ព័ត៌មានជាតិ
ក្រុមការងារចម្រុះ ត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសរកឃើញចំនួន ៧គ្រឿង តាមដងផ្លូវជាតិលេខ៦ នៅក្នុងស្រុកប្រាសាទបាគង
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា ថ្ងៃសុក្រ ២រោច ខែ មាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹង ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមការងារចម្រុះចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សហការជាមួយនគរបាលចរាចរណ៍ សមត្ថកិច្ចប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការនគរបាលខេត្ដសៀមរាប កម្លាំងកងរាជអាវុធហត្ថ(អ.ហ) និងមន្ត្រីជំនាញមូលដ្ឋាន ដឹកនាំដោយ លោក ពិន ប្រាកដ អភិបាលរងខេត្ត និងមានការចូលរួមពីលោក ជួត ច័ន្ទតារា អនុប្រធានមន្ទីរសក.ដជ សរ ទទួលបន្ទុក បានចុះអនុវត្តការងារជាប្រចាំតាមដងផ្លូវជាតិលេខ៦ នៅភូមិរលួសលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ក្រុមការងារចម្រុះចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសបានត្រួតពិនិត្យយានយន្តសរុបចំនួន ៧២គ្រឿង យានយន្តត្រឹមត្រូវចំនួន ៦៥គ្រឿង យានយន្តខុសលក្ខណៈបច្ចេកទេសចំនួន ០៧គ្រឿង ដោយបានដោះរានតក្រោយរថយន្តចំនួន ០១គ្រឿង ដោះភ្លើងបំពាក់រថយន្តខុសលក្ខណៈបច្ចេកទេសចំនួន ០១គ្រឿង ពិន័យម្ចាស់រថយន្តមិនយកឯកសារមកចំនួន ០១នាក់ (០១គ្រឿង) បានពិន័យម្ចាស់រថយន្តទៅលើឈៀកផុតសុពលភាពចំនួន ០១នាក់(០១គ្រឿង) បានពិន័យម្ចាស់រថយន្តទៅលើអាជីវកម្មផុតសុពលភាពចំនួន ០១នាក់(០១គ្រឿង) និងបានពិន័យអ្នកបើកបររថយន្តមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពចំនួន ០១នាក់(០១គ្រឿង) ត្រួតពិនិត្យរកសារធាតុញៀនសរុបចំនួន ១៦នាក់ មានសារធាតុញៀនក្នុងខ្លួនចំនួន ០១នាក់(អ្នកបើកបរ ០១នាក់ )។
ជាមួយគ្នានោះដែរក្រុមការងារ ក៏បានចែកខិត្តប័ណ្ណអប់រំផ្សព្វផ្សាយ មានដូចជា សៀវភៅអ្វីដែលអ្នកបើកបរម៉ូតូត្រូវយល់ដឹង ៣០ក្បាល ឯកសារជំនួយស្មារតីអ្នកបើកបរ ៣០សន្លឹក និងសៀវភៅច្បាប់ចរាចរណ៍ផ្លូវគោក ៣០ក្បាល ៕











ប្រភព៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Hall
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យអាជ្ញាធរគ្រប់រាជធានីខេត្តទាំងអស់ ត្រូវចុះដោះស្រាយជូនដល់ បងប្អូនកម្មករ-កម្មការិនីជាបន្ទាន់ នៅពេលដែលពួកគាត់មានបញ្ហាអ្វីមួយជាមួយរោងចក្រ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឱ្យអាជ្ញាធរគ្រប់រាជធានី ខេត្តទាំងអស់ត្រូវចុះដោះស្រាយជូនដល់បងប្អូនកម្មករ-កម្មការិនីជាបន្ទាន់ នៅពេលដែលពួកគាត់ មានបញ្ហាអ្វីមួយជាមួយរោងចក្រ ហើយសូមកុំបណ្តោយឱ្យពួកគាត់ឈានដល់កាលឡើងតុលាការ ដែលនាំឱ្យខាតបង់ពេលវេលានិងថវិកា។

ថ្លែងនៅក្នុងពិធីសំណេះសំណាល ជាមួយកម្មករ និយោជិតសរុបជិត ២ ម៉ឺននាក់ នៅក្នុងសួនឧស្សាហកម្ម ខេមតុន (CAM TON INDUSTRIAL PARK ) ក្នុងស្រុកពញាឮ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា យន្តការរបស់អាជ្ញាធររាជធានីខេត្ត ក្នុងការចុះដោយស្រាយទំនាស់រវាងកម្មករ និង ថៅកែរោងចក្រនៅនឹងកន្លែងបានទាន់ពេលវេលា គឺមានភាពល្អប្រសើរ ក្នុងគោលដៅធ្វើយ៉ាងណាឱ្យកម្មករ និងថៅកែរោងចក្រទទួលបានផលប្រយោជន៍ស្មើគ្នា ជាជាងឈានទៅដល់តុលាការ ដែលនាំខាតបង់ពេល វេលា និងថវិកា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា អាជ្ញាធរខេត្តត្រូវសហការជាមួយមន្ទីរការងារ ឱ្យបានល្អ ប្រសើរ ក្នុងការដោះស្រាយបញ្ហាជាមួយកម្មករ ពីព្រោះសិទ្ធិកម្មករ ត្រូវបានធានាចំពោះមុខច្បាប់ស្តីពី ការងារ ហើយកម្មករនិងថៅកែរោងចក្រត្រូវតែអនុវត្តច្បាប់ការងារឱ្យបានល្អ នៅពេលដែលមានវិវាទ ណាមួយកើតឡើង ត្រូវតែបានដោះស្រាយជាមួយគ្នាដោយសន្តិវិធី ជាមួយសហជីព អាជ្ញាធរ ថៅកែ រោងចក្រនិងកម្មករជាមួយគ្នាចៀសវាងចិញ្ចឹមទំនាស់។
«ខិតខំដោះស្រាយបញ្ហាការមិនចុះសម្រុងណាមួយរវាងកម្មករជាមួយនឹងម្ចាស់រោងចក្រឱ្យបានលឿនបំផុតកុំរង់ចាំតែក្រសួងការងារគឺអស់លោកចៅហ្វាយខេត្តហ្នឹងត្រូវតែនាំមុខប្រគល់ឱ្យអនុខេត្តណា មួយធ្វើតាមដានរឿងហ្នឹងឱ្យជាប់ជាមួយមន្ទីរកាងាររួចហើយពេល ឃើញថាសំណុំរឿងហ្នឹងវាត្រូវធ្វើការរហ័ស ត្រូវអញ្ជើញថៅកែរោងចក្រមកនិយាយដោយស្ងាត់ស្ងៀមនិងអញ្ជើញកម្មករជួបគ្នាដើម្បីដោះស្រាយ មានតែវិធីហ្នឹងទេកុំឡើងតុលាការរឿងរ៉ាវវែងឆ្ងាយណាស់ អ៊ីចឹងកម្មករថៅកែយកចិត្តទុកដាក់ចំពោះកម្មករ កម្មការិនី មានសុខភាពធ្វើការល្អ គឺការបានទិន្នផលល្អសម្រាប់រោងចក្រ វាការបំពេញឱ្យគ្នាទៅវិញទៅមក អ៊ីចឹងយើងចាត់ទុកថាម្ចាស់រោងចក្រត្រូវចាត់ទុកកម្មករជាគូជីវិត ឯកម្មករកម្មការិនីក៏ត្រូវចាត់ទុក ម្ចាស់រោងចក្រក៏ជាគូជីវិតដែរ ពីព្រោះបើអត់រោងចក្រក្មួយៗក៏អត់ការងារដែរ ដល់ទៅថៅកែ បើមានតែ រោងចក្រ តែអត់កម្មករគឺជាម្ចាស់ឃ្លាំងតើ»៕


ប្រភព៖ ក្រសួងព័ត៌មាន
ព័ត៌មានជាតិ
ឃាត់ខ្លួនក្រុមថតវីដេអូមានទាំងវត្តមានរបស់លោកគ្រូ អ៊ួន សារ៉ាត់ ក្រោយបង្កើតវីដេអូជួលក្មេងៗបង្ហោះម៉ូតូ ដើម្បីថតទាក់ទាញចំណាប់អារម្មណ៍ ឱ្យមានគេខ្លាចប្រជាជនខេត្តតាកែវ
ខេត្តតាកែវ៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលស្រុកបាទី បានឱ្យដឹងថា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៣ និង ២០នាទី មានករណីញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ កើតឡើងត្រង់ចំណុចតំបន់សួនអភិរក្ស និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ស្ថិតនៅភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យចំនួន ០៣នាក់។

១/.ឈ្មោះ អ៊ួន សារ៉ាត់ ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(ឃាត់ខ្លួន)
២/.ឈ្មោះ ឃុន ណាគង់ ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)
៣/.ឈ្មោះ ប៊ុន ឆានុន ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។
ដោយមុនពេលកើតហេតុជនសង្ស័យទាំង ០៣ នាក់ ខាងលើជាក្រុមការងារថតវីដេអូបង្ហោះក្នុងបណ្តាញសង្គមហ្វេកប៊ុកដែលមានគណនីហ្វេកប៊ុកផេកមានឈ្មោះថា OURN SARATH (អ៊ួន សារ៉ាត់) ជាគណនីហ្វេកប៊ុកផេករបស់ឈ្មោះ អ៊ួន សារ៉ាត់ បានមកលេងនៅតំបន់សួនអភិរក្ស និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ហើយបានថតវីដេអូបង្ហោះនៅលើបណ្តាញសង្គមហ្វេកប៊ុកផេកមានឈ្មោះថា Ourn Sarath (អ៊ួន សារ៉ាត់) ដែលមានចំណងជើងថា សាងមិចបានអញ្ចឹង។
វីដេអូអប់រំ ប៉ុន្តែចំពោះខាងក្នុងវីដេអូដែលបង្ហោះនៅលើបណ្តាញសង្គមហ្វេកប៊ុកផេក គឺមិនមានខ្លឹមសារអប់រំដូចចំណងជើងដែលបានបង្ហោះនៅលើនៅលើបណ្តាញសង្គមហ្វេកប៊ុកផេកឡើយ ដែលនៅក្នុងវីដេអូនោះមានចេតនាក្នុងភាពញុះញង់ដែលបង្កឲ្យមហាជនមានការយល់ច្រឡំ និងខ្លាចប្រជាជនខេត្តតាកែវ។
ដោយមានការចង្អុលបង្ហាញ ពី លោកឧត្តមសនីយ៍ទោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១៣ និង ០០ នាទី ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីវរសេនីយ៍ឯក ឆាយ កែវមុន្នី កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកបាទី បានកោះហៅជនសង្ស័យទាំង ៣នាក់ខាងលើ រួមមាន៖
ទី១.ឈ្មោះ អ៊ួន សារ៉ាត់ ភេទប្រុស អាយុ ៤០ឆ្នាំ
ទី២.ឈ្មោះ ឃុន ណាគង់ ភេទប្រុស អាយុ ៣៥ឆ្នាំ
ទី៣.ឈ្មោះ ប៊ុន ឆានុន ភេទប្រុស អាយុ ២៣ឆ្នាំ មកអធិការដ្ឋាននគបាលស្រុកបាទីដើម្បីសាកសួរ និង កសាងសំណុំរឿងតាមនីតិវិធី។
សូមជម្រាបជូនថា អធិការដ្ឋាននគបាលស្រុកបាទី សម្រេចដោះលែងឱ្យមានសេរីភាពវិញ បន្ទាប់ពីក្រុមអ្នកថតវីដេអូទាំង ៣នាក់នោះ បានធ្វើវីឌីអូសុំអភ័យទោសបងប្អូនប្រជាពលរដ្ឋជាសាធារណៈ ៕ ទស្សនាវីដេអូដូចខាងក្រោម៖











ប្រភព៖ អធិការដ្ឋាននគរបាលស្រុកបាទី