ប្រធាន គ.វ.ក-១៩ ៖ យើងមិនអាចលុបបំបាត់អូមីក្រុងបានទេ តែយើងអាចកាត់បន្ថយល្បឿននៃការចម្លងបាន
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា ថ្លែងក្នុងន័យដាស់តឿន និងក្រើនរម្លឹក លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (គ.វ.ក១៩) ក្នុងក្របខណ្ឌទូទាំងប្រទេស កាលពីពេលថ្មីៗនេះបានបញ្ជាក់ថា ខណៈស្ថានភាពបច្ចុប្បន្ននេះ យើងមិនអាចលុបបំបាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ ប្រភេទអូមីក្រុងទាំងស្រុងបាននោះទេ ព្រោះវាបានរាលដាលនៅក្នុងសហគមន៍រស់នៅទូទាំងប្រទេសទៅហើយ ប៉ុន្តែយើងអាចកាត់បន្ថយការចម្លងវីរុសនេះបានឱ្យស្ថិតនៅក្នុងកម្រិតអប្បបរមាបាន តាមរយៈការអនុវត្តឱ្យបានខ្ជាប់ខ្ជូននូវវិធានការ ០៣ការពារ និង០៣កុំ រួមជាមួយនឹងការចាក់វ៉ាក់សាំងដើម្បីបង្ការការវាយលុកធ្ងន់ធ្ងរលើសុខភាពពីវីរុសនេះ។

លោកជំទាវ បានគូសបញ្ជាក់បន្ថែមថា ៖ “គិតត្រឹមថ្ងៃម្សិលមិញ វីរុសកូវីដ-១៩ ប្រភេទអូមីក្រុងនេះ បានឆ្លងរាលដាលជាងប្រាំពីរពាន់ករណីហើយៗតួលេខដែលក្រសួងសុខាភិបាលចេញផ្សាយកន្លងមកនេះ គឺជាតួលេខដែលចេញដោយម៉ាស៊ីនធំ (PCR) ដូច្នេះយើងដឹងហើយថា ពេលបងប្អូនយើងមួយចំនួនបានធ្វើតេស្តរហ័ស ហើយមានវិជ្ជមានវីរុសកូវីដ-១៩ ពួកគាត់ក៏បានធ្វើការព្យាបាលនៅតាមផ្ទះតែម្តង។ មានន័យថាតួលេខឆ្លងប្រចាំថ្ងៃ អាចនឹងច្រើនជាងនេះ ហើយយើងក៏មិនអាចលុបបំបាត់បានដែរ គឺមានតែបន្ថយល្បឿននៃការឆ្លងប៉ុណ្ណោះ”។
លោកជំទាវ បានបន្ថែមថា ទាំងនេះគឺជាការព្រួយបារម្ភមួយដែរ បើសិនជាយើងទាំងអស់គ្នាមិនខិតខំបន្តអនុវត្តវិធានការការពារខ្លួនទេនោះ តួលេខឆ្លងអូមីក្រុងសរុបចំនួនបួនខ្ទង់ ដែលមានជាងប្រាំពីរពាន់ករណីហើយនេះ នឹងកើនឡើងជាបន្តបន្ទាប់ទៀត ហើយនឹងអាចឈានទៅដល់៥ខ្ទង់ ក្នុងពេលឆាប់ៗខាងមុខនេះ។ ដូចនេះគឺមានតែការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋនោះទេ ទើបអាចកាត់បន្ថយបាន ហើយជាពិសេសនោះគឺត្រូវបន្តអញ្ជើញទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ទៅតាមទីតាំងដែលនៅជិតមូលដ្ឋានរស់នៅ ដែលមានទាំងការចាក់វ៉ាក់សាំងសម្រាប់ដូសទី១ ដូសទី២ ដូសទី៣ និងដូសទី៤ (ដូសទី៤ ត្រូវចាក់នៅរាជធានីភ្នំពេញ)។
ជាមួយគ្នានេះការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ និងការព្យាបាលនៅតាមផ្ទះ ក៏ត្រូវបានលើកទឹកចិត្តផងដែរដើម្បីឱ្យបងប្អូនចេះថែទាំងសុខភាពខ្លួនឯង ហើយការធ្វើតេស្តរហ័សនេះដើម្បីយើងដឹងបានលឿន ការពារបានលឿន ជាពិសេសមនុស្សនៅក្នុងក្រុមគ្រួសារ និងទទួលបានការព្យាបាលត្រឹមត្រូវតាមរយៈការប្រឹក្សាជាមួយក្រុមគ្រូពេទ្យរបស់ក្រសួងសុខាភិបាលផងដែរ។ ប៉ុន្តែ លោកជំទាវ ឱ វណ្ណឌីន បានសង្កត់ធ្ងន់ថា ៖ “ក្នុងករណីដែលបងប្អូនវិជ្ជមាន ហើយព្យាបាលនៅផ្ទះនោះ បើសិនជាមិនមានរោគសញ្ញា ឬមានរោគសញ្ញាតិចតួច គឺបងប្អូនអាចញ៉ាំថ្នាំតាមការណែនាំរបស់ក្រសួងសុខាភិបាលដែលធ្លាប់បានចេញផ្សាយកន្លងមកហើយ ប៉ុន្តែក្នុងករណីមានសញ្ញានៃការថប់ដង្ហើម ឬពិបាកដកដង្ហើម នេះជាសញ្ញាមួយដែលបងប្អូនមិនត្រូវធ្វេសប្រហែស និងសំងំព្យាបាលនៅផ្ទះជាដាច់ខាត គឺត្រូវទៅមន្ទីរពេទ្យជាបន្ទាន់ ដើម្បីទទួលការពិនិត្យ និងព្យាបាល”។
ក្នុងឱកាសនោះ លោកជំទាវក៏បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវកាត់បន្ថយឱ្យបានខ្លាំងបំផុត នូវការជួបជុំ ឬទៅកន្លែងដែលមានការប្រមូលផ្តុំគ្នាច្រើន និងកន្លែងដែលបិទជិតមិនសូវមានខ្យល់ចេញចូល ព្រោះថាសកម្មភាព និងការធ្វើដំណើរទៅទីតាំងទាំងអស់នេះគឺជាប្រភពនៃហានិភ័យខ្ពស់ក្នុងការឆ្លង ឬចម្លងវីរុសកូវីដ-១៩៕

ប្រភព៖ ក្រសួងព័ត៌មាន