រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីពេលវេលា និងទីតាំង ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋានជូនកុមារអាយុចាប់ពី ៣ឆ្នាំ ដល់ក្រោម ៥ឆ្នាំ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន ជូនកុមារ ដែលមានអាយុចាប់ពី ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលជាមាតាបិតា-អាពាព្យាបាលទាំងអស់ឲ្យបានជ្រាបថា យុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ-យុវវ័យ ដែលមានអាយុវចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ និងកុមារដែលអាយុចាប់ពី ០៥ឆ្នាំ ដល់ក្រោម ១២ឆ្នាំ សម្រេចបាន ១០០% នៃផែនការកំណត់ ហើយកំពុងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ “ដូសទី៣ ឬដូសជំរុញ” ជូនកុមារ-យុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញផងដែរ។
ក្នុងន័យនេះ និងដោយទទួលបានការប្រគល់ភារកិច្ចពីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ក្នុងនាមអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ នឹងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន ជូនកុមារ ដែលមានអាយុចាប់ពី ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់ដូសទី១ ចាប់ផ្ដើមពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ និងសម្រាប់ដូសទី២ ចាប់ផ្ដើមពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ រៀងរាល់ម៉ោង ០៨៖០០នាទីព្រឹក ដល់ម៉ោង ១៧៖០០នាទីរសៀល ដែលគម្លាតរវាងដូសទី១ និងដូសទី២ មានរយៈពេល ២៨ថ្ងៃ តាមរយៈការអញ្ជើញ និងទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ដែលមានទីតាំងដែលបានកំណត់ជូនក្នុងឧបសម្ព័ន្ធសេចក្ដីជូនដំណឹងនេះ ៕
សូមអាចសេចក្ដីជូនដំណឹងលម្អិតរបស់ រដ្ឋបាលរាជធានីភ្នំពេញ ខាងក្រោម៖



