ក្រសួងអប់រំ ណែនាំដល់មន្ត្រីអប់រំបម្រើការនៅតាមអង្គភាពថ្នាក់ជាតិ រាជធានី ខេត្ត បង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ អូមីក្រុង
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្ដីណែនាំ ស្ដីពី វិធានការសម្រាប់មន្ត្រីអប់រំ បម្រើការនៅតាមអង្គភាពថ្នាក់ជាតិ និងរាជធានីភ្នំពេញ ខេត្ត ក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង។

ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ក្រសួងអប់រំ យុវជន និងកីឡា សូមណែនាំដល់មន្ត្រីអប់រំបម្រើការនៅតាមអង្គភាពថ្នាក់ជាតិ រាជធានី ខេត្ត ទាំងអស់ដូចខាងក្រោម៖
-បន្តរឹតបន្តឹងការប្រុងប្រយ័ត្ន និងពង្រឹងការអនុវត្តវិធានការ”៣ការពារ និង៣កុំ” ឲ្យបានម៉ឺងម៉ាត់
-បុគ្គលិកអប់រំ ដែលបានចេញទៅបំពេញបេសកកម្មនៅតាមរាជធានី ខេត្ត ឬធ្វើដំណើរទៅកន្លែងណាដែលមានហានិភ័យ ត្រូវធ្វើតេស្ត Rapid Test មុននឹងត្រឡប់មកកន្លែងបម្រើការងារវិញ។
-លើកទឹកចិត្តឲ្យរៀបចំសកម្មភាពជួបជុំ សកម្មភាពបណ្ដុះបណ្ដាល ឬសិក្ខាសាលា ដែលមានការចូលរួមក្នុងចំនួនតិច ឬត្រូវរៀបចំតាមប្រព័ន្ធអនឡាញ។
-បន្តដាក់ឆ្លងឯកសារ និងបែងចែកឯកសារ តាមប្រព័ន្ធឌីជីថល ដូចជា Telegram, Whatsapp…
-អង្គភាពថ្នាក់ជាតិទាំងអស់ ត្រូវតាមដាន និងរាយការណ៍ជាប្រចាំអំពី ស្ថានភាពសុខាភាពរបស់មន្ត្រី។
-មន្ត្រីអប់រំទាំងអស់ត្រូវពាក់ម៉ាស់ការពារ ឲ្យបានជាប់លាប់ គ្រប់ពេលចេញចូល និងបំពេញការងារ
-ត្រូវរក្សាអនាម័យ ដោយលាងដៃនឹងសាប៊ូ ឬទឹកអាល់កុលជាប្រចាំ។
-គ្រប់ច្រកចេញ-ចូល ត្រូវកំណត់ឲ្យមានការវាស់កម្ដៅ និងពាក់ម៉ាស់ជាប្រចាំ ក្នុងករណីមិនអនុវត្តតាម មិនត្រូវអនុញ្ញាតឲ្យចូលក្នុងបវេណ ជាដាច់ខាត។
-ករណីមានការសង្ស័យ ឬសភាពមិនប្រក្រតី ដែលជារោគសញ្ញានៃជំងឺកូវីដ-១៩ ត្រូវរាយការណ៍ ឬទូរស័ព្ទទៅលេខ ១១៥ ជាបន្ទាន់ ៕

ប្រភព៖ MoEYS Cambodia