ព័ត៌មានជាតិ

មន្ទីរសាធារណការខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យយានយន្តចំនួន ៣៥គ្រឿង ក្នុងនោះមាន ៤គ្រឿងដឹកលើសពី២០% ត្រូវបានឃាត់ទុករយៈពេលមួយឆ្នាំ

BY
srey nuch
February 17, 2022

ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នាពេលព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដឹកនាំដោយ លោក តាំង ពៅ ប្រធានលេខាធិការដ្ឋាន គណៈកម្មការដឹកជញ្ជូនលើសទម្ងន់កំណត់ សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ និងសមត្ថកិច្ចពាក់ព័ន្ធ។

បានចុះត្រួតពិនិត្យយានយន្តសរុបចំនួន ៣៥គ្រឿង ក្នុងនោះមាន០៤ គ្រឿង ត្រូវបានឃាត់ទុករយៈពេល០១ឆ្នាំ ដោយដឹកលើសពី២០% (ចន្លោះពី ២០តោន ទៅដល់ ៣៧តោន), ១៥គ្រឿងដឹកលើសស្ថិតក្នុងកម្រិតអនុគ្រោះ និង១៦គ្រឿងទៀតដឹកត្រឹមត្រូវតាមបច្ចេកទេសដែលបានកំណត់ ស្ថិតនៅក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ជាថ្មីម្តងទៀត សូមម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ ត្រូវដឹកជញ្ជូនទំនិញ ឬធ្វើការណែនាំឱ្យអ្នកបើកបររថយន្តធុនធ្ងន់របស់ខ្លួន ឱ្យអនុវត្តយ៉ាងត្រឹមត្រូវ និងម៉ឺងម៉ាត់តាមបទប្បញ្ញតិ្តដូចមានចែងក្នុងមាត្រ២៦ នៃច្បាប់ស្តីពីផ្លូវថ្នល់ ដើម្បីធានា ការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន និងសំណង់សិល្បការ្យផ្លូវថ្នល់ឱ្យបានរ៉ឹងមាំ ស្ថិតស្ថេរ គង់វង្ស និងធន់ជាប់តាមអាយុកាលបច្ចេកទេសសាងសង់ ព្រមទាំងចូលរួមចំណែកកាត់បន្ថយថវិការជាតិ ក្នុងការជួសជុលថែទាំផ្លូវថ្នល់ ៕

ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ – DPWT

Share This Post: