អគ្គនាយកដ្ឋានគយ កែសម្រួលវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ពាក់ព័ន្ធនឹងការនាំចូលសាច់បង្កក និងទំនិញបង្កកផ្សេងទៀតចូលមកកម្ពុជា
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្ដី ស្ដីពីការកែសម្រួលវិធានការក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ពាក់ព័ន្ធនឹងការនាំចូលសាច់បង្កក និងទំនិញបង្កកផ្សេងទៀតចូលមកព្រះរាជាណាចក្រកម្ពុជា។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយសង្កេតឃើញស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាពិសេសវីរុសប្រភេទ Delta នៅតាមបណ្ដាប្រទេសប្រភពនាំចូលសាច់បង្កក និងទំនិញបង្កកផ្សេងទៀតចូលមកកម្ពុជាមានភាពធូរស្រាល ស្របពេលដែលស្ថានភាពការរីករាលដាលនៃវីរុសប្រភេទបំប្លែងថ្មី Omicron ស្ថិតក្នុងស្ថានភាពអាចគ្រប់គ្រងបាន ហើយលទ្ធផលនៃការធ្វើតេស្តលើសាច់បង្កកនាពេលកន្លងមកពុំឃើញមានវត្តមានវីរុសកូវីដ-១៩ ទៀតនោះទេ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រេចលើកលែង “ការតម្រូវឲ្យមានវិញ្ញាបនបត្រ ឬលិខិតបញ្ជាក់ថា គ្មានវីរុសកូវីដ-១៩ ចេញដោយអាជ្ញាធរមានសមត្ថកិច្ចនាំចេញ” ដូចមានចែងក្នុងចំណុច ២.នៃលិខិតលេខ ២២៩៩/២១ អគរ ដូចយោងខាងលើ។
ដោយឡែកចំពោះមុខទំនិញត្រជាក់ និងទំនិញបង្កកនាំចូលពីប្រទេសជិតខាង មន្ត្រីគយ និងរដ្ឋាករមានសមត្ថកិច្ចត្រូវបន្តអនុវត្តវិធានការអនាម័យ និងវិធានការសុខាភិបាលឲ្យបានហ្មត់ចត់ ដោយបាញ់ថ្នាំសម្លាប់មេរោគលើសំបកវេចខ្ចប់ និងមធ្យោបាយដឹកជញ្ជូនទំនិញ ៕

ប្រភព៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា General Department of Customs and Excise