រដ្ឋបាលរាជធានីភ្នំពេញ បន្តអនុវត្តវិធានការច្បាប់លើក្រុមបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ ដែលចចេសរឹងរូស មិនព្រមមកយកសំណាកតាមការណែនាំ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការអនុវត្តវិធានការច្បាប់លើក្រុមបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៏ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២។

រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យជ្រាបថា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៏ បានធ្វើការប្រមូលផ្តុំគ្នាយ៉ាងអាណាធិបតេយ្យនៅតាមទីសាធារណៈ ផ្ទុយពីវិធានសុខាភិបាល ក៏ដូចជាមិនអនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញដោយ ហេតុនេះ អាជ្ញាធរមានសមត្ថកិច្ចគ្មានជម្រើសអ្វីក្រៅពីអនុវត្តវិធានការរដ្ឋបាល ដោយបានអញ្ជើញក្រុមបាតុករទាំងអស់ចំនួន ៦៤នាក់ នៅមជ្ឈមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ ដើម្បីបន្តផ្ទៀងផ្ទាត់ពិនិត្យរកឈ្មោះបាតុករដែលមិនទាន់បានយកសំណាកលើកទី២ ទៅបន្តធ្វើតេស្តស្វែងរកវីរុសកូវីដ១៩ ជាលទ្ធផលមានបាតុករចំនួន ០២នាក់ ត្រូវបានរកឃើញថាមានវិជ្ជមានវីរុសកូវីដ១៩។
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជូនអ្នកវិជ្ជមានទាំងពីរនាក់នោះទៅមណ្ឌលព្យាបាល ដោយបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់ការធ្វើសកម្មភាពខុសច្បាប់បន្តទៀត ព្រមទាំងបានអនុញ្ញាតឱ្យអ្នកដទៃទៀតត្រឡប់ទៅលំនៅឋានរៀងៗខ្លួនវិញដើម្បីបន្តការតាមដានសុខភាព និងធ្វើចត្តាឡីស័កតាមវិធានសុខាភិបាលឱ្យបានត្រឹមត្រូវ។
ទោះបីជារដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវយ៉ាងទទូចដល់ក្រុមបាតុករឱ្យបញ្ឈប់ការធ្វើសកម្មភាពខុសច្បាប់យ៉ាងណាក៏ដោយ ក៏ក្រុមបាតុករទាំងនេះនៅតែបំពានធ្វើសកម្មភាពបាតុកម្មខុសច្បាប់ក្រោមលេសធ្វើកូដកម្មដោះស្រាយវិវាទការងារ ដោយប្រកាសបង្ហាញឆន្ទៈយ៉ាងជំហរ កៀរគរតាមរយៈបណ្តាញសង្គម និងមធ្យោបាយផ្សេងៗទៀត ឱ្យមកចូលរួមប្រមូលផ្តុំគ្នាដោយមិនខ្វល់ពីវិធានសុខាភិបាលនៅពេលដែលការឆ្លងរាលដាលជំងឺកូវីដ១៩ ប្រភេទបំប្លែងថ្មី អូមក្រុង ក្នុងសហគមន៍ ដែលមានអត្រាឆ្លងដល់លេខបីខ្ទង់។ ជាក់ស្តែងនៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រុមបាតុករចំនួន ៣៩នាក់ បានធ្វើការប្រមូលផ្តុំគ្នាជាបន្តបន្ទាប់នៅតាមបណ្តោយវិថីសុធារស មុខសាកលវិទ្យាល័យបៀលប្រាយ។
ឆ្លើយតបទៅនឹងសកម្មភាពរបស់ក្រុមបាតុករដែលមានចរិតចចេសរឹងរូស នៅតែបន្តប្រមូលផ្តុំធ្វើបាតុកម្មដែលមិនអនុវត្តតាមវិធានសុខាភិបាលបែបនេះ រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជូនក្រុមបាតុករទាំង៣៩នាក់ ទៅមណ្ឌចត្តាឡីស័ករាជធានីភ្នំពេញ ដើម្បីបន្តផ្ទៀងផ្ទាត់ពិនិត្យរកឈ្មោះបាតុករដែលមិនទាន់បានយកសំណាកលើកទី២ ទៅបន្តធ្វើតេស្តរកវីរុសកូវីដ១៩ និងណែនាំដល់បាតុករដែលបានប៉ះពាល់គ្នាធ្វើតេស្តជាបន្តបន្ទាប់តាមវិធានសុខាភិបាល ព្រមទាំងសម្រេចចិត្តលែងធ្វើការអប់រំតទៅទៀត ហើយអនុវត្តវិធានការច្បាប់ដោយពិន័យអន្តរការណ៍ជាប្រាក់ចាប់ពី ១លាន ដល់ ៥លានរៀល ស្របតាមអនុក្រឹត្យលេខ ២៧ អនក្រ.បកចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីវិធានការចត្តាឡីស័កដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដើម្បីឱ្យមានការរាងចាល ៕


ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ