េខាងត្បូង ស្រីលង្កា តៃវ៉ាន់(ចិន) រៀតណាម ប៊្រុយណេ ម៉ាកាវSAR(២) និងក្រុមហ៊ុនបណ្ដាក់ទុនរួម ៤៩ ភាគរយនៅប្រទេសឥណ្ឌា។
ក្នុងពេលបច្ចុប្បន្ន អាជីវកម្មរបស់ អេ អាយ អេ ដែលត្រូវបានបង្កើតឡើងលើកដំបូងនៅទីក្រុងសៀងហៃ កាលពីមួយសតវត្សកន្លងទៅក្នុងឆ្នាំ ១៩១៩ ។ ជាក្រុមហ៊ុនឈានមុខគេមួយនៅលើទីផ្សារ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (អតីត-ជប៉ុន) ដោយផ្តោតទៅលើបុព្វលាភធានារ៉ាប់រងជីវិត និង មានតួនាទីនាំមុខគេនៅគ្រប់ទីផ្សារភាគច្រើនរបស់ខ្លួន ។ ក្រុមហ៊ុនមានទ្រព្យសរុបចំនួន ៣៣០ ពាន់លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។
អេ អាយ អេ ឆ្លើយតបតាមតម្រូវការនៃប្រាក់សន្សំ និង ការការពាររយៈពេលវែងរបស់ពលរដ្ឋទូទៅតាមរយៈការផ្ដល់នូវផលិតផលដ៏សម្បូរបែប និងសេវាកម្មជាច្រើនរួមមាន ការធានារ៉ាប់រងជីវិត គ្រោះថ្នាក់ ការធានារ៉ាប់រងសុខភាព និង ផែនការសន្សំប្រាក់ ។ ក្រុមហ៊ុនគ្រុប ក៏ផ្ដល់ផងដែរនូវប្រាក់អត្ថប្រយោជន៍សម្រាប់បុគ្គលិក ផ្ដល់ឥណទានអាយុជីវិត និង សេវាកម្មប្រាក់សោធនិវត្តន៍ ។ តាមរយៈបណ្ដាញភ្នាក់ងារ ដៃគូ និង បុគ្គលិកដ៏ទូលំទូលាយនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក អេ អាយអេ បានផ្ដល់ការការពារដល់ម្ចាស់បណ្ណសន្យារ៉ាប់រងជារូបវ័ន្តបុគ្គលច្រើនជាង ៣៩ លាននាក់ និងសមាជិកដែលបានចូលរួមក្នុងគម្រោងបណ្ណសន្យារ៉ាប់រងជាក្រុមជាង ១៦ លាននាក់។
អេ អាយ អេ គ្រុបលីមីតធិត (AIA Group Limited) ត្រូវបានដាក់បញ្ចូលក្នុង តារាងនៃក្រុមប្រឹក្សាភិបាលចម្បងនៃ គណកម្មាធិការផ្សារមូលបត្រទីក្រុងហុងកុង (Main Board of The Stock Exchange of Hong Kong Limited) ដែលស្ថិតក្រោមច្បាប់ផ្សារមូលបត្រ “១២៩៩” ស្របតាមច្បាប់ស្ដីពី ការទទួលប្រាក់តម្កល់នៃសហរដ្ឋអាមេរិក (កម្រិត ១) A (American Depositary Receipts (Level 1) ដែលធ្វើពាណិជ្ជកម្មលើទីផ្សារស្របច្បាប់ (រូបសញ្ញា៖ “AAGIY”)។
សំគាល់៖
១. ទីក្រុងហុងកុងSAR គឺសំដៅទៅលើតំបន់រដ្ឋបាលពិសេសនៃទីក្រុងហុងកុង
២. ម៉ាកាវ SAR គឺសំដៅទៅលើតំបន់រដ្ឋបាលពិសេសនៃម៉ាកាវ





- Share This Post:






