ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អរគុណមិត្តជប៉ុន! ជប៉ុនផ្តល់ថវិកាជិត២លានដុល្លារ សម្រាប់ការបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះនៅកម្ពុជា

    BY Khmernote Media February 24, 2022
    អរគុណមិត្តជប៉ុន! ជប៉ុនផ្តល់ថវិកាជិត២លានដុល្លារ សម្រាប់ការបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះនៅកម្ពុជា

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបជាង ១លាន ៧៩ម៉ឺនដុល្លារអាមេរិក សម្រាប់ការលើកកម្ពស់ ការអភិវឌ្ឍន៍សហគមន៍នៅកម្ពុជា តាមរយៈការបោសសម្អាតគ្រាប់បែកចង្កោម គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។

    ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ថវិកាទាំងនេះ ស្ថិតក្រោមគ្រោងការណ៍ ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន ដែលក្នុងនោះ ផ្តល់ដល់អង្គការសកម្មភាពកំចាត់មីនជប៉ុន ហៅកាត់ JMAS ក្នុងទឹកប្រាក់ជាង៩០ម៉ឺនដុល្លារ ដើម្បីធ្វើការងារជាមួយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ CMAC លើការ បោសសម្អាតតំបន់ដែលមានគ្រាប់បែកចង្កោម គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅក្នុងខេត្តស្ទឹងត្រែង ចំនួន៤៧០ហិកតា ព្រមទាំងផ្ទេរវិធីសាស្ត្រដែលមានប្រសិទ្ធភាព និងសុវត្ថិភាព ក្នុងការបោសសម្អាតគ្រាប់បែកចង្កោម ទៅមជ្ឈមណ្ឌលCMAC។ គម្រោងនេះ ក៏នឹងផ្តល់ការអប់រំអំពីការចៀសវាងពីហានិភ័យនៃគ្រាប់មីន ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។ លើសពីនេះ អ្នកជំនាញកសិកម្ម នឹងបណ្តុះបណ្តាលកសិករអំពីការគ្រប់គ្រង និងបច្ចេកវិទ្យាកសិកម្ម ។

    ចំណែកថវិកាប្រមាណជិត៩០ម៉ឺនដុល្លារទៀត នឹងត្រូវប្រើសម្រាប់ការបោសសម្អាតគ្រាប់បែកចង្កោម គ្រាប់មីន និងយុទ្ធភណ្ឌ មិនទាន់ផ្ទុះ នៅក្នុងខេត្តបន្ទាយមានជ័យ ដែលត្រូវបានប៉ាន់ប្រមាណថា មាននៅក្នុងដីចំនួន២៥០ហិកតា ព្រមទាំងផ្ទេរ វិធីសាស្ត្រដែលមានប្រសិទ្ធភាព និងសុវត្ថិភាព ក្នុងការបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ទៅមជ្ឈមណ្ឌល CMAC។ គម្រោងនេះ ក៏នឹងផ្តល់ការអប់រំអំពីការចៀសវាងពីហានិភ័យនៃគ្រាប់មីន ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងគាំទ្រកសិករ តាមរយៈ ការបង្រៀនបច្ចេកទេសដាំដុះស្រូវ និងការបង្កើតកសិដ្ឋានគំរូនៅលើទីតាំងដីដែលបោសសម្អាតមីនរួចរាល់។

    រដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមហិរញ្ញប្បទានឥតសំណង សម្រាប់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ចាប់តាំងពីឆ្នាំ២០០២ ដោយរហូត មកដល់ពេលនេះ មានជាង១៤០គម្រោង ក្នុងទឹកប្រាក់ជាង៤៦,៦លានដុល្លារ សម្រាប់ការលើកកម្ពស់គុណភាពជីវភាពរស់នៅ របស់ប្រជាជនកម្ពុជា ដោយផ្ដោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម និង សកម្មភាពបោសសម្អាតមីន៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: