ផ្សារបន្លែច្បារអំពៅ បើមិនអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនទេ គឺមិនអនុញ្ញាតឱ្យចេញ-ចូលក្នុងផ្សារឡើយ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ប្រធានផ្សារច្បារអំពៅបានឱ្យដឹងថា បើបងប្អូនប្រជាពលរដ្ឋនិងអាជីវករផ្សារបន្លែច្បារអំពៅ មិនអនុវត្ត ឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាលទេ គឺមិនអនុញ្ញាតឲ្យចេញ-ចូលក្នុងផ្សារបន្លែច្បារអំពៅឡើយ។

នេះបើតាមការបញ្ជាក់ឱ្យដឹងពី លោក សាន់ ប៊ុនណា ប្រធានគណៈកម្មការផ្សារបន្លែច្បារអំពៅនាព្រឹកថ្ងៃទី ១៦ខែកុម្ភៈឆ្នាំ២០២២ នេះ។
លោកសាន់ ប៊ុនណា បានមានប្រសាសន៍លើកឡើងថា អនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី១០ខែកុម្ភៈ កន្លងមកនេះ ពោលគឺខណៈដែលជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងបានរីករាលដាលចូលក្នុងសហគមន៍ គណៈកម្មការផ្សារបន្លែ ច្បារអំពៅ បានដាក់កម្លាំងសន្តិសុខ នៅតាមច្រកចេញ-ចូលទាំង៩ជាមួយនឹងការដាក់កន្លែងវាស់កម្ដៅ ជែល អាល់កុលសម្រាប់ លាងដៃជាដើម នៅតាមច្រកទាំងអស់។តម្រូវឲ្យបងប្អូនប្រជាពលរដ្ឋក៏ដូចជាអាជីវករត្រូវបង្ហាញកាតចាក់វ៉ាក់សាំង ។ បងប្អូនប្រជាពលរដ្ឋនិងអាជីវករទាំងអស់ បើមិនបានបំពេញតាមលក្ខខណ្ឌលើកិច្ចការពារទប់ស្កាត់ជំងឺកូវីដ-១៩ ទៅតាមវិធានការ របស់ក្រសួងសុខាភិបាលទេ គឺមិនអនុញ្ញាតឱ្យចូលផ្សារ ដើម្បីទិញបន្លែបង្ការ ត្រី សាច់ឡើយ ។
សូមបញ្ជាក់ផងដែរថា ក្នុងព្រឹត្តិការណ៍នៃការរីករាលដាលជំងឺកូវីដ-១៩ប្រភេទអូមីក្រុងនេះ អាជីវករលក់ដូរក្នុងផ្សារ មកលក់ដូរ ជាធម្មតា ប៉ុន្តែសម្រាប់អតិថិជនចេញ-ចូលផ្សារ ថ្ងៃខ្លះមានការថយចុះប្រមាណ២០% ថ្ងៃខ្លះក៏ធម្មតាដែរ។ ទោះបីជាយ៉ាងណាក្តី ការរឹតបន្តឹង លើកិច្ចការពារជំងឺរាតត្បាតនេះ គណៈកម្មការផ្សារ បានផ្សព្វផ្សាយតាមឧគ្ឃោសនស័ព្ទជាប្រចាំ ដោយត្រូវអនុវត្តឱ្យបាន ខ្ជាប់ខ្ជួននូវវិធានរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្ត ៣កុំនិង៣ការពាររបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា៕


ប្រភព៖ ក្រសួងព័ត៌មាន