កូវីដ-១៩

ប្រទេសចិនប្រកាសបិទខ្ទប់ទីក្រុងសៀងហៃជា ២ ដំណាក់កាល និងដាក់ការធ្វើតេស្ដទ្រង់ទ្រាយធំមួយ បន្ទាប់ពីមានការកើនឡើងខ្លាំងនៃករណីជំងឺកូវីដ១៩

BY
autoadmin
March 28, 2022

ប្រទេសចិនបានប្រកាសពីការបិទខ្ទប់ទីក្រុងសៀងហៃជា ២ ដំណាក់កាល ក្នុងរយៈពេល ៩ ថ្ងៃ ខណៈដែលអាជ្ញាធរកំពុងអនុវត្តការធ្វើតេស្តជំងឺជាទ្រង់ទ្រាយមួយ បន្ទាប់ពីមានការកើនឡើងករណីថ្មីៗនៃជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុង។ មជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏សំខាន់នេះ បានប្រយុទ្ធប្រឆាំងនឹងរលកថ្មីនៃការឆ្លងជំងឺ COVID-19 អស់រយៈពេលជិត ១ខែ មកហើយ បើទោះបីជាចំនួនករណីមិនខ្ពស់ ដោយគិតទៅតាមស្តង់ដារអន្តរជាតិក៏ដោយ។ កន្លងមកអាជ្ញាធរបានជំទាស់លើការបិទខ្ទប់ទីក្រុងដែលមានប្រជាជន ២៥ លាននាក់មួយនេះ ដើម្បីជៀសវាងការធ្វើឱ្យសេដ្ឋកិច្ចមានអស្ថិរភាព។ ប៉ុន្តែបន្ទាប់ពីទីក្រុងសៀងហៃបានកត់ត្រាចំនួនករណីខ្ពស់បំផុតប្រចាំថ្ងៃរបស់ខ្លួនកាលពីថ្ងៃសៅរ៍ (២,៦៧៨ ករណី) អាជ្ញាធរហាក់ដូចជាបានផ្លាស់ប្តូររបៀបនៃការទប់ស្កាត់ជំងឺរាតត្បាតនេះវិញ។

ការបិទខ្ទប់នឹងកើតឡើងជា ២ ដំណាក់កាល ដោយផ្នែកខាងកើតនៃទីក្រុងស្ថិតនៅក្រោមការរឹតបន្តឹង ចាប់ពីថ្ងៃច័ន្ទនេះ រហូតដល់ថ្ងៃទី០១ ខែមេសា និងផ្នែកខាងលិចចាប់ពីថ្ងៃទី០១-៥ ខែមេសា ឆ្នាំ២០២២។ អាជ្ញាធរបាននិយាយថា ការដឹកជញ្ជូនសាធារណៈនឹងត្រូវផ្អាក ហើយក្រុមហ៊ុន និងរោងចក្រ ត្រូវតែបញ្ឈប់ប្រតិបត្តិការ ឬធ្វើការពីចម្ងាយ។ រដ្ឋាភិបាលទីក្រុងក៏បានបោះពុម្ពផ្សាយសេចក្តីណែនាំនៅលើគណនី WeChat របស់ខ្លួន ដោយស្នើឱ្យសាធារណជនធ្វើការ «គាំទ្រ យោគយល់ និងសហការជាមួយអាជ្ញាធរ និងគ្រប់គ្រងការរីករាលដាលនៅក្នុងទីក្រុង»។ ការបិទខ្ទប់ផ្សេងទៀតក្នុងអំឡុងពេលជំងឺរាតត្បាត បានប៉ះពាល់ដល់ស្ទើរតែទូទាំងខេត្តរបស់ប្រទេសចិន ទោះបីជាជារឿយៗប្រជាជននៅតែអាចធ្វើដំណើរក្នុងតំបន់ទាំងនោះក៏ដោយ។ ប៉ុន្តែ​សម្រាប់ទីក្រុង​សៀងហៃវិញ វាបានក្លាយជាទីក្រុង​ធំជាងគេ​តែមួយគត់ ដែល​ត្រូវបាន​បិទទ្វារ​គិតរហូតមកដល់​បច្ចុប្បន្ននេះ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: