ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    និយ័តករទូរគមនាគមន៍កម្ពុជា ចាត់វិធានការបិទខ្ទប់វេបសាយចំនួន១៥ ដែលកំពុងដំណើរការល្បែងឆ្នោតខុសច្បាប់នៅក្នុងប្រទេសកម្ពុជា

    BY Khmernote Media February 16, 2022
    និយ័តករទូរគមនាគមន៍កម្ពុជា ចាត់វិធានការបិទខ្ទប់វេបសាយចំនួន១៥  ដែលកំពុងដំណើរការល្បែងឆ្នោតខុសច្បាប់នៅក្នុងប្រទេសកម្ពុជា

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ និយ័តករទូរគមនាគមន៍កម្ពុជា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្ដីប្រកាសព័ត៌មាន ជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា ន.ទ.ក. បានចាត់វិធានការបិទខ្ទប់ឈ្មោះដែនសរុបចំនួន ១៥ (ដូចមានភ្ជាប់ជូន) ដែលកំពុងដំណើរការល្បែងឆ្នោតខុសច្បាប់ នៅក្នុងប្រទេសកម្ពុជា និងឈ្មោះដែន ដែលក្លែងបន្លំជាឈ្មោះដែន សម្រាប់ការស្នើសុំទិដ្ឋាការនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន។

    កន្លងមក ន.ទ.ក. ធ្លាប់បានចាត់វិធានការបិទខ្ទប់ឈ្មោះដែន ដែលដំណើរការល្បែងឆ្នោតខុសច្បាប់ចំនួន ២៥ រួចមកហើយ ដូចមានក្នុងសេចក្តីប្រកាសព័ត៌មានលេខ ០៦៦០ ន.ទ.ក. ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។

    ន.ទ.ក. នឹងបន្តសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធរពាក់ព័ន្ធនិងប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ដើម្បីលុបបំបាត់រាល់ឈ្មោះដែន ដែលធ្វើប្រតិបត្តិការ និងផ្តល់សេវាល្បែងស៊ីសងអនឡាញ និងល្បែងឆ្នោត ដែលផ្ទុយច្បាប់ និងសារាចរណែនាំរបស់រាជរដ្ឋាភិបាលលេខ ០៧ សរណន ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ស្តីពីការពង្រឹងការ គ្រប់គ្រងអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិច តាមរយៈអ៊ីនធឺណិតអនឡាញក្នុង និងក្រៅប្រទេសគ្រប់ប្រភេទ ព្រមទាំងឈ្មោះដែនផ្សេងទៀតទាំងឡាយណា ដែលធ្វើប្រតិបត្តិការខុសច្បាប់ ក្នុងគោលដៅចូលរួមថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយក្នុងសង្គម។

    ជាមួយគ្នានេះដែរ ន.ទ.ក. សូមអំពាវនាវដល់សាធារណជនទាំងអស់ ចូលរួមរាយការណ៍មក ន. ទ.ក តាមរយៈលេខទូរស័ព្ទ ៦៧៨៩ នៅរៀងរាល់ម៉ោងធ្វើការ ឬតាមបណ្តាញសង្គម Facebook: «និយ័តករទូរគមនាគមន៍កម្ពុជា-Telecommunication Regulator of Cambodia» នូវឈ្មោះដែនដែលធ្វើប្រតិបត្តិការ និងផ្តល់សេវាល្បែងស៊ីសងអនឡាញ ល្បែងឆ្នោតខុសច្បាប់ និងបង្ហោះរូបភាព និងវីដេអូអាសអាភាសកុមារ នៅក្នុងប្រទេសកម្ពុជា ដោយនិយ័តករទូរគមនាគមន៍កម្ពុជា នឹងរក្សាការសម្ងាត់ជូន៕

    ប្រភព៖ និយ័តករទូរគមនាគមន៍កម្ពុជា – Telecommunication Regulator of Cambodia

    Share This Post: